(+855) 11 909 020 / 69 909 011

ដំបូន្មានជួយថែរក្សាកូនរបស់អ្នកនៅរដូវភ្លៀងដោយសុវត្ថិភាព

ភ្លៀងធ្លាក់ជារឿយៗ ស្ទើរតែរាល់ថ្ងៃ ធ្វើឱ្យសុខភាពទ្រុឌទ្រោម និងមិនសូវស្រួលខ្លួនជាញឹកញាប់ពិសេសទារក និងកូនតូចៗរបស់អ្នក។ ដូច្នេះ ការអនុវត្តតាមគន្លឹះថែរក្សាខ្លួននៅរដូវភ្លៀងខាងក្រោម អាចការពារកូនអ្នកបាន៖

• សម្លៀកបំពាក់សមស្រប៖ អ្នកត្រូវប្រាកដថាកូនតូចរបស់អ្នកស្លៀកពាក់ឱ្យបានត្រឹមត្រូវនៅអំឡុងនៃរដូវភ្លៀងនេះ ដោយខោអាវដែវែង ជើងវែងជានិច្ច ព្រោះដើម្បីកាត់បន្ថយការត្រជាក់ពីបរិយាកាសខាងក្រៅ និងការប្រឈមនឹងជំងឺមួយចំនួយ។
• អនាម័យចំណីអាហារ៖ រក្សាឱ្យកូនរបស់អ្នកទទួលទានទឹកស្អាតជាប្រចាំ ហើយអ្នកត្រូវប្រាកដថាវាជាទឹកពុះដើម្បីជួយកូនអ្នកកាត់បន្ថយពីជំងឺឆ្លងតាមអាហារ។ ម៉្យាង ចូរចៀសវាងផ្តល់ឱ្យកូនរបស់អ្នកនូវអាហារខាងក្រៅអំឡុងពេលនៃរដូវភ្លៀង។ បន្ថែមពីនោះ ផ្លែឈឺ និងបន្លែត្រូវលាងសម្អាតឱ្យស្អាតមុនពេលទទួលទាន។
• បង្កើនប្រព័ន្ធការពារ៖ បន្ថែមការទទួលទានអាហារសម្បូរដោយវីតាមីន C ដែលមានប្រភពពីផ្លែឈើ ពិសេសផ្លែក្រូច និងចៀសវាងការទទួលទានទឹកផ្លែឈើចម្រុះដែលមានលាយទឹកកកជាមួយ ព្រោះវាមានផ្ទុកមេរោគជាច្រើន និងងាយឱ្យក្មេងឈឺ។
• ការពារកុំឱ្យមូស ឬសត្វល្អិតខាំ៖ បង្ការកូនតូចរបស់អ្នកពីសត្វមូស តាមរយៈប្រើមុងជ្រលក់ថ្នាំគ្រប់ពេល បំបាត់ជម្រមូសជុំវិញផ្ទះ និងលាបក្រែមការពារមូស ដោយហេតុថា ជំងឺគ្រុនឈាម និងគ្រុនចាញ់តែងចម្លងដោយមូសនៅរដូវភ្លៀង។
• ចាក់វ៉ាក់សាំង៖ ដើម្បីអាចចៀសវាងនូវជំងឺដែលតែងកើតនៅរដូវភ្លៀងពិសេសគឺជំងឺផ្តា សាយ អ្នកអាចនាំកូនតូចរបស់អ្នកទៅចាក់វ៉ាក់សាំងការពារទុកជាមុន ដោយប្រឹក្សា ជាមួយគ្រូពេទ្យមុនចាក់។
• រក្សាទុកថ្នាំនៅផ្ទះ៖ អ្នកមិនអាចដឹងមុនទេថាពេលណាកូនតូចរបស់អ្នកឈឺឡើយ ដូច្នេះ យ៉ាងហោចណាស់អ្នកត្រូវរក្សាទុកថ្នាំដែលអាចប្រើក្នុងករណីបន្ទាន់នៅផ្ទះ ដូចជាថ្នាំបញ្ចុះកម្តៅ ឬថ្នាំផ្តាសាយ ដោយមានការណែនាំពីកម្រិតនៃការប្រើត្រឹមត្រូវ ដើម្បីសម្រួលនៅពេលគ្រូពេទ្យមិននៅ។
• រក្សាអនាម័យខ្លួនប្រាណ៖ ត្រូវប្រាកដថាកូនតូចរបស់អ្នកបានលាងសម្អាតដៃរបស់ពួកគេជាមួយសាប៊ូជាប្រចាំ ពិសេសមុនពេលញ៉ាំអាហារ និងត្រូវកាត់ក្រចកឱ្យកូនរបស់អ្នកជាទៀតទាត់។

អ្នកត្រូវនាំកូនតូចរបស់អ្នកទៅជួបគ្រូពេទ្យឱ្យបានឆាប់ ប្រសិនកូនរបស់អ្នកមានលេចចេញនូវសញ្ញាមិនប្រក្រតីណាមួយកើតឡើងនៅអំឡុងរដូវភ្លៀងនេះ៕  

- ស្រាវជ្រាវ រៀបរៀង និងកែសម្រួលដោយ៖ ក្រុមការងារ សុខក្រម (Ms.DN)