(+855) 11 909 020 / 69 909 011

យល់ដឹងពី ការឈឺក្បាលរ៉ាំរ៉ៃ

១. និយមន័យ

មុននឹងបកស្រាយពីការឈឺក្បាលរ៉ាំរ៉ៃ យើងគួរតែដឹងជាមុនសិនថា ការឈឺក្បាលមាន ២ ប្រភេទគឺ ការឈឺក្បាលស្រួចស្រាល និងឈឺក្បាលរ៉ាំរ៉ៃ។ ការឈឺក្បាល ជាប់ទាក់ទងនឹងប្រព័ន្ធប្រសាទខួរក្បាល ដែលខួរក្បាលមានមុខងារសំខាន់ណាស់ ដើរតួនាទីជាអង្គផ្ទុកចងចាំ ការគិតពិចារណា គ្រប់គ្រងញាណទាំងអស់ (អាចដឹងក្ដៅត្រជាក់ ស្ពឹកស្រពន់ ធ្វើចលនាដៃជើង មានលំនឹងពេលឈរ អាចធ្វើដំណើរបានជាដើម)។ 
ដូច្នេះ ការឈឺក្បាលរ៉ាំរ៉ៃ គឺដំដៅលើការឈឺក្បាលចាប់ពី១ខែឡើងទៅ ដែលវាប៉ះពាល់ដល់អារម្មណ៍ និងផ្លូវចិត្តខ្លាំង។ ដោយឡែក ការឈឺចាប់មួយភ្លាមៗធ្ងន់ធ្ងរ ហៅថាការឈឺក្បាលស្រួចស្រាល ។

២. កត្តាហានិភ័យ 

គេសង្កេតឃើញថា មនុស្សងាយនឹងកើតការឈឺក្បាលរ៉ាំរ៉ៃ គឺមនុស្សស្ថិតក្នុងវ័យបំពេញការងារសកម្ម ពិសេសអ្នកគិតច្រើន ដូចជា និស្សិត អ្នករកស៊ី ចំពោះមនុស្សចាស់ និងកូនក្មេងជាករណីកម្រ។ 

៣. រោគសញ្ញា  

ភាគច្រើននៃអ្នកជំងឺឈឺក្បាលរ៉ាំរ៉ៃ គឺលេចចេញរោគសញ្ញាឈឺក្បាល។ ខុសពីឈឺក្បាលស្រួចស្រាល អាចលេចចេញរោគសញ្ញាក្ដៅខ្លួន ស្ពឹកស្រពន់ដៃជើង បាត់លំនឹង។ 

៤. រោគវិនិច្ឆ័យ និងមូលហេតុបង្ក

គ្រូពេទ្យនឹងធ្វើរោគវិនិច្ឆ័យលើអ្នកជំងឺ ដោយផ្ដោតលើការពិនិត្យរកមូលហេតុបង្កជំងឺ។ គេរកឃើញថា លើសពី ៥០% នៃមូលហេតុឈឺក្បាលរ៉ាំរ៉ៃ គឺ ភាពតានតឹងធុញថប់ (ស្រ្តេស) ក្រៅពី វិបត្តិផ្លូវចិត្ត (កម្រិតមិនធ្ងន់ធ្ងរ) ការប៉ះទង្គិច និងការប្រើប្រាស់ថ្នាំបំបាត់ការឈឺចាប់ពុំបានត្រឹមត្រូវ រួមទាំងបញ្ហាមួយចំនួនទៀតពាក់ព័ន្ធនឹងសរសៃប្រសាទ ដូចជាបញ្ហាត្រង់ផ្នែក បំពង់ក ត្រជៀក ច្រមុះ ភ្នែក និងធ្មេញ សុទ្ធតែជាមូលហេតុអាចបង្កឱ្យកើតអាការឈឺក្បាលរ៉ាំរ៉ៃ។ 

គួរបញ្ជាក់ថា បើសង្ស័យថាខ្លួនកើតអាការឈឺក្បាលរ៉ាំរ៉ៃ គួររកគ្រូពេទ្យជួបពិភាក្សាឱ្យបានត្រឹមត្រូវ ជៀសវាងការប្រើប្រាស់ថ្នាំបំបាត់ការឈឺក្បាលដោយខ្លួនឯង។ 

៥. ការព្យាបាល 

ដើម្បីព្យាបាលឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ គ្រូពេទ្យត្រូវធ្វើការព្យាបាលទៅលើប្រភពបង្កជំងឺ ដូច្នេះ ការព្យាបាលអាចប្រើថ្នាំ ឬមិនប្រើថ្នាំ ដោយសារតែប្រភពបង្កខ្លះមិនតម្រូវឱ្យប្រើថ្នាំនោះទេ។ ជាក់ស្ដែង ក្នុងករណីអ្នកជំងឺកើតអាការឈឺក្បាលរ៉ាំរ៉ៃ ដែលបណ្ដាលមកពីស្ត្រេស ពិបាក ឫធុញថប់ ការព្យាបាលមិនប្រើប្រាស់ថ្នាំនោះទេ គឺតម្រូវឱ្យអ្នកជំងឺទៅជួបអ្នកឯកទេសផ្លូវចិត្ត ដើម្បីរៀនសមាធិផ្លូវអារម្មណ៍ឱ្យចិត្តស្ងប់ប្រសើរឡើងវិញ។ តែចំពោះករណី អ្នកជំងឺឈឺក្បាលរ៉ាំរ៉ៃដោយសារតែ​ពាក់ព័ន្ធនឹងត្រចៀក ឬច្រមុះ ការព្យបាលអាចតម្រូវឱ្យប្រើថ្នាំ និងជួបជាមួយគ្រូពេទ្យឯកទេសត្រចៀក ច្រមុះ មាត់បំពង់ក។ 

៦. វិធីបង្ការ

ដើម្បីការពារខ្លួនពីជំងឺឈឺក្បាលរ៉ាំរ៉ៃ អ្នកគួរតែ៖ 
- ថែរក្សាសុខភាពខួរក្បាលឱ្យបានល្អ 
- កុំគិតច្រើននូវរឿងដែលមិនគួរគិត 
- បង្កើតទម្លាប់ល្អ សម្រាក និងបរិភោគឱ្យបានទៀងទាត់ និងគ្រប់គ្រាន់ 
- បន្ថយការសម្លឹងមើលគ្រឿងអេឡិចត្រូនិក ដូចជាទូរស័ព្ទ ឫកុំព្យូទ័រជាដើម
- ហាត់កីឡាជាប្រចាំ 
- បើសង្ស័យថាខ្លួនឈឺក្បាលយូរខុសពីធម្មតា ឬឈឺក្បាលរ៉ាំរ៉ៃ សូមស្វែងរកសេវាព្យាបាលជាមួយគ្រូពេទ្យមានជំនាញឱ្យបានទាន់ពេលវេលា។

- បកស្រាយដោយ៖ លោកវេជ្ជបណ្ឌិត ជុំ ណាវុធ នាយកផ្នែកសរសៃប្រសាទនៃមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត  
- យកបទសម្ភាសន៍ រៀបរៀង និងកែសម្រួលដោយ៖ ក្រុមការងារ សុខក្រម (Sokhakrom)

@រក្សាសិទ្ធិគ្រប់អត្ថបទ រូបភាព សំឡេង និងវីដេអូ ដោយ សុខក្រម (Sokhakrom)