សម្រស់របស់មនុស្សយើងមិនដូចគ្នាទេ អ្នកខ្លះមានសម្រស់សមស្របនឹងអាយុរបស់ខ្លួន អ្នកខ្លះអាយុច្រើនមុខក្មេង រីឯអ្នកខ្លះវិញអាយុតិចតែមុខចាស់។
អ្នកត្រូវដឹងថា អាហារដែលអ្នកចូលចិត្តញ៉ាំ អាចមានផលល្អដល់ស្បែករបស់អ្នកធ្វើឱ្យអ្នកមើលទៅក្មេងជាងវ័យ និងអាចបំផ្លាញ់កោសិកាស្បែករបស់អ្នកដែលធ្វើឱ្យអ្នកមើលទៅអាយុតិចតែមុខចាស់។
ដូច្នេះ បើមិនចង់ចាស់មុនអាយុ អ្នកគួរតែចៀសវាងអាហារទាំង ៨ ប្រភេទខាងក្រោមនេះ ៖
១. អាហារមានរសជាតិផ្អែម៖ តាមទ្រឹស្តីបទ នៅពេលអ្នកទទួលទានជាតិស្ករច្រើនជាងកោសិការបស់អ្នកដំណើរការ ជាតិស្ករដែលនៅសល់ភ្ជាប់ជាមួយប្រូតេអ៊ីន ដែលអាចបំផ្លាញជាតិកូឡាជែនរបស់ស្បែក។ ម៉្យាង ជាតិស្ករអាចស្អិតជាប់ធ្មេញរបស់អ្នក បង្កើនបាក់តេរី ឱ្យធ្មេញពុក និងឡើងពណ៌ស្រអាប់។ ដូច្នេះ ប្រសិនអ្នកទទួលទានអាហារមានរសជាតិផ្អែម ឬបង្អែម អ្នកត្រូវមានទម្លាប់ខ្ពុរមាត់ជាមួយទឹកបន្ទាប់ពីញ៉ាំ។
២. ជាតិអាល់កុល៖ កាលណាថ្លើមរបស់អ្នកមានសុខភាពល្អ វាមានន័យថាអ្នកក៏កំពុងមានស្បែកដែលមានសុខភាពល្អដូច្នេះដែរ។ ដោយហេតុថាកាលណាដំណើរការរបស់ថ្លើមល្អ ជាតិពុលមួយចំនួនដែលអាចផ្តល់ផលប៉ះពាល់ដល់ស្បែកក៏ត្រូវបានបញ្ចេញដោយធម្មជាតិពីរាងកាយដែរ។ ប៉ុន្តែប្រសិនជាតិពុលស្តុកក្នុងថ្លើមកើនឡើងដោយសារផលទទួលបានពីការញ៉ាំជាតិអាល់កុល ឬសុរាញឹកញាប់ នោះអ្នកនឹងកើតមុន រួមនឹងស្នាមជ្រីវជ្រួញមិនខាន។ លើសពីនេះ អាល់កុលបន្ថយជាតិទឹកក្នុងរាងកាយ និងប៉ះពាល់ដល់ការគេងរបស់អ្នកទៀតផង។ ការគេងមិនគ្រប់គ្រាន អាចបង្កជាស្នាមជ្រួញ ស្នាមអុជខ្មៅ និងបន្ថយភាពរលាស់នៃស្បែក។
៣. អាហារប្រៃ៖ ទោះបីអ្នកមិនចម្អិតអាហារដោយដាក់អំបិលក៏ដោយ អ្នកនៅតែមិនអាចធានាបានថាអាហាររបស់អ្នកមានជាតិសូដ្យូមតិចនោះដែរ។ ជាតិសូដ្យូមច្រើនអាចឱ្យរាងកាយរបស់អ្នករក្សាទុកជាតិទឹក និងបង្កឱ្យអ្នកមើលទៅហើម។
៤. អាហារហឹរ៖ រាល់អាហារដែលធ្វើឱ្យអ្នកហឹរតែងធ្វើឱ្យអ្នកមានបញ្ហាស្បែកធ្ងន់ធ្ងរ និងជា ពិសេសស្ត្រីអស់រដូវ។ សរសៃឈាមក្នុងស្បែកនឹងឆាប់ទទួលរងប្រតិកម្ម និងធ្វើឱ្យសរសៃឈាមរីក។ ស្ត្រីអស់រដូវអាចឃើញថាស្បែករបស់ពួកគេមើលទៅជាំខ្មៅ និងកាន់តែចាស់។
៥. សាច់ដែលខ្លោចខ្មៅ៖ ការទទួលទានសាច់អាំងចៀសមិនផុតពីការអាំងខ្លោច ឬមានកម្ទេចខ្មៅនៅជាប់សាច់អាំងរបស់អ្នកនោះទេ។ កម្ទេចកម្ទីពណ៌ខ្មៅទាំងនោះ អាចបំផ្លាញកូឡាជែនក្នុងស្បែករបស់អ្នក។ ដូច្នេះ ប្រសិនអ្នកចូលចិត្តញ៉ាំសាច់អាំង អ្នកត្រូវប្រាកដថាអាំងមិនឱ្យខ្លោច និងសម្អាតប្រដាប់ដែលដាក់អាំងឱ្យស្អាត។
៦. សាច់កែច្នៃ៖ ការទទួលទានសាច់ក្រក សាច់ប្រហិត ដែលត្រូវបានកែច្នៃ និងរក្សាទុកបានយូរ ច្រើនមានផ្ទុកនូវសារធាតុ sulfites និងសារធាតុរក្សាទុកផ្សេងទៀត។ សារធាតុទាំងនោះ អាចបង្កើនការរលាកលើស្បែក និងពន្លឿនភាពចាស់។ ម៉្យាងទៀត សាច់ទាំងនេះ ក៏អាចនឹងផ្ទុកនូវជាតិអំបិលខ្ពស់ផងដែរ។
៧. ភេសជ្ជប៉ូវកម្លាំង៖ វាពិតណាស់ នៅពេលអ្នកទទួលទានភេសជ្ជប៉ូវកម្លាំងអ្នកអាចនឹងមានកម្លាំងដូចក្មេង ប៉ុន្តែវាមិនធ្វើឱ្យខ្លួនអ្នកមើលទៅក្មេងឡើយ។ ភេសជ្ជៈប៉ូវកម្លាំងក៏ត្រូវបាន រកឃើញថាមានជាតិអាស៊ីត និងជាតិស្ករដែលអាចធ្វើឱ្យធ្មេញកាន់តែងាយមានស្នាមប្រឡាក់។
៨. ជាតិកាហ្វេអ៊ីន៖ អ្នកមានដឹងទេថា កាហ្វេអ៊ីនវាដូចទៅនឹងថ្នាំបញ្ចុះទឹកនោមដូច្នេះដែរ វាអាចធ្វើឱ្យអ្នកបញ្ចេញជាតិទឹក និងកាត់បន្ថយសំណើមបាន។ នៅពេលរាងកាយរបស់អ្នកខ្វះជាតិទឹក វាធ្វើឱ្យស្បែករបស់អ្នកខ្វះជាតិទឹក មើលទៅរិចរិល និងចាស់ជាងធម្មតា។
ប្រសិនអ្នកតែងតែទទួលទានអាហារណាមួយខាងលើជាប្រចាំនោះ មានន័យថាអ្នកកំពុងតែធ្វើឱ្យខ្លួនឯងចាស់មុនអាយុហើយ ដូច្នេះបើអាច អ្នកគួរចៀសវាង ឬកាត់បន្ថយ ជាការប្រសើរបំផុត ៕
- ស្រាវជ្រាវ រៀបរៀង និងកែសម្រួលដោយ៖ ក្រុមការងារ សុខក្រម (Ms.DN)