(+855) 11 909 020 / 69 909 011

យល់ដឹងពីជំងឺពោះវៀនដុះខ្នែង 

១. និយមន័យ

ជំងឺពោះវៀនដុះខ្នែង គឺបង្កឡើងដោយការរលាកលើខ្នែងរបស់ពោះវៀន។ នៅពេលដែលខ្នែងពោះវៀន មានការរលាក គឺទាមទារឱ្យមានការវះកាត់ជាបន្ទាន់ ព្រោះថា បើសិនជាបណ្ដោយឱ្យការរលាកខ្នែងពោះវៀននេះលើសពី ២៤ ម៉ោង នោះវានឹងបង្កឱ្យមាន ខ្ទុះ ឬធ្លាយរលាកស្រោមពោះ បណ្ដាលឱ្យមេរោគចូលទៅក្នុងរាងកាយរបស់យើង បង្កគ្រោះថ្នាក់អាយុជីវិតរបស់អ្នកជំងឺ។ អ្នកជំងឺពោះវៀនដុះខ្នែងពុំសូវមានទេក្នុងវ័យក្រោម២ឆ្នាំ តែសម្បូរបំផុត ១០ ឆ្នាំ ទៅ ៣០ ឆ្នាំ ។   

២. រោគសញ្ញា 

រោគសញ្ញានៃជំងឺដុះខ្នែង គឺមានដូចជា ៖ 
- ឈឺពោះខ្លាំង ជាពិសេសពោះផ្នែកខាងស្ដាំ តែរោគសញ្ញាខ្លះអាចឈឺពោះខាងឆ្វេងដែរ 
- ក្អួតចង្អោរ 
- ទល់លាមក 
- គ្រុន 
- សំខាន់បំផុតនោះគឺ ឈឺចុកចាប់ក្នុងពោះ 

៣. មូលហេតុបង្កជំងឺ 

បើទោះបីជាពុំមានការបញ្ជាក់ជូនច្បាស់លាស់ពីមូលហេតុបង្កជំងឺពោះវៀនដុះខ្នែង តែគេសង្កេតឃើញមានមូលហេតុបង្កចម្បង ៤ គឺ៖
- អ្នកជំងឺមហារីក 
- ព្រូន 
- ក្រួស 
- ទល់លាមក

៤. ធ្វើរោគវិនិច្ឆ័យ

ក្នុងការធ្វើរោគវិនិច្ឆ័យជំងឺពោះវៀនដុះខ្នែង គ្រូពេទ្យអាចពិនិត្យ ដោយ ស្ទាបពោះខាងស្ដាំរបស់អ្នកជំងឺ ពិនិត្យឈាម ពិនិត្យអេកូ ឬស្កេន។ 

៥. ផលវិបាក 

- បង្កជាខ្ទុះ ធ្វើឱ្យស្អិតនៅក្នុងស្រទាប់ពោះ ជាប់នឹងសរីរាង្គផ្សេងៗពិបាកក្នុងការព្យាបាល 
- អាចធ្លាយ រលាកពេញពោះ និងអាចបណ្ដាលឱ្យមេរោគជ្រាតចូលទៅក្នុងសរីរាង្គផ្សេងៗរបស់យើង ដែលប៉ះពាល់ធ្ងន់ធ្ងរដល់អាយុជីវិត 

៦. ការព្យាបាល 

ការព្យាបាលត្រូវបញ្ជូនអ្នកជំងឺទៅកាន់បន្ទប់វះកាត់ជាបន្ទាន់ ហើយត្រូវប្រាកដថា បន្ទប់វះកាត់គឺត្រឹមត្រូវ និងមានគុណភាពខ្ពស់ ។ ចំពោះអ្នកជំងឺដែលមិនព្រមធ្វើការវះកាត់ ហើយផឹកថ្នាំ គឺគ្រាន់តែជួយបន្ថយអាការឈឺចាប់ តែវានឹងអាចខ្ទុះ រលាក ឈឺចុកថ្ងៃក្រោយ។ ខ្នែងពោះវៀន នៅពេលដែលកាត់ហើយ លែងដុសទៀតហើយ ។ នៅប្រទេសកម្ពុជា ឱកាសព្យាបាលជោគជ័យលើអ្នកជំងឺពោះវៀនដុសខ្នែងសព្វថ្ងៃ គឺមានរហូតដល់ទៅ ៩០%។ 

៧. វិធីបង្ការ 

ដើម្បីបង្ការខ្លួនពីជំងឺរលាកពោះវៀនដុះខ្នែង យើងត្រូវរស់នៅប្រកបដោយផាសុខភាព បរិភោគអាហារសម្បូរជាតិសរសៃ ធ្វើលំហាត់ប្រាណ ហើយចៀសវាងបរិភោគលើសពីតម្រូវការរបស់រាងកាយយើង ព្រោះថាកាលណាយើងបរិភោគច្រើនពេក វាបង្កទៅជាជាតិពុល ប៉ះពាល់ដល់ថ្លើម និងអាចបង្កទៅជាជំងឺមហារីដែរ។ 

៨. ដំបូន្មាន 

លោកវេជ្ជបណ្ឌិត ឱ វឌ្ឍនៈ នាយកគ្លីនីក ព្រីនសេស បានផ្ដល់ដំបូន្មានដល់ប្រជាពលរដ្ឋខ្មែរទាំងអស់ថា ប្រសិនបើចុកពោះខាងស្ដាំខ្លាំង សូមអញ្ជើញមកពិនិត្យជាមួយគ្រូពេទ្យ ដើម្បីពិនិត្យរកមើលជំងឺឱ្យបានច្បាស់ ពិតជាកើតជំងឺពោះវៀនដុសខ្នែង ឬយ៉ាងណា។ ហើយការរស់នៅត្រូវមានផាសុខភាព ធ្វើលំហាត់ប្រាណឱ្យបានជាប្រចាំ​ ការហូបចុកត្រូវមានអនាម័យ កុំបរិភោគអាហារលើសតម្រូវការ៕ 

- បកស្រាយដោយ៖ លោកវេជ្ជបណ្ឌិត ឱ វឌ្ឍនៈ  ​នាយកគ្លីនីក ព្រីនសេស   
- យកបទសម្ភាសន៍ រៀបរៀង និងកែសម្រួលដោយ៖ ក្រុមការងារ សុខក្រម (Sokhakrom)

@រក្សាសិទ្ធិគ្រប់អត្ថបទ រូបភាព សំឡេង និងវីដេអូ ដោយ សុខក្រម (Sokhakrom)