(+855) 11 909 020 / 69 909 011

យល់ដឹងស៊ីជម្រៅអំពីជំងឺគ្រុនឈាមលើកុមារ

ក្នុងរដូវភ្លៀង ជំងឺគ្រុនឈាមគឺជាបញ្ហាចម្បងចំពោះមនុស្សគ្រប់រូប ពិសេសកុមារ។ បើចង់ឱ្យកូនៗរបស់អ្នកចៀសផុតពីជំងឺគ្រុនឈាម សូមអានការបកស្រាយខាងក្រោមនេះ៖  

១. តើអ្វីជាជំងឺគ្រុនឈាម? 

ជំងឺគ្រុនឈាម គឺជាជំងឺឆ្លងមួយប្រភេទបង្កឡើងដោយវីរុសដាំង ចម្លងចូលតាមរយៈមូសខ្លាញីមានផ្ទុកវីរុស គឺAedes aegypti និង Aedes albupictum។ ជំងឺគ្រុនឈាមមាន៤ប្រភេទ (4 serotypes) រួមមាន DEN-1, DEN-2, DEN-3, DEN-4។ កុមារដែលធ្លាប់បានកើតជំងឺគ្រុនឈាមរួចម្ដងហើយ និងមានអង់ទីករប្រឆាំងវីរុសគ្រុនឈាមប្រភេទទី១ តែកុមារអាចនឹងកើតជំងឺគ្រុនឈាម៣ដងទៀតក្នុងជីវិត ដោយសារតែនៅសល់វីរុស៣ប្រភេទទៀត។ 

នៅពេលដែលមូសខ្លាញីខាំ អ្នកជំងឺដែលមានផ្ទុកនូវវីរុសដាំង វាក្លាយជាអ្នកផ្ទុក នៅពេលវាទៅខាំមនុស្សណាម្នាក់ផ្សេងទៀតនោះ គាត់នឹងឆ្លងជំងឺគ្រុនឈាម។ គួរបញ្ជាក់ថា វីរុសមិនអាចឆ្លងដោយផ្ទាល់ពី មនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតបានទេ។

២. រោគសញ្ញាក្មេងកើតគ្រុនឈាម

នៅពេលដែលកុមារត្រូវបានមូសខ្លាញីផ្ទុកវីរុសដាំង(វីរុសគ្រុនឈាម)ខាំ ២ថ្ងៃទៅ៣ថ្ងៃក្រោយមក កុមារនឹងលេចចេញរោគសញ្ញានៃជំងឺគ្រុនឈាមរួមមាន៖ 

• គ្រុនក្តៅពី ៣៩ ដល់ ៤០ អង្សាសេ និងឈឺក្បាលធ្ងន់ធ្ងរ
• មុខក្រហម ឈឺប្រឡង់ភ្នែក ឈឺសន្លាក់ដែជើង ឈឺសាច់ដុំ និងឆ្អឹង
• ឡើងកន្ទួលលើខ្លួន ចេញឈាមតាមច្រមុះ ឬអញ្ចាញធ្មេញ និងមានជាំលើស្បែក។

ចំពោះករណីធ្ងន់ធ្ងរ កុមារអាចលេចចេញនូវរោគសញ្ញាផ្សេងៗទៀតដូចជា ចង្អោរ ក្អួត ឬឈឺពោះខ្លាំង ពិបាកក្នុងការដកដង្ហើម កង្វះជាតិទឹក ការហូរឈាមធ្ងន់ធ្ងរ និងការធ្លាក់ចុះនូវសម្ពាធឈាម ដែលក្មេងត្រូវធ្វើការព្យាបាលឱ្យបានឆាប់រហ័សនៅមន្ទីរពេទ្យ។ បន្ថែមពីលើនេះដែរ ត្រូវនាំកុមារទៅមន្ទីរពេទ្យ ឬមណ្ឌលសុខភាពឱ្យបានលឿនបំផុតតាមដែលអាចធ្វើទៅបានមិនឱ្យលើស ៧២ ម៉ោង បន្ទាប់ពីកុមារចេញរោគសញ្ញាក្ដៅខ្លួនខ្លាំង។

៣. ការធ្វើរោគវិនិច្ឆ័យ

បើកត់សម្គាល់ឃើញថា កុមារក្ដៅខ្លួនខុសពីធម្មតា ឬក្ដៅខ្លាំង និងលេចចេញរោគសញ្ញាខាងលើ សូមនាំពួកគេទៅមន្ទីរពេទ្យធ្វើរោគវិន្ឆ័យ ដើម្បីឱ្យប្រាកដថា កុមារកើតជំងឺគ្រុនឈាម ឬអត់។ ក្នុងការធ្វើរោគវិនិច្ឆ័យពិនិត្យរកមើលជំងឺ គ្រូពេទ្យអាចសាកសួរប្រវត្តិរបស់កុមារ ធ្លាប់ប្រើថ្នាំអ្វី រស់នៅក្នុងលក្ខខណ្ឌបែបណា និងពិនិត្យឈាម។ 

៤. ការព្យាបាលជំងឺគ្រុនឈាមលើកុមារ 

បើទោះបីជា ពុំមានការព្យាបាលជាក់លាក់ណាមួយចំពោះកុមារកើតជំងឺគ្រុនឈាមក៏ដោយ ក៏គ្រូពេទ្យអាចព្យាបាលផ្អែកតាមរោគសញ្ញារបស់កុមារ៖
 
• បើកុមារកើតជំងឺគ្រុនឈាមក្នុងករណីមធ្យម គ្រូពេទ្យនឹងបន្ថែមជាតិទឹកដើម្បីការពារការបាត់បង់ជាតិទឹកធ្ងន់ធ្ងរ និងឱ្យក្មេងសម្រាកឱ្យបានច្រើន។
• បន្ថយការឈឺចាប់ និងអាការៈឈឺក្បាលដោយប៉ារ៉ាសេតាមុល និងត្រូវហាមឃាត់ការប្រើថ្នាំអាស្ពីរីន(Aspirin) និង អ៊ីប៊ុយប្រូហ្វែន (ibuprofen) ដាច់ខាតក្នុងករណីនេះ ព្រោះវាអាចបង្កើននូវការហូរឈាមកាន់តែធ្ងន់ធ្ងរ។ 
• ករណីក្មេងមានជំងឺគ្រុនឈាមធ្ងន់ធ្ងរ គ្រូពេទ្យនឹងព្យាបាលដោយការព្យួរសឺរ៉ូមដើម្បីបង្គ្រប់ជាតិទឹក និងអេឡេចត្រូលីតដែលបានបាត់បង់ និងពេលខ្លះរហូតដល់មានការបញ្ជូលឈាមបន្ថែម។ 

៥. វិធីបង្ការគ្រុនឈាមដោយសុវត្ថិភាព

គន្លឹះការពារកុមារពីជំងឺគ្រុនឈាមដ៏ប្រសើរបំផុតគឺ ធ្វើយ៉ាងណាកុំឱ្យមូសខ្លាញីផ្ទុកវីរុសគ្រុនឈាមខាំកុមារ។ ខាងក្រោមនេះជាការណែនាំខ្លះៗអំពីវិធីបង្ការជំងឺគ្រុនឈាមលើកុមារ៖

• បិទទ្វារ និងបង្អួចឱ្យបានត្រឹមត្រូវកុំឱ្យមូសចូលក្នុងផ្ទះ 
• ស្លៀកសំលៀកបំពាក់ជិតៗឱ្យកុមារ មិនថាមុនពេលគេង និងពេលគេង 
• លាបឡេការពារមូសលើស្បែករបស់កុមារ 
• កុំបណ្ដោយឱ្យកុមារលេងនៅទីងងឹត មានសំណើមទឹកដក់ វាអាចជាជំរកមូសខ្លាញី
• បំបាត់ជំរកមូស ដូចជា គ្របពាងទឹកឱ្យបានជិតល្អជាប្រចាំ ចិញ្ចឹមត្រីស៊ីដង្កូវទឹក  និងប្រើប្រាស់ថ្នាំសម្លាប់សត្វល្អិត និងដង្កូវទឹកក្នុងអាងទឹក និងពាង
• រាល់វត្ថុដែលអាចដក់ទឹកបាន រួមមាន សំបកកង់ឡាន និងសំបកកំប៉ុង ត្រូវកប់ និងដុតកម្ទេចចោល៕ 

- ស្រាវជ្រាវ រៀបរៀង និងកែសម្រួលដោយ៖ ក្រុមការងារ សុខក្រម (Sokhakrom)