ដូចអ្នកបានដឹងរួចពីមុនមកហើយថា ផលវិជ្ជមាននៃការសម្រករាង គឺពិតជាប្រសើរណាស់សម្រាប់ការរស់នៅប្រចាំថ្ងៃ ពិសេសជួយបន្ថយហានិភ័យជំងឺមួយចំនួន ដូចជា ជំងឺលើសឈាម ទឹកនោមផ្អែម ខ្សោយបេះដូង និងរលាកសន្លាក់ជាដើម។ (គួរបញ្ជាក់ថា មនុស្សធាត់ ឬលើសទម្ងន់ កត្តាហានិភ័យខ្ពស់ណាស់ចំពោះជំងឺទាំងនេះ)
តែយ៉ាងណាមិញ ទន្ទឹមនឹងអ្នកបានដឹងពីផលវិជ្ជមាន អ្នកក៏ត្រូវដឹងពីផលអវិជ្ជមានដែលបណ្ដាលមកពីការសម្រកទម្ងន់ផងដែរ។ ជាក់ស្ដែង ការសម្រកទម្ងន់នឹងផ្ដល់ផលប៉ះពាល់ដល់សុខភាព ប្រសិនបើ៖
- តមចំណីអាហារ ៖ ការតមចំណីអាហារខ្លះៗដែលជាមូលហេតុធ្វើឱ្យឡើងទម្ងន់ អាចត្រូវបានអនុវត្តលើអ្នកសម្រកទម្ងន់ ក៏ប៉ុន្តែ បើការតមចំណីអាហារនោះខ្លាំងពេក រហូតស្ទើរតែមិនបរិភោគអាហារអ្វីសោះ ឬរំលងការបរិភោគអាហារណាមួយក្នុងពេលទាំង៣ (អាហារព្រឹក ថ្ងៃ និងល្ងាច) នោះវានឹងផ្ដល់ផលប៉ះពាល់ដល់ក្រពះ នោះគឺជំងឺក្រពះ។
- ការប្រើប្រាស់ផលិតផល ៖ សព្វថ្ងៃនេះ មានហាងលក់ផលិតផលសម្រកទម្ងន់ជាច្រើន ពិសេសការលក់នៅតាមអនឡាញ ដូច្នេះ ការជ្រើសរើសផលិតផលសម្រករាងគ្មានប្រភពច្បាស់លាស់ និងមិនទទួលស្គាល់ដោយគ្រូពេទ្យជំនាញ អាចបណ្ដាលឱ្យអ្នកប្រើប្រាស់រងផលវិបាកមួយចំនួន ដូចជា អស់កម្លាំង ឆាប់វិលមុខ គេងមិនសូវលក់ រាគរូសញឹកញាប់ ហើយពិសេសនោះគឺ វ័យឆាប់ចាស់ ស្បែកឆាប់ជ្រីវជ្រួញ យារ និងស្លេកស្លាំង៕
- ស្រាវជ្រាវ រៀបរៀង និងកែសម្រួលដោយ៖ ក្រុមការងារ សុខក្រម (Sokhakrom)