(+855) 11 909 020 / 69 909 011

យល់ដឹងពីការចាក់វ៉ាក់សាំងបង្ការជំងឺគ្រុនផ្តាសាយធំ

វិធីសាស្ត្រល្អបំផុតក្នុងការការពារពីជំងឺគ្រុនផ្តាសាយធំ ដែលងាយឆ្លង និងមានភាពធ្ងន់ធ្ងរ ចំពោះក្មេង ក៏ដូចជាបុគ្គលមួយចំនួន ហើយតែងកើតមានតាមរដូវកាលនោះគឺ ការចាក់វ៉ាក់សាំងបង្ការជារៀងរាល់ឆ្នាំ។ វ៉ាក់សាំងបង្ការជំងឺគ្រុនផ្តាសាយធំ ជួយឱ្យមានការផលិតអង់ទីក័រក្នុងរាងកាយ នៅ២សប្តាហ៍បន្ទាប់ពីចាក់។ អង៉ទីក័រនេះផ្តល់ឱ្យនូវការការពារប្រឆាំងនឹងការបង្ករោគដោយប្រភេទវីរុស influenza តាមរដូវកាល ដែលមានក្នុងវ៉ាក់សាំង។ 
 
១. តើវាផ្តល់នូវគុណសម្បត្តិបែបណាខ្លះ?

មានហេតុផលជាច្រើនដែលតម្រូវឱ្យគ្រប់គ្នាគួរចាក់វ៉ាក់សាំងបង្ការជំងឺគ្រុនផ្តាសាយធំរួមមាន៖
• បន្ថយហានិភ័យនៃការសម្រាកពេទ្យដោយសារផ្តាសាយធំចំពោះក្មេង និងមនុស្សធំ
• ការពារពីលក្ខខណ្ឌសុខភាពរ៉ាំរ៉ៃ ដែលតែងតែកើតមានញឹកញាប់
• ការពារស្ត្រីពេលកំពុងមាន និងក្រោយមានផ្ទៃពោះ 
• បន្ថយអត្រារការស្លាប់របស់ក្មេងដោយសារវីរុស influenza
• បន្ថយភាពធ្ងន់ធ្ងរចំពោះមនុស្សមួយចំនួនដែលតែងតែឈឺទោះបីចាក់វ៉ាក់សាំង
• ការពារមនុស្សជុំវិញខ្លួនអ្នកដែលងាយនឹងធ្ងន់ធ្ងរពេលឆ្លង ដូចជាទារក ក្មេងតូចៗ មនុស្សចាស់ និងអ្នកមានជំងឺប្រចាំកាយជាដើម។ 

២. តើគួរចាក់នៅវ៉ាក់សាំងនេះពេលណា? អ្នកណាខ្លះគួរចាក់?

វ៉ាកសាំងបង្ការជំងឺគ្រុនផ្តាសាយធំគួរចាក់នៅ២ទៅ៤សប្តាហ៍មុនពេលដែលជំងឺផ្តាសាយមកដល់។ វាត្រូវបានណែនាំឱ្យចាក់ចំពោះអ្នកដែលមានហានិភ័យខ្ពស់ក្នុងការប្រឈម ឬអ្នកដែលមានផលវិបាកធ្ងន់ធ្ងរពេលឆ្លងវីរុស ដូចជាក្មេងតូចៗអាយុចាប់ពី៦ខែឡើង ស្ត្រីមានផ្ទៃពោះ អ្នកមានជំងឺរ៉ាំរ៉ៃដូចជា ហឺត ទឹកនោមផ្អែម ជំងឺសួត មនុស្សចាស់ និងបុគ្គលិកសុខាភិបាល។ គួរបញ្ជាក់ថា ទារកក្រោម៦ខែងាយប្រឈមនឹងជំងឺគ្រុនផ្តាសាយធំបំផុត ប៉ុន្តែពួកគេពុំទាន់អាចទទួលយកវ៉ាក់សាំងបង្ការជំងឺគ្រុនផ្តាសាយនេះបានទេ ដូច្នេះ វ៉ាក់សាំងនេះតម្រូវឱ្យផ្តល់ចំពោះស្រ្តីដែលកំពុងមានផ្ទៃពោះ ក្នុងន័យអាចបង្ការកូនរបស់ពួកគេអំឡុងពេលប៉ុន្មានខែដំបូងក្រោយកើត។
 
៣. នរណាមិនគួរចាក់វ៉ាក់សាំងបង្ការជំងឺគ្រុនផ្តាសាយនេះ?

វ៉ាក់សាំងបង្ការជំងគ្រុនផ្តាសាយធំមិនត្រូវបានណែនាំឱ្យចាក់ចំពោះក្មេងក្រោយអាយុ៦ខែឡើយ ដោយសារពួកគេនៅតូចពេក។ ម៉្យាងទៀតវាក៏ត្រូវបានហាមឃាត់ ប្រសិនអ្នកមានបញ្ហាអាល្លែហ្ស៊ីធ្ងន់ធ្ងរជាមួយវ៉ាក់សាំងបង្ការជំងឺគ្រុនផ្តាសាយធំ ឬសារធាតុផ្សំណាមួយនៃវ៉ាក់សាំង អាចជា ហ្សេឡាទីន (gelatin) ថ្នាំផ្សះ ឬធ្លាប់មានប្រតិកម្មជាមួយស៊ុតមាន់ជាដើម។
 
៤. តើវ៉ាក់សាំងបង្ការជំងឺគ្រុនផ្តាសាយធំអាចផ្តល់ផលរំខានណាខ្លះ?

ផលរំខានតិចតួចអាចកើតឡើងជាធម្មតាបន្ទាប់ពីចាក់ រួមមាន ឈឺចាប់ ក្រហម ឬហើមនៅកន្លែងចាក់ ឈឺក្បាល ក្តៅខ្លួន ចង្អោរ និងឈឺសាច់ដុំ។ ករណីកម្រអាចលេចចេញនូវប្រតិកម្មធ្ងន់ធ្ងរដូចជា ពិបាកដកដង្ហើម ហើមភ្នែក ហើមបបូរមាត់ និងខ្សោយ ដែលអ្នកចាំបាច់ត្រូវត្រឡប់ទៅជួបគ្រូពេទ្យជាបន្ទាន់៕ 

- ស្រាវជ្រាវ រៀបរៀង និងកែសម្រួលដោយ៖ ក្រុមការងារ សុខក្រម (Ms.DN)