ភាគច្រើននៃជំងឺកញ្ជ្រឹល ស្អូច និងស្រឡទែន តែងផ្តល់នូវផលវិបាកធ្ងន់ធ្ងរមិនអាចគ្រប់គ្រងបាន និងងាយឆ្លងទៅកាន់អ្នកផ្សេងទៀតដោយមិនដឹងខ្លួន។ ប៉ុន្តែ ជំងឺទាំងបីប្រភេទនេះត្រូវបានបង្ការយ៉ាងមានប្រសិទ្ធភាព និងសុវត្ថិភាព ដោយការចាក់វ៉ាក់សាំង MMR (Measles-Mumps-Rubella)។
តើវ៉ាក់សាំងនេះត្រូវចាក់ប៉ុន្មានដង និងនៅអាយុប៉ុន្មានខ្លះ ហើយផ្តល់ផលរំខានបែបណា? នរណាមិនគួរចាក់ ឬត្រូវពន្យារពេលក្នុងការចាក់?
១. កម្រិតនៃការចាក់ និងផលរំខាន
ជាទូទៅ វ៉ាក់សាំងបង្ការជំងឺកញ្ជ្រឹល ស្អូច និងស្រឡទែន MMR ត្រូវបានណែនាំឲ្យចាក់ចំនួន២លើក ដែលលើកទីមួយនៅអាយុចន្លោះពី ១២ខែ ទៅ១៥ខែ និងលើកទី២ ចន្លោះអាយុ៤ឆ្នាំ ទៅ៦ឆ្នាំ។ វ៉ាក់សាំងនេះអាចមានផលរំខានខ្លះៗបន្ទាប់ពីចាក់ដូចជា ឈឺចាប់ត្រង់កន្លែងចាក់ ក្តៅខ្លួន កន្ទួលស្រាល និងអាចតឹង ឬឈឺសន្លាក់។
២. អ្នកដែលមិនគួរចាក់ ឬគួរពន្យារពេលចាក់
ករណីខាងក្រោម វ៉ាក់សាំងMMR មិនត្រូវបានណែនាំមិនឲ្យចាក់ ឬពន្យារពេលក្នុងការចាក់ ដែលត្រូវប្រឹក្សាជាមួយគ្រូពេទ្យជាមុន៖
• ធ្លាប់មានបញ្ហាអាល្លែកហ្ស៊ីធ្ងន់ធ្ងរបន្ទាប់ពីចាក់ ឬមានប្រតិកម្មជាមួយសារធាតុផ្សំ ណាមួយក្នុងវ៉ាក់សាំង
• កំពុងមានផ្ទៃពោះ ឬគិតថាអាចនឹងមានផ្ទៃពោះ ដោយហេតុថាស្ត្រីមានផ្ទៃពោះគួររង់ចាំរហូតដល់សម្រាលរួច ម៉្យាងទៀតស្ត្រីគួរចៀសវាងមានផ្ទៃពោះយ៉ាងហោចណាស់មួយខែក្រោយពីចាក់វ៉ាក់សាំងMMR
• អ្នកមានប្រព័ន្ធការពាររាងកាយខ្សោយដោយសារជំងឺមួយចំនួនដូចជា ជំងឺអេដស៍ ឬការព្យាបាលដោយប្រើថ្នាំគីមី ស្តេរ៉ូអ៊ីត និងការបាញ់កាំរស្មីជាដើម
• ឪពុកម្តាយ បងប្អូនប្រុស-ស្រី មានប្រវត្តិធ្លាប់មានបញ្ហាប្រព័ន្ធភាពស៊ាំការពាររាង្គកាយ
• ធ្លាប់មានប្រវត្តិងាយហូរឈាម
• ទើបនឹងបញ្ចូលឈាម ដែលនឹងតម្រូវឲ្យព្យារពេលក្នុងការចាក់វ៉ាក់សាំងនេះ
• មានជំងឺរបេង
• ទើបតែបានចាក់វ៉ាក់សាំងផ្សេងបាន៤អាទិត្យ
• មិនស្រួលខ្លួន ឬផ្តាសាយ ដែលមានលក្ខណៈធ្ងន់ធ្ងរខ្លាំង។
គួរបញ្ជាក់ថា ការចាក់មួយលើកនៃវ៉ាក់សាំង MMR នឹងទទួលបានប្រសិទ្ធភាពប្រឆាំងនឺងជំងឺកញ្ជ្រឹល៩៣% ស្រឡទែន៧៨% និងស្អូចរហូតដល់៩៧%។ បើចាក់បានគ្រប់ពីរលើកនោះប្រសិទ្ធភាពនឹងកើនឡើងរហូតដល់៩៧%ចំពោះកញ្ជ្រឹល និង៨៨%ចំពោះស្រឡទែន៕
- ស្រាវជ្រាវ រៀបរៀង និងកែសម្រួលដោយ៖ ក្រុមការងារ សុខក្រម (Ms.DN)