(+855) 11 909 020 / 69 909 011

តើអ្នកជំងឺពុកឆ្អឹងគួរហាត់ប្រាណបែបណាទើបមានសុវត្តិភាព? 

ជាទូទៅ ការហាត់ប្រាណពិតជាផ្ដល់អត្ថប្រយោជន៍ច្រើនណាស់ចំពោះសុខភាព តែចំពោះអ្នកជំងឺពុកឆ្អឹង បើហាត់ប្រាណដោយគ្មានការណែនាំពីគ្រូពេទ្យ ស្ថានភាពជំងឺពុកឆ្អឹងរបស់ពួកគេកាន់តែធ្ងន់ធ្ងរ រហូតឈានដល់ការបាក់ឆ្អឹង។ 

ដូច្នេះ បើអ្នកជំងឺពុកឆ្អឹងចង់ហាត់ប្រាណ ជំហ៊ានដំបូងបំផុត អ្នកជំងឺពុកឆ្អឹង ចាំបាច់ត្រូវប្រឹក្សាជាមួយគ្រូពេទ្យរបស់អ្នកជាមុនសិន ឬធ្វើតេស្តមួយចំនួនដូចជាដង់ស៊ីតេរបស់ឆ្អឹង និងការវាយតម្លៃ លើលំហាត់ប្រាណ។ 

ទន្ទឹមនឹងការណែនាំឱ្យអ្នកជំងឺពុកឆ្អឹងទៅជួបគ្រូពេទ្យវាយតម្លៃពីដង់ស៊ីតេឆ្អឹង អ្នកជំងឺពុកឆ្អឹងទាំងអស់ក៏គួរតែដឹងពីប្រភេទកីឡាដែលសាកសមសម្រាប់ខ្លួន ដូចបង្ហាញជូនខាងក្រោមនេះ៖

- ការហ្វឹកហាត់ដោយប្រើកម្លាំង ដូចជាការលើកទម្ងន់ ដើម្បីពង្រឹងសាច់ដុំ ពិសេសសាច់ដុំឆ្អឹងខ្នង ដែលជាអ្នកទទួលខុសត្រូវក្នុងការរក្សានូវឥរិយាបទមួយចំនួន និងរក្សាដង់ស៊ីតេរបស់ឆ្អឹង។ 
- លំហាត់ប្រាណប្រភេទ aerobic ដោយប្រើជើង ជាមួយឆ្អឹងទ្រទម្ងន់របស់អ្នក ដែលរួមមាន ការដើរ រាំ ហាត់ដោយម៉ាស៊ីន ឡើងជណ្តើរ។ លំហាត់ប្រាណនេះ ដំណើរការដោយផ្ទាល់ទៅលើឆ្អឹងជើង ត្រគាក និងចង្គេះរបស់អ្នក ដើម្បីបន្ថយការបាត់ បង់សារធាតុរ៉ែ។ 
- លំហាត់ប្រាណបែបបត់បែន ដែលជាការធ្វើចលនាសន្លាក់ជួយឱ្យសាច់ដុំធ្វើការបានល្អ។ អ្នកអាចហាត់ដោយការបត់បែនដងខ្លួនយឺតៗ បន្ទាប់ពីអ្នកបានធ្វើការកម្លាំសាច់ដុំក្នុងរយៈពេល១០នាទីរួច។ អ្នកអាចនឹងត្រូវប្រឹក្សាជាមួយគ្រូពេទ្យអំពីប្រភេទនៃការបត់បែនសមស្របសម្រាប់អ្នក។
- លំហាត់ប្រាណបែបស្ថេរភាព និងរក្សាតុល្យភាព ជួយឱ្យសាច់ដុំដំណើរការក្នុងពេលជាមួយគ្នាដើម្បីរក្សាលំនឹង និងបន្ថយការធ្លាក់ ឬដួល។ លំហាត់ប្រាណបែបស្ថេរភាពទាំងនោះរួមមាន ការឈរជើងមួយ ឬចលនាយឺតៗ មួយៗ បែបថៃជិជាដើម។

គួរបញ្ជាក់ផងដែរថា កីឡាដែលអ្នកជំងឺពុកឆ្អឹងគួរតែជៀសវាងនោះគឺ  ការលោត រត់ ឬរត់ត្រឹកៗ ការវាយកូហ្គោល តឺនីន និងយោគៈប្រភេទខ្លះ៕ 

- ស្រាវជ្រាវ រៀបរៀង និងកែសម្រួលដោយ៖ ក្រុមការងារ សុខក្រម (Ms.DN)