(+855) 11 909 020 / 69 909 011

វ៉ាក់សាំងបង្ការជំងឺរលាកខួរក្បាល

ជំងឺរលាកខួរក្បាល (Japanese encephalitis ឬ JE) មិនមានលេចចេញនូវរោគសញ្ញាគួរឲ្យកត់សម្គាល់ឡើយ។ អ្នកជំងឺរលាកខួរក្បាលម្នាក់ក្នុងចំណោមបួននាក់នឹងត្រូវស្លាប់ ហើយពាក់កណ្តាលផ្សេងទៀតនឹងរស់នៅដោយពិការភាព។ រីឯករណីស្ត្រីមានផ្ទៃពោះដែលឆ្លងនូវវីរុសនេះ នឹងប៉ះពាល់ដល់ទារកក្នុងផ្ទៃ។ ប៉ុន្តែ អ្នកក៏អាចការពារវាបានដោយ ការចាក់វ៉ាក់សាំងបង្ការជំងឺរលាកខួរក្បាល។
 
១. នរណាខ្លះគួរចាក់វ៉ាក់សាំងបង្ការជំងឺរលាកខួរក្បាល?

ជាទូទៅវ៉ាក់សាំងបង្ការជំងឺរលាកខួរក្បាលតម្រូវឱ្យចាក់តាំងពីក្មេង ពិសេសអ្នកដែលរស់នៅ ក្នុងតំបន់ប្រឈមនឹងការឆ្លងខ្ពស់។ វាក៏តម្រូវឱ្យចាក់បង្ការចំពោះអ្នកដំណើរដែលត្រូវទៅកាន់ តំបន់មានវត្តមានវីរុសJE លើសពី១ខែ និងបុគ្គលិកសុខាភិបាលដែលប្រឈមផ្ទាល់នឹងវីរុស ផងដែរ។ 
 
២. តើត្រូវចាក់នៅពេលណា?

ដោយយោងតាមវិទ្យាស្ថានប៉ាស្ទ័រ ជាទូទៅវ៉ាក់សាំងបង្ការជំងឺរលាកខួរក្បាលតម្រូវឱ្យចាក់ ចំនួន២ដូស៖
• ដូសទី១ ចាក់នៅអាយុ៩ខែឡើងទៅ
• ដូសទី២ ចាក់នៅ៣ខែទៅ១ឆ្នាំ បន្ទាប់ពីដូសទី១។
 
គួរបញ្ជាក់ថា សម្រាប់អ្នកដែលត្រូវធ្វើដំណើរទៅកាន់តំបន់ដែលប្រឈមនឹងជំងឺខ្ពស់រយៈពេលយូរ ឬលើសពី១ខែអាចត្រូវបានណែនាំឱ្យចាក់វ៉ាក់សាំងបង្ការជំងឺរលាកខួរក្បាលនេះពីរដូស ឃ្លាតពីគ្នាចន្លោះ២៨ថ្ងៃ ហើយដូសទីពីរត្រូវចាក់មួយអាទិត្យមុនពេលចេញដំណើរ ដោយប្រឹក្សាបន្ថែមជាមួយគ្រូពេទ្យ។
 
៣. នរណាខ្លះមិនគួរចាក់វ៉ាក់សាំងនេះ?

វ៉ាក់សាំងបង្ការជំងឺរលាកខួរក្បាលដែលបង្កដោយ Japanese Encephalitis ត្រូវបានហាមឃាត់ មិនឱ្យចាក់ក្នុងករណីខាងក្រោម៖

• ធ្លាប់មានប្រតិកម្មអាល្លែហ្ស៊ីបន្ទាប់ពីចាក់ដូសទី១
• អ្នកមានប្រតិកម្មជាមួយសារធាតុផ្សំណាមួយនៃវ៉ាក់សាំង
• ស្ត្រីមានផ្ទៃពោះ (ករណីស្ថិតនៅ ឬត្រូវទៅកាន់តំបន់ប្រឈមខ្លាំង សូមប្រឹក្សាជាមួយ គ្រូពេទ្យបន្ថែម)។
 
៤. ផលរំខានបន្ទាប់ពីចាក់

មិនខុសពីការចាក់វ៉ាក់សាំងផ្សេងៗ ការចាក់ថ្នាំបង្ការជំងឺរលាកខួរក្បាលនេះ អាចបង្កឱ្យមាន ការឈឺចាប់ និងក្រហមនៅកន្លែងចាក់ ឈឺក្បាល ឈឺសាច់ដុំ គ្រុនក្តៅ អស់កម្លាំង និងអាល្លែកហ្ស៊ីធ្ងន់ធ្ងរ (កម្រ)៕  

- ស្រាវជ្រាវ រៀបរៀង និងកែសម្រួលដោយ៖ ក្រុមការងារ សុខក្រម (Ms.DN)