ជំងឺរបេងចម្លងយ៉ាងលឿនពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតដោយមិនដឹងខ្លួន និងពិបាកក្នុងការព្យាបាល។ ដូច្នេះ ទើបអង្គការសុខភាពពិភពលោកតម្រូវឲ្យចាក់វ៉ាក់សាំងដើម្បីការពារ។
តើវ៉ាក់សាំងបង្ការជំងឺរបេងត្រូវចាក់ពេលណា? មានគោលបំណងអ្វី? នរណាខ្លះគួរចាក់ និងមិនគួរចាក់?
ជាទូទៅនៅពេលកូនលោកអ្នកកើតមកភ្លាមពួកគេនឹងតម្រូវឲ្យចាក់វ៉ាក់សាំងបង្ការជំងឺរបេងភ្លាមៗដែរ។ ដោយសារតែវ៉ាក់សាំងបង្ការជំងឺរបេងផ្តល់នូវប្រសិទ្ធភាពខ្ពស់បំផុត បើចាក់ក្នុងពេលទារកទើបនឹងកើត។ ការចាក់នេះមានគោលបំណងចម្បងគឺការពារការឆ្លងមេរោគ Micobacterium tuberculosis និងកាត់បន្ថយភាពធ្ងន់ធ្ងរ។
១. បុគ្គលគួរចាក់វ៉ាក់សាំងបង្ការជំងឺរបេង
វ៉ាក់សាំងបង្ការជំងឺរបេងត្រូវបានផ្តល់ឱ្យចំពោះក្មេងទើបកើត មុនពេលពួកគេចេញពីមន្ទីរពេទ្យ។ ករណីក្មេងមិនបានចាក់បន្ទាប់ពីពេលកើតភ្លាម ពួកគេអាចចាក់នៅពេលណាមួយក្នុងចន្លោះអាយុក្រោមអាយុ៥ឆ្នាំ ដោយត្រូវធ្វើតេស្តររកមេរោគរបេងជាមុន។ ក្រៅពីនេះ វ៉ាក់សាំងបង្ការជំងឺរបេងអាចត្រូវបានផ្តល់ឲ្យចំពោះអ្នកដែលងាយប្រឈមនឹងមេរោគ និងមិនអាចនៅដាច់ដោយឡែកពីអ្នកដែល៖
• មិនបានព្យាបាល ឬព្យាបាលពុំមានប្រសិទ្ធភាពនៃជំងឺរបេង
• មានជំងឺរបេងបណ្តាលមកពីរ៉េស៊ីស្តង់ជាមួយ isoniazid និងrifampin.
• ប្រកបវិជ្ជាជីវសុខាភិបាល និងមានភាគរយខ្ពស់ក្នុងការឆ្លងជំងឺរបេង។
២. បុគ្គលមិនគួរចាក់វ៉ាក់សាំងបង្ការជំងឺរបេង
ផ្ទុយមកវិញ វ៉ាក់សាំងបង្ការជំងឺរបេងមិនគួរចាក់ចំពោះបុគ្គលមួយចំនួន រួមមាន៖
• អ្នកដែលមានប្រព័ន្ធការពាររាងកាយខ្សោយ (អ្នកជំងឺអេដស៍ និងអ្នកជំងឺប្តូរសរីរាង្គ)
• ស្ត្រីមានផ្ទៃពោះ
• អ្នកដែលធ្លាប់ចាក់វ៉ាក់សាំងនេះរួចហើយ
• អ្នកមានប្រវត្តិកើតជំងឺរបេងពីមុន
• អ្នកដែលធ្វើតេស្តរកមេរោគរបេងឃើញវិជ្ជមាន
• អ្នកមានប្រតិកម្មធ្ងន់ធ្ងរជាមួយសារធាតុផ្សំណាមួយក្នុងវ៉ាក់សាំង
• ក្មេងទើបនឹងកើតដែលសន្មត់ថាឆ្លងរួចហើយ
• អ្នកកំពុងឈឺ ឬមិនស្រួលខ្លួនខ្លាំង
• អ្នកមានអាយុលើសពី៣៥ឆ្នាំ។
ផលរំខានតែងកើតឡើងជាធម្មតាបន្ទាប់ពីចាក់ អាចមានការឈឺចាប់ និងមានស្លាកស្នាមត្រង់កន្លែងចាក់ប៉ុណ្ណោះ ហើយករណីកម្របំផុតអាចលេចចេញនូវអាល្លែកហ្ស៊ីធ្ងន់ធ្ងរ៕
- ស្រាវជ្រាវ រៀបរៀង និងកែសម្រួលដោយ៖ ក្រុមការងារ សុខក្រម (Sokhakrom)