១. និយមន័យ
ក្រពះរបស់មនុស្សយើងមាន ៤ ស្រទាប់ ហើយជំងឺដំបៅក្រពះ កើតឡើងលើស្រទាប់ទី ៣ នៃក្រពះ។
ដំបៅក្រពះមាន ២ ប្រភេទ គឺ៖
- ដំបៅក្រពះស្រួចស្រាល
- ដំបៅក្រពះរ៉ាំរ៉ៃ
២. មូលហេតុបង្កជំងឺ
មានមូលហេតុជាច្រើនដែលបណ្ដាលឱ្យកើតជំងឺដំបៅក្រពះ ដូចជា៖
- ការប្រើប្រាស់ថ្នាំបំបាត់ការឈឺចាប់ (ឈឺចង្កេះ ខ្នង ឬសន្លាក់) ដែលប្រជាពលរដ្ឋនិយមហៅថាថ្នាំសរសៃ ដោយពុំមានវេជ្ជបញ្ជាត្រឹមត្រូវពីគ្រូពេទ្យ។
- មានមេរោគក្នុងក្រពះ
- ការរលាកពោះវៀនរាំរៃ ហើយទុករហូតដល់បង្កឱ្យមានដំបៅក្រពះ
- កត្តាតំណពូជ
៣. ការធ្វើរោគវិនិច្ឆ័យ
ដើម្បីឱ្យប្រាកដថា អ្នកជំងឺកើតជំងឺដំបៅក្រពះ ឬយ៉ាងណា គ្រូពេទ្យនឹងធ្វើរោគវិនិច្ឆ័យទៅលើអ្នកជំងឺដោយ៖
- សិក្សាលើរោគសញ្ញារបស់អ្នកជំងឺ
- សិក្សាពីប្រវត្តិប្រើប្រាស់ថ្នាំរបស់អ្នកជំងឺ
- ឆ្លុះមើល និងពិនិត្យសាច់
- ការពិនិត្យលើលាមក
- ធ្វើតេស្តផ្សេងៗ
៤. រោគសញ្ញា
- ឈឺនៅចំចុងដង្ហើម ដែលមានអាការឈឺរមួលនៅពេលឃ្លាន ឫទៅតាមពេលនៃអាហារ
- ជួនកាល អ្នកកើតជំងឺដំបៅក្រពះ មិនបានលេចចេញនូវរោគសញ្ញាឱ្យដឹងនោះទេ
៥. កត្តាប្រឈម
គ្រូពេទ្យបានកត់សម្គាល់ឱ្យដឹងថា ភាគច្រើនៃអ្នកជំងឺដំបៅក្រពះ គឺជាមនុស្សពេញវ័យ និងវ័យចំណាស់។
៦. ការព្យាបាល
គ្រូពេទ្យនឹងព្យាបាលជំងឺដំបៅក្រពះ ដោយជាដំបូងពិនិត្យរកមូលហេតុចម្បងដែលបង្កជំងឺ រួចប្រាប់ឱ្យអ្នកជំងឺបញ្ឈប់សកម្មភាពនោះ។ ឧទាហរណ៍ ៖ បើការប្រើថ្នាំសរសៃ ជាមូលហេតុធ្វើមានដំបៅក្រពះ នោះអ្នកជំងឺត្រូវបញ្ឈប់ការប្រើថ្នាំសរសៃជាបន្ទាន់។ បន្ទាប់មក គ្រូពេទ្យអាចប្រើប្រាស់ថ្នាំទប់ទល់ និងបន្សាបជាតិអាស៊ីតក្នុងក្រពះជាដើម។
៧. ផលវិបាក
- ហូរឈាមចេញពីដំបៅក្រពះ បណ្ដាលឱ្យអ្នកជំងឺក្អួតឈាម ឬបត់ជើងធំមកខ្មៅ
- ស្ទះមាត់ច្រកចេញពីក្រពះទៅរកពោះវៀន
- អាចធ្លាយក្រពះ
- ធ្ងន់ធ្ងរអាចបង្ករជាមហារីក
៨. វិធីបង្ការ
- កុំប្រើបាស់ថ្នាំដោយគ្មានវេជ្ជបញ្ជា
- ជៀសវាងការប្រើប្រាស់ថ្នាំសរសៃ
- កុំពិសារសូរា
- បើមានអាការចុកឆ្អល់ត្រង់ចុងដង្ហើម ត្រូវមកពិគ្រោះជាមួយគ្រូពេទ្យជំនាញជាបន្ទាន់។
- បកស្រាយដោយ៖ វេជ្ជបណ្ឌិត ឆាយ គីមប៉ាវ នាយកផ្នែកជំងឺប្រព័ន្ធរំលាយអាហារនៃមន្ទីរពេទ្យមិត្តភាពខ្មែរ សូវៀត
- យកបទសម្ភាសន៍ រៀបរៀង និងកែសម្រួលដោយ៖ ក្រុមការងារ សុខក្រម (Sokhakrom)
@រក្សាសិទ្ធិគ្រប់យ៉ាងដោយ សុខក្រម