(+855) 11 909 020 / 69 909 011

តើអ្នកបានដឹងអ្វីខ្លះពីផលវិបាកនៃការសម្រាលកូនដោយការវះកាត់? 

សុវត្ថិភាពទាំងម្តាយ និងកូនក្រោយវះកាត់សម្រាលពិតជាសំខាន់ ដែលការសម្រេចចិត្តមួយផ្នែក អាស្រ័យលើការថ្លឹងថ្លែងរវាងគុណសម្បត្តិ និងគុណវិបត្តនៃការវះកាត់ពីសំណាក់គ្រូពេទ្យជំនាញ។ 

សម្រាប់អ្វីដែលអ្នកត្រូវដឹងនៅពេលនេះ គឺថាតើអ្នកអាចនឹងប្រឈមជាមួយផលវិបាកអ្វីខ្លះ បើអ្នកធ្វើការវះកាត់សម្រាលកូន?

ផលប៉ះពាល់នៃការវះកាត់សម្រាលកូនអាចខុសៗគ្នា អាស្រ័យលើលក្ខខណ្ឌសុខភាពរបស់ស្ត្រីម្នាក់ៗ ដែលរួមមាន៖

១. ការឈឺចាប់

អ្នកអាចនឹងមានអារម្មណ៍ឈឺចាប់ត្រង់ដំបៅវះក្នុងរយៈពេលពី២ថ្ងៃ ទៅ១សប្តាហ៍ បន្ទាប់ពីការវះកាត់ ហើយអាចនឹងត្រូវប្រើថ្នាំបំបាត់ការឈឺចាប់មួយរយៈ។ ការឈឺចាប់នេះអាចប៉ះពាល់ដល់សកម្មភាពប្រចាំថ្ងៃ ហើយយ៉ាងហោចណាស់ស្ត្រីម្នាក់ក្នុងចំណោម១០នាក់មានអារម្មណ៍មិនស្រួលពោះរហូតដល់១ខែក្រោយវះ។ 

២. ការហូរឈាម 

អ្នកនឹងបាត់បង់ឈាមច្រើនជាងការសម្រាលធម្មជាតិ កើតមាននៅអំឡុងពេលវះកាត់ ហើយវាមានហានិភ័យខ្ពស់ ប្រសិនស្ត្រីមានការហូរឈាមខ្លាំងជាងការរំពឹងទុក និងតម្រូវឱ្យមានការបញ្ចូលឈាមបន្ថែមជាបន្ទាន់។

៣. ការឆ្លងមេរោគ

តាមបទពិសោធន៍ជាក់ស្ដែងបានបង្ហាញថា ហោចណាស់ស្ត្រីម្នាក់ក្នុងចំណោម១២នាក់ តែងមានការឆ្លងមេរោគបន្ទាប់ពីវះកាត់សម្រាលកូន ដូច្នេះមុនពេលវះកាត់អ្នកអាចនឹងប្រើថ្នាំផ្សះដើម្បីបន្ថយហានិភ័យនេះ។

៤. កំណកឈាម

ការវះកាត់មួយចំនួនអាចបង្កើនការវិវឌ្ឍទៅជាកំណកឈាម និងអាចទៅជាធ្ងន់ធ្ងរអាស្រ័យនឹងកន្លែងកកនោះ។ ប្រសិនកន្លែងកំណកឈាមនៅសួតដែលជាការស្ទះសរសៃឈាមសួត ស្ត្រីអាចត្រូវព្យាបាលពេញមួយជីវិត។ 

៥. ការស្អិតជាប់

ការវះកាត់សម្រាលកូនអាចបង្កើនហានិភ័យនៃការស្អិតសរីរាង្គក្នុងពោះពេលជា ដែលភាគច្រើនមិនមានសញ្ញាសម្គាល់ណាមួយឡើយ។ ពេលខ្លះវាអាចបង្កឱ្យមានការឈឺចាប់ ដោយសារចលនាផ្នែកខាងក្នុងមានកម្រិត និងអាចធ្វើឱ្យស្ទះពោះវៀន និងអាចគ្មានកូនបានទៀត។

៦. ឥទ្ធិពលនៃថ្នាំស្ពឹក

ផលរំខានតិចតួចពីការប្រើថ្នាំស្ពឹកពេលវះកាត់សម្រាល ច្រើនធ្វើឱ្យមានអាការៈឈឺក្បាលធ្ងន់ធ្ងរ ដែលអាចកើតលើស្ត្រី១០០នាក់ ក្នុងចំណោមស្ត្រី៥០០នាក់ ដែលបានសម្រាលកូនដោយវះកាត់។

តែប្រសិនអ្នកត្រូវបានណែនាំឱ្យធ្វើការវះកាត់សម្រាលកូនដោយគ្រូពេទ្យហើយនោះ មានន័យថា វិធីសាស្ត្រនេះគឺល្អបំផុតសម្រាប់អ្នក និងកូនអ្នក ស្របនឹងស្ថានភាពរបស់អ្នក។ 

- ស្រាវជ្រាវ រៀបរៀង និងកែសម្រួលដោយ៖ ក្រុមការងារ សុខក្រម (Ms.DN)