តើកង្វះជាតិទឹកក្នុងរាងកាយរងផលប៉ះពាល់អ្វីខ្លះ? តើខ្ញុំអាចដឹងថារាងកាយរបស់ខ្ញុំខ្វះជាតិទឹកដោយរបៀបណា? តើខ្ញុំគួរតែផឹកទឹកប៉ុន្មានលីត្រដើម្បីផ្គត់ផ្គង់ជាតិទឹកក្នុងរាងកាយឡើងវិញ?
ដូចអ្នកបានជ្រាបរួចមកហើយថា បើរាងកាយរបស់យើងខ្វះជាតិទឹក នោះយើងនឹងប្រឈមនឹងផលវិបាកជាច្រើន រួមមាន វិលមុខ បាត់បង់សំណើមធ្វើឱ្យស្បែក និងបបូរមាត់ស្ងួត ខ្យល់ដកដង្ហើមមិនល្អ ប៉ះពាល់ដល់ខួរក្បាល សារជាតិពុលបញ្ចេញមកក្រៅតិចតួច ងាយប្រឈមខ្លាំងនឹងជំងឺផ្សេងៗ ងាយកើតជំងឺរាគរូស ឈឺសន្លាក់ ប៉ះពាល់ដល់ប្រព័ន្ធរំលាយអាហារ ទល់លាមក និងឡើងទម្ងន់។
មួយវិញទៀត ដោយសារតែសារធាតុរាវក្នុងរាងកាយតិចតួច ឬកង្វះសារជាតិទឹកក្នុងរាងកាយ ទើបបណ្ដាលឱ្យអុកស៊ីហ្សែនថយចុះ ជាមូលហេតុធ្វើឱ្យយើងឆាប់អស់កម្លាំង និងងងុយដេក។ ហើយការផ្គត់ផ្គង់អុកហ្ស៊ីហ្សែនទៅកាន់ខួរក្បាលមិនបានគ្រប់គ្រាន់ ទើបបណ្ដាលឱ្យយើងឈឺក្បាល និងពិបាកផ្ដោតអារម្មណ៍ក្នុងម៉ោងការងារ។
ហេតុនេះ ការផឹកទឹកឱ្យបានគ្រប់គ្រាន់ ក្នុងបរិមាណ ២ លីត្រ ឬច្រើនជាងនេះក្នុងមួយថ្ងៃ ពិតជាសំខាន់ណាស់ ដើម្បីជួយរក្សាជាតិទឹកក្នុងរាងកាយ លាងសម្អាតជាតិពុល បំពេញមុខងារផ្សេងៗរបស់ប្រព័ន្ធរាងកាយ និងចៀសវាងពីផលវិបាកដូចបានជម្រាប់ជូនខាងលើ។ អ្វីដែលសំខាន់នោះ បើជាតិទឹកក្នុងរាងកាយរបស់យើងគ្រប់គ្រាន់ សុខភាពរបស់យើងក៏ល្អ មិនងាយឈឺ និងរស់បានយូរ។
បើអ្នកសង្កេតឃើញខ្លួនឯងមានរោគសញ្ញាទាំងនេះ បានន័យថា រាងកាយរបស់អ្នកកំពុងតែខ្វះជាតិទឹក ដែលតម្រូវឱ្យអ្នកបង្កើនការផឹកទឹកឱ្យបានច្រើនឡើងវិញ។
- ចង្វាក់បេះដូងលោតលឿន ឬញាប់ខុសពីធម្មតា
- មាត់ស្ងួត និងដង្ហើមធំក្លិនមិនល្អ
- ឈឺសន្លាក់ និងសាច់ដុំ
- មានអារម្មណ៍ថា ឃ្លាន
- អស់កម្លាំង
- ឈឺក្បាល និងវិលមុខ
- នោមតិច និងទឹកនោមមានពណ៌រាងលឿង
- ស្បែក និងបបូរមាត់ស្ងួត
- គ្រប់គ្រងអារម្មណ៍មិនបានល្អ ឬអារម្មណ៍មិនសូវផ្ដោតជាមួយនឹងការងារ
- ស្រាវជ្រាវ រៀបរៀង និងកែសម្រួលដោយ៖ ក្រុមការងារ សុខក្រម (Sokhakrom)