(+855) 11 909 020 / 69 909 011

កម្ចាត់មុនខ្នងដោយវិធីធម្មជាតិ៣យ៉ាងដ៏មានប្រសិទ្ធភាព 

ដូចអ្នកបានដឹងរួចមកហើយ អំពីអត្ថប្រយោជន៍របស់ផ្លែប៉េងប៉ោះ ក្រូចឆ្មា និងអំបិល ក្នុងការកម្ចាត់មុន។ បន្តទៅនេះ «សុខក្រម» នឹងពន្យល់អ្នកពីវិធីក្នុងការយកគ្រឿងផ្សំទាំង៣ កម្ចាត់មុនខ្នង ដែលទទួលបានប្រសិទ្ធភាពខ្ពស់។ 

១. ប៉េងប៉ោះ ៖ យកផ្លែប៉េងប៉ោះ១ផ្លែ ពុះជាពីរ ឆ្កឹះគ្រាប់ចេញ រួចយកមកត្រដុះលើខ្នង ទុកចោល១៥នាទី ទើបលាងសម្អាតជាមួយទឹកស្អាតធម្មតាចេញជាការស្រេច។ សារជាតិក្នុងផ្លែប៉េងប៉ោះ មិនត្រឹមតែជួយកម្ចាត់មុនខ្នងទេ ថែមទាំងជួយបន្ថយស្លាកស្នាមមុនខ្នងចាស់ៗថែមទៀតផង។ សូមអនុវត្តវិធីនេះឱ្យបាន ២ទៅ៣ក្នុង១សប្ដាហ៍ និងឱ្យបាន២ទៅ៣សប្ដាហ៍។ 

២. ក្រូចឆ្មា ៖ យកក្រូចឆ្មាពុះជាពីរត្រដុះលើខ្នង ឬច្របាច់យកទឹកលាបលើខ្នង ទុកចោលឱ្យស្ងួតប្រហែល១៥នាទី។ បន្ទាប់មកលាងសម្អាតជាមួយទឹកក្ដៅឧណ្ហៗជាការស្រេច។ សូមអនុវត្តវិធីនេះឱ្យបាន ២ ទៅ ៣ ក្នុង១សប្ដាហ៍ និងឱ្យបាន២ទៅ៣សប្ដាហ៍ នោះអ្នកនឹងឃើញលទ្ធផលជាទីគាប់ចិត្ត។ តែយ៉ាងណា ក្រោយអនុវត្តវិធីនេះ សូមកុំឱ្យស្បែកខ្នងត្រូវថ្ងៃ ឬពន្លឺព្រះអាទិត្យ។ ចំពោះអ្នកមានស្បែកខ្នងស្ដើង មិនគួរអនុវត្តវិធីនេះទេ។    

៣. អំបិល ៖ ការងូតទឹកអំបិលត្រូវបានឱ្យដឹងថា មានប្រសិទ្ធភាពក្នុងការកម្ចាស់មុនខ្នងផងដែរ។ ដូច្នេះ បើសិនជាអ្នកខ្ជិលអនុវត្តវិធីខាងលើ អាចជ្រើសរើសវិធីនេះបាន តែយ៉ាងណាសូមអនុវត្តឱ្យបានញឹកញាប់ និងច្រើនដងក្នុង១សប្ដាហ៍។ 

គួរបញ្ជាក់ថា រាល់ការអនុវត្តវិធីខាងលើប្រសិនបើអ្នកមានអារម្មណ៍ថា មិនត្រូវនឹងស្បែកខ្នងរបស់អ្នក ដូចជា រមាស់ ឬផ្សាខ្លាំង សូមបញ្ឈប់ជាបន្ទាន់៕ 

- ស្រាវជ្រាវ រៀបរៀង និងកែសម្រួលដោយ៖ ក្រុមការងារ សុខក្រម (Sokhakrom)