(+855) 11 909 020 / 69 909 011

តើអ្នកកំពុងរំខានដោយជំងឺផ្សិតនៅក្រចកឬ?

ក្រចកដៃ ឬជើងឡើងចំណុចស ឬលឿងខាងចុងផ្នែកក្រោមក្រចកអាចប្រហែលបង្កឡើងពីពពួកផ្សិត។ មានមូលហេតុជាច្រើនដែលជំរុញឱ្យអ្នកមានជំងឺផ្សិតក្រចកនេះ ហើយអ្នកក៏ប្រហែលកំពុងទទួលរងនូវផលរំខានរបស់វាដោយមិនដឹងខ្លួន។

១.ហេតុអ្វីបានជាមានផ្សិតនៅក្រចក?

ផ្សិតនៅក្រចកអាចកើតឡើងចំពោះមនុស្សគ្រប់វ័យ ប៉ុន្តែភាគច្រើនគឺមនុស្សចាស់ ដោយហេតុថា ក្រចកចាស់តាមអាយុកាល យូរទៅធ្វើឱ្យក្រចកផុយ ស្ងួត ជាលទ្ធផលឱ្យក្រចកប្រេះបែកដែលអាចឱ្យពពួកផ្សិតងាយឆ្លងចូលបាន។ កត្តាផ្សេងទៀតដូចជា ការថយចុះនូវលំហូរឈាម ទៅជើង និងប្រព័ន្ធការពាររាងកាយខ្សោយ។
ដែលធ្វើឱ្យលេចចេញនូវសញ្ញា
• ក្រចកឡើងក្រាស់ ហើយឡើងពណ៌ស ឬលឿងត្នោត
• ក្រចកផុយ ស្រួយ ខូចទ្រង់ទ្រាយ
• ក្រចកឡើងពណ៌ប្រផះដោយសារមានកំណក កម្ទេចកម្ទីក្នុងក្រចក និងមានធុំក្លិនស្អុយ
ផ្សិតច្រើនកើតលើក្រចកជើងជាងក្រចកដៃ ហើយជាញឹកញាប់វារាលដាលទៅស្ទើគ្រប់ក្រចក។

២. តើអ្នកស្ថិតក្នុងហានិភ័យនេះដែរឬទេ?

បុគ្គលមួយចំនួនអាចកំពុងស្ថិតក្នុងហានិភ័យនៃជំងឺផ្សិតនៅក្រចកនេះដោយមិនដឹងខ្លួន ក្នុងនោះរួមមាន៖
• មនុស្សចាស់ ដោយសារមានការថយចុះនូវលំហូរឈាម
• អ្នកឧស្សាហ៍បែកញើសញឹកញាប់ពេក
• អ្នកមានប្រវត្តិធ្លាប់មានជំងឺផ្សិតលើក្រចកពីមុន
• អ្នកមានទម្លាប់ដើរជើងទទេរពិសេសនៅអាងទឹក កន្លែងហាត់ប្រាណ និងបន្ទប់ងូតទឹក
• អ្នកមានរបួសនៅស្បែក ឬក្រចក ឬបញ្ហាស្បែកដូចជា Psoriasis
• អ្នកមានជំងឺទឹកនោមផ្អែម បញ្ហាលំហូរឈាម ឬខ្សោយប្រព័ន្ធការពាររាងកាយ។

គ្រោះថ្នាក់ធ្ងន់ធ្ងរនៃផ្សិតនៅក្រចក គឺធ្វើឱ្យអ្នកជំងឺអាចមានការឈឺចាប់កាន់តែខ្លាំង និងអាចបង្កឱ្យមានការបំផ្លាញក្រចករបស់អ្នកជាអចិន្ត្រៃយ៍។

៣. តើអ្នកអាចកាត់បន្ថយដោយរបៀបណា?

វិធីសាស្ត្រខាងក្រោមអាចកាត់បន្ថយហានិភ័យ និងផលវិបាកនៃផ្សិតនៅក្រចករបស់អ្នកបាន៖
• លាងសម្អាតដៃ និងជើងជាប្រចាំ ហើយក៏ត្រូវលាងដៃបន្ទាប់ពីប៉ះក្រចកដែលមានមេរោគ និងផ្តល់សំណើមដល់ក្រចកបន្ទាប់ពីលាងសម្អាតរួច
• កាត់តំរឹមក្រចកជាប្រចាំ ហើយត្រូវសម្អាតកន្ត្រៃកាត់ក្រចកឱ្យស្អាត
• ពាក់ស្រោមជើងដែលអាចជ្រាបទឹក ឬញើសបាន ហើយត្រូវផ្លាប់ប្តូរជាប្រចាំ
• ជ្រើសរើសស្បែកជើងដែលមិនធ្វើឱ្យជើងរបស់អ្នកហប់ខ្លាំងពេក
• ត្រូវពាក់ស្បែកជើងគ្រប់ពេល មិនថាអ្នកដើរនៅអាងហែលទឹក ឬកន្លែងណាមួយ
• កាត់បន្ថយ ឬបញ្ឈប់ការពាក់ក្រចក។

ប្រសិនបើផ្សិតនៅក្រចកធ្វើឱ្យអ្នកឈឺចាប់ និងក្រាស់ខ្លាំង នោះអ្នកត្រូវធ្វើការព្យាបាលជាមួយគ្រូពេទ្យជំនាញ។ ម៉្យាង អ្នកត្រូវចាំថាផ្សិតក្រចកភាគច្រើនអាចលាប់ឡើងវិញ ទោះបីធ្លាប់ព្យាបាលជាសះស្បើយដោយ៕ 

- ស្រាវជ្រាវ រៀបរៀង និងកែសម្រួលដោយ៖ ក្រុមការងារ សុខក្រម (Ms.DN)