តើហេតុអ្វីបានជាខ្ញុំកើតមុនលើខ្នង? តើក្នុងអំឡុងពេលកើតមុនខ្នង ចំណីអាហារមានឥទ្ធិពលយ៉ាងណាមកលើខ្ញុំ? តើស្លាកស្នាមដែលបន្សល់ពីការព្យាបាលមុនអាចព្យាបាលជាសះស្បើយដែរឬទេ?
១. និយមន័យ
មុននឹងស្គាល់ពីជំងឺមុនលើខ្នង យើងគួរដឹងថាពីជំងឺមុនជាមុនសិន។ ក្នុងស្បែកមានក្រពេញខ្លាញ់ម្យ៉ាងហៅថា Sebaceous Glands ដែលក្រពេញខ្លាញ់នេះជាប្រភពនៃជំងឺមុន បានន័យថា ជំងឺមុន ជាវិបត្តិក្រពេញរបស់ស្បែក។
ជំងឺមុនជាញឹកញាប់កើតឡើងនៅលើផ្ទៃមុខ និងមិនសូវកើតឡើងលើស្មារ ទ្រូង និងខ្នងនោះទេ ដោយសារនៅលើផ្ទៃមុខសម្បូរក្រពេញខ្លាញ់ Sebaceous Glands ច្រើនជាង។ ហេតុនេះហើយ ទើបគេចាត់ទុកថា ទីណាកើតមានវិបត្តិក្រពេញ ទីនោះនឹងកើតជំងឺមុន។
២. រោគសញ្ញា
ជំងឺមុនលើខ្នង យើងអាចកត់សម្គាល់រោគសញ្ញាតាមការមើលឃើញ តែអាចច្រឡំគ្នា ជួនកាលអាចជារោគសញ្ញាមុន អាចជាការរលាកគល់រោម ឬអាចជាមុនដែលមិនមែនកើតឡើងដោយឯកឯងទេ អាចបណ្ដាលមកពីការប្រើប្រាស់ផលិតផល ឬប្រើប្រាស់ថ្នាំ ឱសថ។
៣. ប្រភេទស្បែកកើតមុន
ជាទូទៅ ប្រភេទស្បែកដែលងាយកើតជំងឺមុន គឺជាប្រភេទស្បែកខ្លាញ់ ឬប្រេង នៅពេលដែលមានវិបត្តិក្រពេញខ្លាញ់ ឬក្រពេញខ្លាញ់ធ្វើសកម្មភាពខ្លាំង នឹងបង្កជាជំងឺមុន។ ចំពោះស្បែកស្ងួត មិនងាយកើតជំងឺមុនទេ តែបើកើតវិញ គឺពិបាកក្នុងការព្យាបាល។
៤. មូលហេតុបង្ក
ជំងឺមុនខ្នង កើតឡើងផ្អែកលើមូលហេតុផ្សេងៗពីគ្នាដូចខាងក្រោមនេះ៖
- ការកកិតដោយផ្ទាល់រវាងខ្នងនិងធូលី នេះជាមូលហេតុចម្បងបង្កឱ្យកើតមុនខ្នង ដូចជា ជាងជុលជុលរថយន្ត គេងក្រាលដី គេងហប់ខ្នង
- ការធ្វើពលកម្មខ្លាំងដែលបញ្ចេញញើសច្រើន ដូចជា អ្នកលីសែង
- អាចបណ្ដាលមកពីវិបត្តិក្រពេញ ហប់ខ្នងបែកញើស បូករួមផ្សំទាំងការរំខានពីបាក់តេរីចូលទៅក្នុងស្បែកបង្កឱ្យមានការរលាក។
ដោយសារតែ មូលហេតុបង្កជំងឺមុនខ្នងផ្សេងៗពីគ្នា ទើបមុនខ្លះអាចមានតែគ្រាប់ រីឯមុនខ្លះទៀតអាចមានទាំងគ្រាប់ រលាក ខ្ទុះ និងរលាមជាដើម។
៥. ការព្យាបាល
ការព្យាបាលជំងឺមុនលើខ្នង គឺផ្អែកទៅតាមប្រភព ឬមូលហេតុបង្កជំងឺមុន។ ខាងក្រោមនេះជាការបង្ហាញជូន៖
- ការព្យាបាលជំងឺមុនធម្មតា ៖ គ្រូពេទ្យអាចព្យាបាលជំងឺមុន ដោយតម្រូវឱ្យប្រើសាប៊ូ និងថ្នាំលាប ដែលសាប៊ូនោះជួយដុសលាងសម្អាតមេរោគបាក់តេរីលើស្បែក ជួយកាត់ជាតិខ្លាញ់ ឬប្រេងពីស្បែក និងបន្ទាប់មកត្រូវឱ្យថ្នាំលាប (អាចលាបពេលព្រឹក ឬពេលយប់ ឬលាបទាំងព្រឹកទាំងយប់)។ ដោយឡែក ក្នុងករណីជំងឺមុនមានការរលាក មានខ្ទុះខ្លាំង ការព្យាបាលអាចតម្រូវឱ្យអ្នកជំងឺញ៉ាំថ្នាំផ្សះ។
- ការព្យាបាលករណីរលាកគល់រោម ៖ ក្នុងករណីខ្លះ បើមើលពីសំបកក្រៅ រោគសញ្ញាដូចជាជំងឺមុន តែធាតុពិតវាមិនមែនជាជំងឺមុននោះទេ វាជាការរលាកគល់រោម។ ការព្យាបាលករណីនេះ (រលាកគល់រោម) គ្រូពេទ្យអាចប្រើថ្នាំកម្ចាត់មេរោគបាក់តេរី ឬមេរោគផ្សិត ប្រសិនបើមេរោគជំងឺមុនបង្កឡើងដោយសារបាក់តេរី ឬមេរោគផ្សិត។ ចំពោះករណី ការរលាកគល់រោមដែលបង្កឡើងដោយសារធ្វើខុស ដូចជា ការលាបឡេ ចាក់ថ្នាំ ឬលេបថ្នាំ ក្នុងករណីនេះ ការព្យាបាលមិនសំខាន់ទេ តែចាំបាច់ត្រូវកាត់ផ្ដាច់ប្រភពបង្កការរលាក ដូចជា បើការរលាកបង្កឡើងដោយសារតែការលាបឡេត្រូវបញ្ឈប់ការលាបឡេជាដើម។ គួរបញ្ជាក់ថា ការរលាកគល់រោម ទោះបីជាព្យាបាល ឬមិនព្យាបាល គឺគង់តែបាត់ទៅវិញដោយខ្លួនឯង គ្រាន់តែការព្យាបាល អាចជួយបំបាត់ការរលាកគល់រោមលឿនជាងការទុកឱ្យជាសះស្បើយដោយខ្លួនឯង។
- មានជំងឺមុនខ្នងធ្ងន់ធ្ងរមួយប្រភេទទៀត ដែលមានរាងប៉ោងដូចគ្រាប់ពោត ឡើងផ្លែ។ ជំងឺមុនប្រភេទនេះ ពិបាកក្នុងការព្យាបាល ហើយបើទោះបីជាព្យាបាលជាសះស្បើយ ក៏ខ្នងរបស់អ្នកជំងឺអាចឡើងកំប៉ិកកំពក ឬដែលប្រជាជនខ្មែរនិយមហៅថា ឡើង ផ្លែ។
៦. ការតមអាហារ
ជាទូទៅ ប្រជាពលរដ្ឋភាគច្រើនយល់ច្រឡំថា ចំណីអាហារអាចជាមូលហេតុបង្កឱ្យកើតជំងឺមុន តែធាតុពិត ក្នុងវិស័យវេជ្ជសាស្រ្ត មិនបានកំណត់យ៉ាងដូច្នោះទេ។ គ្រាន់តែអ្នកជំងឺគួរតែកត់សម្គាល់ដោយខ្លួនឯង ជាក់ស្ដែង បើគាត់ញ៉ាំអាហាររសជាតិហិរ ឬផ្អាប់ ឡើងមុនខ្លាំង គាត់គួរតែកាត់បន្ថយដោយខ្លួនឯង។
មិនមានការកំណត់ទៅលើអាហារណាមួយដែលបង្កអោយកើតមុនឡើង និងតម្រូវអោយអ្នកជំងឺតមឡើយ ក្នុងករណីនេះគឺអាស្រ័យទៅលើអ្នកជំងឺវិញ ថាតើគាត់ប្រតិកម្មជាមួយអាហារបែបណា។ ដូច្នេះអ្នកជំងឺត្រូវចាប់អារម្មណ៍ទៅលើរបបអាហារបែបណាដែលបង្កអោយគាត់កើតមុន បើគាត់ញាំហិរ ប្រៃ ឫផ្អែម ធ្វើអោយគាត់ឡើងមុន នោះគាត់គួរបញ្ឃប់ឫបន្ថយហិរ ប្រៃ ឫផ្ងែមនោះ។
៧. ផលវិបាក និងការព្យាបាលស្លាកស្នាមបន្សល់ពីជំងឺមុន
ជាទូទៅ ជំងឺមុនគ្រប់ប្រភេទ និងការរលាកស្បែក បន្ទាប់ពីជាសះស្បើយ តែងមានបន្សល់ស្លាកស្នាម តែការបន្សល់ស្លាកស្នាមអាចមានលក្ខណៈតិចតួច ឫធ្ងន់ធ្ងរ គឺអាស្រ័យទៅលើស្ថានភាពជំងឺ។
ស្លាកស្នាមដែលបន្សល់ដោយសារតែជំងឺមុន អាចជាស្លាកស្នាមខ្លាំង ឬតិច។ គេសង្កេតឃើញថា ស្លាកស្នាមតិចតួច ច្រើនមានស្នាមស្រាល ក្រហម ឬខ្មៅតូចៗ។ ចំពោះស្លាកស្នាមខ្លាំងវិញ គេកត់សម្គាល់ឃើញថា អាចមានជា ក្រហូងស្បែក ផតស្បែក ឬស្បែកមានកំប៉ិកកំពកមិនស្មើដូចមុន និងស្នាមអាចមានពណ៌រាងក្រម៉ៅខ្លាំង។
ដោយហេតុថា ស្លាកស្នាមបន្សល់ពីជំងឺមុន អាចជាស្លាកស្នាមខ្លាំង ឬតិច ដូច្នេះ ការព្យាបាលស្លាកស្នាមបន្សល់ពីជំងឺមុន ក៏បែងចែកទៅតាមប្រភេទនៃស្លាកស្នាមនោះ។
- ការព្យាបាលស្លាកស្នាមតិច ៖ គ្រូពេទ្យអាចឱ្យថ្នាំលាប តែមិនមែនជាថ្នាំលាបបំបាត់ស្លាកស្នាមទេ គឺជាថ្នាំលាបជួយជម្រុញឱ្យកោសិកាស្បែកចាស់ៗជ្រុះចេញ។ នៅពេលដែលកោសិកាចាស់ៗជ្រុះចេញ ស្លាកស្នាមនឹងជ្រុះទៅជាមួយកោសិកាចាស់នោះ។
- ការព្យាបាលស្លាកស្នាមខ្លាំង ៖ គ្រូពេទ្យអាចប្រើប្រាស់កាំរស្មី ព្យាបាលស្នាមក្រម៉ៅ ឬអាចប្រើកាំរស្មីឡាហ្សែមួយប្រភេទទៀត ជួយរឹបស្បែក ដើម្បីព្យាបាលស្បែកក្រហូង ឬផតស្បែក។ ការប្រើកាំរស្មីព្យាបាល ថែមទាំងជួយជម្រុញឱ្យមានការរំញោចដល់កោសិកាស្បែកឱ្យដុះឡើង និងជម្រុញឱ្យកោសិកាស្បែករបួសឆាប់ជះ ឡើងក្រម៉រ ហើយជ្រុះកោសិកាខូចនោះចេញ បន្ទាប់មកកោសិកាស្បែកថ្មីនឹងដុះឡើងជាបន្តបន្ទាប់ ដោយគ្រាន់តែការព្យាបាលអាចប្រើពេលវេលាយូរ ហើយជារៀងរាល់ ២ ទៅ ៣ខែម្ដង អាស្រ័យលើស្នាមរបស់អ្នកជំងឺ។
៨. ដំបូន្មានរបស់គ្រូពេទ្យ
លោក សាស្រ្តាចារ្យវេជ្ជបណ្ឌិត ចាន់ វិចិត្រ គ្រូពេទ្យឯកទេសសើស្បែក និងឡេសឺរ បានផ្ដល់ដំបូន្មានថា ៖
- បើមានបញ្ហាសើស្បែក គួរណាស់ទៅជួបពិភាក្សាជាមួយគ្រូពេទ្យជំនាញសើស្បែកឱ្យបានឆាប់បំផុត ចៀសវាងទុកយូរបណ្ដោយឱ្យផលវិបាកធ្ងន់ធ្ងរ។
- ក្នុងករណីចង់ប្រើផលិតផលថែរក្សាស្បែក គួរណាស់យល់ដឹងឱ្យបានច្បាស់ គួរប្រើ ឬមិនគួរប្រើ (បើស្បែករបស់យើងមិនកើតអីទេ កុំប្រើផលិតផលជាតិកាត់ ជាតិធ្វើឱ្យស្បែកស ព្រោះវាអាចនាំឱ្យគ្រោះថ្នាក់ស្បែកនៅថ្ងៃក្រោយ)។
- បើសិនជាក្នុងករណី អ្នកកំពុងតែកើតជំងឺមុន អ្នកមិនគួរប្រើផលិតផលថែរក្សាសម្រស់ទេ គួរណាស់តែរកសេវាព្យាបាលឱ្យបានត្រឹមត្រូវ។
- បកស្រាយដោយ៖ លោក វេជ្ជបណ្ឌិត ចាន់ វិចិត្រ គ្រូពេទ្យឯកទេសសើស្បែក និងឡេសឺរ ជាប្រធានគ្លីនិក កាដាវ គ្លីនិកសើស្បែក និង ឡេសឺរ
- យកបទសម្ភាសន៍ រៀបរៀង និងកែសម្រួលដោយ៖ ក្រុមការងារ សុខក្រម (Sokhakrom)
@រក្សាសិទ្ធិគ្រប់យ៉ាងដោយ សុខក្រម