(+855) 11 909 020 / 69 909 011

យល់ដឹងពីមុខងារខុសៗគ្នារវាងខួរឆ្អឹងក្រហម និងខួរឆ្អឹងលឿង

ដូចអ្នកបានជ្រាប់រួចមកហើយថា ឆ្អឹង នៃប្រព័ន្ធគ្រោងឆ្អឹង មានមុខងារសំខាន់ក្នុងការទ្រទ្រង់រាងកាយ បំលាស់ទី ផលិតកោសិកាឈាម និងស្តុកជាតិខ្លាញ់ជាដើម។ រីឯ ជាលិកាទន់នៅក្នុងឆ្អឹង ហៅថា ខួរឆ្អឹង ដែលត្រូវបានបែងចែកជាពីរប្រភេទ គឺ ខួរឆ្អឹងក្រហម និង ខួរឆ្អឹងលឿង។ ខួរឆ្អឹងទាំងពីរប្រភេទនេះ មានមុខងារពិសេសខុសៗគ្នា។   

១. ខួរឆ្អឹងក្រហម 

មុខងារសំខាន់នៃខួរឆ្អឹងក្រហម គឺជួយផលិតកោសិកាឈាម។ វាមានកោសិកាឈាមដើម ហៅថា Hematopoietic ដែលអាចវិវឌ្ឍទៅជាកោសិកាឈាមខុសៗគ្នា រួមមាន៖ 
•    កោសិកាឈាមក្រហម មានតួនាទីដឹកនាំឈាមដែលសម្បូរអុកស៊ីសែន ទៅកាន់កោសិកាផ្សេងៗនៃរាងកាយ។
•    កោសិកាប្លាកែត មានតួនាទីជួយធ្វើឱ្យមានកំណកឈាម និងការពារការហូរឈាមដែលមិនអាចគ្រប់គ្រងបាន។
•    កោសិកាឈាមស គឺមានច្រើនប្រភេទ ហើយតួនាទីរបស់ពួកវាគឺជួយរាងកាយប្រឆាំងនឹងការឆ្លងមេរោគ។

២. ខួរឆ្អឹងលឿង 

មុខងារសំខាន់នៃខួរឆ្អឹងលឿង គឺស្តុកទុកនូវជាតិខ្លាញ់ម្យ៉ាង ហៅថា Adipocytes ដែលជាប្រភពនៃថាមពលតាមតម្រូវរបស់ការរាងកាយ។ វាមានកោសិកាដើមហៅថា Mesemchymal ដែលអាចវិវឌ្ឍទៅជាឆ្អឹង ជាតិខ្លាញ់ ឆ្អឹងខ្ចី ឬកោសិកាសាច់ដុំ។ 

គួរបញ្ជាក់ថា នៅពេលដែលមនុស្សយើងឈានចូលដល់វ័យមួយ ហៅថា «មនុស្សពេញវ័យ» ខួរឆ្អឹងក្រហមចាប់ផ្ដើមបាត់បង់ ហើយជំនួសមកវិញដោយខួរឆ្អឹងលឿង។ ដូច្នេះហើយ ទើបចាប់ពីមនុស្សពេញវ័យឡើងទៅ ខួរឆ្អឹងភាគច្រើន គឺខួរឆ្អឹងលឿង។ រីឯខួរឆ្អឹងក្រហម ដែលនៅសេសសល់ អាចមាននៅក្នុងប្រភេទឆ្អឹងមួយចំនួន ដូចជា ឆ្អឹងក្បាល ឆ្អឹងខ្នង ឆ្អឹងជំនីរ ចុងឆ្អឹងដៃខាងលើ ឆ្អឹងត្រគាក ចុងឆ្អឹងភ្លៅ និងឆ្អឹងកំភួនជើង។ 

- ស្រាវជ្រាវ រៀបរៀង និងកែសម្រួលដោយ៖ ក្រុមការងារ សុខក្រម (Sokhakrom)