ស្បែកក្បាលមានអង្គែ ឬរបកសៗ តែងបង្កការរំខានដោយការរមាស់ក្បាល និងធ្វើឱ្យអ្នកខ្មាស់ដោយសារកម្ទេសសៗធ្លាក់ប្រលាក់លើសម្លៀកបំពាក់របស់អ្នក ប៉ុន្តែភាគច្រើនវាមិនឆ្លង ឬមានភាពធ្ងន់ធ្ងរឡើយ តែយ៉ាងណាមិញ ផលវិបាកដ៏កម្រមួយទៀត វាអាចមានមេរោកចូលតាមស្បែករបកនោះ បង្កឱ្យមានខ្ទុះ ស្នាមប្រែទៅក្រហម និងមានការឈឺចាប់ខ្លាំង ដែលតម្រូវឱ្យអ្នកជួបគ្រូពេទ្យដើម្បីព្យាបាលជាបន្ទាន់។
១. តើហេតុអ្វីបានជាសក់ក្បាលរបស់ខ្ញុំកើតអង្គែ?
ការកកើតនៃអង្គែនៅលើស្បែកក្បាល អាចបង្កពីកត្តារួមផ្សំជាច្រើន ដូចជា៖
• ការរលាក ដែលច្រើនកើតរួមជាមួយសញ្ញាក្រហមស្បែកក្បាល របកស ឬលឿង
• ការកក់សក់មិនបានញឹកញាប់ធ្វើឱ្យស្បែកក្បាលឡើងប្រេងខ្លាំង កកដុំ ក្លាយជាអង្កែ
• ការបង្ករោគពីផ្សិត ពិសេសពពួកផ្សិតមាននៅលើក្បាលស្រាប់ និងភាគច្រើនក្មេងជំទង់
• ករណីមានស្បែកស្ងួតជាប្រចាំ និងមិនបានព្យាបាល ឬបំពេញជាតិទឹកបន្ថែមគ្រប់គ្រាន់
• ប្រតិកម្មជាមួយនឹងសារធាតុណាមួយក្នុងផលិតផលថែរក្សាសក់។
កត្តាហានិភ័យដោយឡែកគឺ អង្គែច្រើនកើតលើក្មេង និងមនុស្សវ័យកណ្តាលជាងមនុស្សចាស់ ហើយកើតលើបុរសច្រើនជាងស្ត្រី។ ម៉្យាងទៀត អ្នកមានសក់ ឬស្បែកក្បាលប្រេងងាយកើតអង្គែបំផុត។ តាមការសិក្សាមួយបានបង្ហាញថា ការមានមានអង្គែអាចទាក់ទងនឹងជំងឺលើប្រព័ន្ធសរសៃប្រសាទដូចជាជំងឺ Parkinson ជាដើម។
២. តើមានវិធីសាស្ត្រអ្វីខ្លះក្នុងការបង្ការអង្គែ?
អង្គែអាចកើតម្តងហើយម្តងទៀតបានគ្រប់ពេលបើមិនរក្សាអនាម័យឱ្យបានខ្ជាប់ខ្ជួនទេនោះ។ ដូច្នេះ អ្នកត្រូវរក្សាស្បែកក្បាល ដោយកក់សក់ជាទៀងទាត់យ៉ាងហោចណាស់៣ ដងក្នុងមួយសប្តាហ៍ និងធ្វើការម៉ាស្សាថ្នមៗ។ ចៀសវាងការប្រើសារធាតុគីមីលើស្បែកក្បាល ដូចជាលាបពណ៌សក់ ជែលលាបសក់ ស្ព្រៃយន៍បាញ់សក់ និងកាត់បន្ថយស្ត្រេសជាដើម៕
- ស្រាវជ្រាវ រៀបរៀង និងកែសម្រួលដោយ៖ ក្រុមការងារ សុខក្រម (Sokhakrom)