(+855) 11 909 020 / 69 909 011

តើអ្នកបានដឹងអ្វីខ្លះពីជំងឺរលាកទងសួត? 

តើជំងឺរលាកទងសួតបង្កឡើងដោយសារអ្វី? មានប៉ុន្មានប្រភេទ? ព្យាបាលយ៉ាងដូចម្ដេច? ដើម្បីការពារខ្លួនឯងពីជំងឺរលាកទងសួត និងមិនចង់ឱ្យជំងឺរើឡើងក្នុងករណីយើងធ្លាប់កើតជំងឺរលាកទងសួតរួចម្ដងហើយ តើគួរធ្វើដូចម្ដេច?

១. និយមន័យ 

ជំងឺរលាកទងសួត គឺស្តែងឡើងតាមរយៈការរលាកសាច់ភ្នាស់ទងសួត​ ទាំងទងសួតធំ និងទងសួតតូច។

២. ប្រភេទជំងឺ

ជំងឺរលាកទងសួតមាន ​២ ប្រភេទ​ គឺរលាកទងសួតស្រួចស្រាល និងរលាកទងទងសួតរ៉ាំរៃ។

៣. មូលហេតុបង្ក

ជាធម្មតា សួត របស់យើងមានប្រព័ន្ធការពារពីធម្មជាតិចាប់ពីកន្លើតចុះមកក្រោម ដើម្បីទប់ស្កាត់មេរោគ និងកម្ទេចកម្ទីផ្សេងៗចូលទៅបង្កជំងឺដល់សួត។ ក៏ប៉ុន្តែនៅពេលដែលប្រព័ន្ធការពារចុះខ្សោយ ធ្វើឱ្យមេរោគមានឱកាសជ្រាតចូលទៅបង្កជាប្រតិកម្មបណ្ដាលឱ្យរលាកទងសួត។ 

គេសង្កេតឃើញថា ជារួមមានភ្នាក់ងារបង្កជំងឺរលាកទងសួតមានចំនួន ៤ សំខាន់ៗគឺ៖ 
- វីរុស (ភាគរយច្រើនជាងគេ) 
- បាក់តេរី
- ជំងឺរបេង
- ផ្សិតបង្កហតុ 

តែយ៉ាងណាមិញ  ជំងឺរលាកទងសួតទាំង ២ ប្រភេទ ក៏មានមូលហេតុបង្កផ្សេងៗពីគ្នាដែរ៖
- រលាកទងសួតស្រួចស្រាល ច្រើនបង្កឡើងដោយមេរោគ និងបាក់តេរីកម្រ។
- រលាកទងសួតរ៉ាំរៃ ច្រើនបង្កឡើងដោយសារធាតុពុល ដូចជា ផ្សែងបារី ផ្សែងឡាន ផ្សែងចង្ក្រានបាយ លម្អងធូលីជាដើម។ ហើយក្នុងនោះ មូលហេតុបង្កជំងឺខ្លាំងជាងគេគឺ ផ្សែងបារី មានរហូតដល់ ៩០ %។ ចំពោះស្រ្តី វិញ បើទោះបីជាពួកគាត់មិនសូវជក់បារីក៏ពិតមែន តែផ្សែងចង្រ្កានបាយ អាចធ្វើឱ្យពួកគាត់ងាយប្រឈមជំងឺរលាកទងសួតរ៉ាំរ៉ៃ។ 

៤. កត្តាប្រឈម និងហានិភ័យ 

- ជំងឺរលាកទងសួត ច្រើនកើតឡើងលើកូនក្មេងតូចៗអាយុ ៦ ខែ និងមនុស្សចាប់ពី ៦៥ឆ្នាំឡើងទៅ។ 
- ចំពោះអ្នកជំងឺរ៉ាំរ៉ៃមួយចំនួនដែលមានប្រព័ន្ធការពារចុះខ្សោយ ដូចជា ជំងឺអេដស៍ ជំងឺទឹកនោមផ្អែម ជំងឺមហារីក និងអ្នកជំងឺសន្លាក់ដែលប្រើប្រាស់ថ្នាំយូរអង្វែង ក៏ប្រឈមមុខនឹងការកើតជំងឺរលាកទងសួតផងដែរ ។  

៥. រោគសញ្ញា 

រោគសញ្ញានៃជំងឺរលាកទងសួត បែងចែកទៅតាមសណ្ឋាននៃការរលាកនីមួយៗ ជាក់ស្ដែង៖ 
- រលាកទងសួតស្រួចស្រាល មានរោគសញ្ញាដូចជា ក្តៅ ក្អកស្ងួត ក្អកស្លេស ពិបាកដកដង្ហើម ឈឺណែនដើមទ្រូង។
- រលាកទងសួតរ៉ាំរៃ មានរោគសញ្ញាដូចជា ក្អក ស្លេស​ និងភាពហត់ ហើយរោគសញ្ញានៃច្រើនកើតឡើងនៅពេលព្រឹក ហើយជារៀងរាល់ព្រឹករយៈពេល ៣ ខែក្នុងមួយឆ្នាំ និង ២ ឆ្នាំជាប់គ្នា។ 

៦. ការធ្វើរោគវិនិច្ឆ័យ 

ដើម្បីឱ្យដឹងប្រាកដថា អ្នកជំងឺពិតជាកើតជំងឺរលាកទងសួត ឬអត់ គ្រូពេទ្យនឹងធ្វើរោគវិច្ច័យទៅលើអ្នកជំងឺ ដោយការពិនិត្យ ស្តាប់ផ្ទាល់ និងអាចឈានដល់ការថតសួត។

៧. ផលវិបាក  

ផលវិបាកនៃជំងឺរលាកទងសួត វាផ្អែកលើប្រភេទនៃជំងឺរលាកទងសួតទាំង ២ ប្រភេទ៖ 

- រលាកទងសួតស្រួចស្រាល៖ នៅពេលដែលអ្នកជំងឺផ្ដាស់សាយយូរ និងក្អកខ្លាំង អាចបង្កឱ្យមានរលាកទងសួត ហើយមេរោគនៃជំងឺផ្ដាស់សាយនឹងជ្រាតចូលបង្កជាការរលាកកាន់តែខ្លាំងដល់ទងសួត ហើយកត្តានេះអាចឈានដល់ការរលាកសាច់ទងសួតទៀតផង (ភាសាសាមញ្ញហៅថា ហើមសួត) ហើយអាចវិវឌ្ឍទៅជាអាប់សែ និងមានទឹកក្នុងសួត។ បើសិនមានការយឺតយ៉ាងក្នុងការព្យាបាល អ្នកជំងឺអាចបាត់បង់ជីវិត។

- រលាកទងសួតរ៉ាំរ៉ៃ៖ ផលវិបាកនៃជំងឺរលាកទងសួតរ៉ាំរ៉ៃ វានឹងវិវឌ្ឍទៅជារលាកទងសួតស្រួលស្រាល ក្នុងករណីនេះ អ្នកជំងឺហត់កាន់តែខ្លាំង ខ្វះអុកហ្ស៊ីហ្សែនក្នុងឈាម ហើយបើយឺតយ៉ាវក្នុងការព្យាបាល អ្នកជំងឺអាចខ្សោយសួតរ៉ាំរ៉ៃ ក្រិនសួត និងធ្ងន់ធ្ងរបាត់បង់ជីវិត។

គួរបញ្ជាក់ឡើងវិញថា បើសិនអ្នកជំងឺមិនព្យាបាលជំងឺរលាកទងសួតទាំង ២ ប្រភេទ ឱ្យបានទាន់ពេលវេលាទេ អ្នកជំងឺអាចបាត់បង់ជីវិត។ 

៨. ការព្យាបាល

ដោយហេតុថា ជំងឺរលាកទងសួតមាន ២ ប្រភេទ ដូច្នេះ ការព្យាបាលក៏ធ្វើឡើងខុសៗគ្នា។

ជំងឺរលាកទងសួតស្រួចស្រាល ការព្យាបាលធ្វើឡើងដោយផ្អែកលើរោគសញ្ញា។ ឧទាហរណ៍ ដូចជា បើអ្នកជំងឺក្ដៅខ្លួន គ្រូពេទ្យអាចឱ្យថ្នាំបំបាត់ក្ដៅ, បើអ្នកជំងឺឈឺចាប់ គ្រូពេទ្យអាចឱ្យថ្នាំបំបាត់ឈឺចាប់ ឬបើសង្ស័យថា មានការលាកបន្ថែមដោយសារបាក់តេរី គ្រូពេទ្យអាចឱ្យថ្នាំផ្សះជាដើម។ 

ចំពោះ ជំងឺរលាកទងសួតរ៉ាំរៃ វិញ នៅពេលដែលអ្នកជំងឺធ្វើទុក អ្នកជំងឺដាច់ខាតត្រូវតែមកជួបគ្រូពេទ្យពិនិត្យធ្វើការវាយតម្លៃ ដើម្បីឱ្យប្រាកដថា អ្នកជំងឺពិតជាកើតជំងឺរលាកទងសួតរ៉ាំរ៉ៃមែនឬអត់។ ប្រសិនបើរកឃើញថា អ្នកជំងឺពិតជាកើតជំងឺរលាកទងសួតរ៉ាំរ៉ៃពិតមែន ការព្យាបាលនឹងធ្វើឡើងទៅតាមដំណាក់កាលនីមួយៗរបស់វា។ ការព្យាបាលមាន ៤ ដំណាក់កាលគឺ៖ 

- ដំណាក់កាលទី ១ ៖ បើសារធាតុពុលជាអ្នកបង្កជំងឺរលាកទងសួតរ៉ាំរ៉ៃ ដូចជា ការជក់បារី គ្រូពេទ្យអាចតម្រូវឱ្យអ្នកជំងឺផ្ដាច់ការជក់បារីភ្លាមៗ ហើយជំងឺនឹងមិនវិវឌ្ឍទៅមុខទៀតទេ និងអាចជាសះស្បើយ។ តែយ៉ាងណាមិញ  អ្នកជំងឺគួរតែនៅឱ្យឆ្ងាយពីផ្សេងពុល និងបញ្ឈប់ការជក់បារី ឬបឺតយកផ្សែងពុល ទើបជំងឺមិនរើឡើង។ 

- ដំណាក់កាលទី ២ និង ៣ ៖ ក្នុងដំណាក់កាលនេះ ការព្យាបាលមានកានតែច្រើនឡើងៗ ហើយអាចឈានដល់ការវះកាត់យកថង់ខ្យល់ក្នុងសួតចេញ ដើម្បីឱ្យសួតរត់មកនៅកន្លែងដើមវិញ។ 

- ដំណាក់កាលទី ៣ និង ទី ៤ ៖ ក្នុងដំណាក់កាលធ្ងន់ធ្ងរនេះ ការព្យាបាលនឹងធ្វើឡើងជាប្រចាំ និងប្រើប្រាស់ថ្នាំច្រើនមុខដើម្បីជួយពង្រីកទងសួត កុំឱ្យស្ទះសួត ដើម្បីឱ្យខ្យល់អុកហ្ស៊ីហ្សែនចូលទៅបានគ្រប់គ្រាន់។ ក្នុងដំណាក់ទី ៣ និង ទី ៤នេះផងដែរ អ្នកជំងឺទងសួតក៏អាចនឹងកើតជំងឺផ្សេងៗទៀត ដូចជា បេះដូងរ៉ាំរ៉ៃ ជំងឺខ្វះជាតិសាច់ តម្រងនោម ផ្លូវចិត្ត និងជំងឺផ្សេងៗទៀត ដែលចាំបាច់តម្រូវឱ្យគ្រូពេទ្យព្យាបាលជំងឺទាំងនោះផងដែរ។ 

៩. វិធានការបង្ការ

មានវិធានការចំនួន ៥ ដើម្បីបង្ការខ្លួនអ្នកពីជំងឺរលាកទងសួត និងសម្រាប់អ្នកធ្លាប់កើតជំងឺរលាកទងសួត បើមិនចង់ឱ្យជំងឺរលាកទងសួតរើឡើងវិញ គឺ៖

- បញ្ឈប់ការជក់បារី
- លាងដៃឱ្យបានស្អាតជាប្រចាំ
- ប្រើប្រាស់ឱសថដើម្បីបញ្ចេញជាតិពុល កម្ទេចកម្ទី និងកំអែលចេញពីសួត 
- ចាក់វ៉ាក់ស៊ាំងការពារជំងឺផ្ដាស់សាយ 
- ការពារខ្លួនពីផ្សែង ដូចជា កាត់បន្ថយការប្រើប្រាស់ចង្ក្រានធ្យូង ឬអូស ឬនៅក្រោមផ្សែងបារីជាដើម 

- បកស្រាយដោយ៖ សាស្ត្រាចារ្យមហាបរិញ្ញា វ៉ាន់ មិច នាយកផ្នែកជំងឺសួត នៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត
- កែសម្រួល និងរៀងរៀងដោយ៖ ក្រុមការងារ សុខក្រម (Sokhakrom)