(+855) 11 909 020 / 69 909 011

តើហេតុអ្វីបានជាអ្នកតែងកើតមុននៅលើថ្ងាសបែបនេះ?

កម្រនឹងមាននរណាម្នាក់ដែលអាចចៀសផុតពីបញ្ហាមុនខ្លាំងណាស់ មិនថាលើថ្ពាល់ ចង្កា ថ្ងាស ឬខ្នងឡើយ។ តែសម្រាប់មនុស្សមួយចំនួនមុនតែងកើតលើថ្ងាសជាប្រចាំ និងកើតជាបន្តបន្ទាប់។ តើហេតុអ្វីអ្នកតែងកើតមុនលើថ្ងាសបែបនេះ?

កត្តាជាច្រើនចូលរួមចំណែកបង្កឱ្យអ្នកកើតមុនលើថ្ងាសញឹកញាប់ រួមមានដូចខាងក្រោម៖

• បម្រែបម្រួលអ័រម៉ូន៖ ជាធម្មតាមុនកើតលើថ្ងាសច្រើនដោយសារតែអ័រម៉ូនក្នុងរាងកាយលើនឡើង ពិសេសនៅពេលពេញវ័យ និងនៅពេលមករដូវប្រចាំខែចំពោះស្ត្រី។

• ស្ត្រេស ឬភាពតានតឹង៖ មូលហេតុមួយក្នុងចំណោមមូលហេតុជាច្រើននៃមុនលើថ្ងាស អាចបណ្តាលមកពីអ្នកស្ត្រេស ឬតែងមានភាពតានតឹងជាប្រចាំ។

• ការប្រើថ្នាំ៖ នៅពេលអ្នកកំពុងព្យាបាលដោយប្រើថ្នាំដូចជា steroids, anticonvulsant, barbiturates ឬlithium នោះអ្នកនឹងសម្គាល់ឃើញថាអ្នកឡើងមុនខុសធម្មតា ពិសេសលើថ្ងាស។

• កង្វះអនាម័យ៖ មិនបានលាងសម្អាតសក់ ឬមុខបានត្រឹមត្រូវ ធ្វើឱ្យឡើងប្រេង លើថ្ងាស និងបង្កជាមុន។

• ការរលាកស្បែក៖ ប្រើផលិតផលថែសម្រស់លើថ្ងាស ឬពាក់មួក អាចធ្វើឱ្យស្បែកត្រង់ថ្ងាសរលាក កើតមុន និងងាយរាលដាល ឬកាន់តែធ្ងន់ធ្ងរ។

• សក់៖ សក់ជាប្រភពមួយបង្កឱ្យអ្នកកើតមុននៅលើថ្ងាស ប្រសិនអ្នកចូលចិត្តទម្លាក់សក់មកមុខ និងមិនបានសម្អាតសក់ជាប្រចាំ។ 

• ផលិតផលថែសក់៖ ការប្រើផលិតផលខ្លះដូចជាប្រេង ឬជែលលាប បង្កឱ្យសក់ឡើងប្រេងប៉ះលើថ្ងាស ហើយអាចនឹងបង្កជាមុនបាន។

កាត់បន្ថយមូលហេតុបង្កខាងលើអាចជួយអ្នកចៀសផុតពីការកើតមុនលើថ្ងាស ប៉ុន្តែបើវាមានលក្ខណៈធ្ងន់ធ្ងរ ឬមិនធូរស្រាលអ្នកគួរជួបជាមួយគ្រូពេទ្យជាបន្ទាន់៕

- ស្រាវជ្រាវ រៀបរៀង និងកែសម្រួលដោយ៖ ក្រុមការងារ សុខក្រម (Ms.DN)