(+855) 11 909 020 / 69 909 011

បញ្ហាបាក់ស្បាត​ដែលធ្វើឱ្យកុមារងាយជួបប្រទះបំផុត

សុខភាព៖ សុខភាពចិត្ត ឬបញ្ហាផ្លូវចិត្តពិតជាសំខាន់ចំពោះក្មេង ពិសេសការបាក់ស្បាត ដែលពេលខ្លះអ្នកជាអាណាព្យាបាលពុំចាប់អារម្មណ៍ដោយសារភាពមមាញឹកនៃអាជីព និងការងារប្រចាំថ្ងៃ។

១. តើក្មេងបាក់ស្បាតកើតពីមូលហេតុចម្បងអ្វីខ្លះ? 

ក្មេងអាចទទួលរងនូវការបាក់ស្បាត ៤%អាយុក្រោម១៨ឆ្នាំ និងកើតមានចំពោះក្មេងស្រីច្រើនជាងក្មេងប្រុស ប្រសិនពួកគេធ្លាប់បានឆ្លងកាត់នូវបទពិសោធន៍ឈឺចាប់ណាមួយដូចខាងក្រោម៖

  • ស្ត្រេស រួមជាមួយនឹងការរងរបួសណាមួយក្នុងជីវិត
  • និស្ស័យផ្ទាល់ខ្លួនបន្តពីជំនាន់មុន
  • ខ្វះការលើកទឹកចិត្ត ការយកចិត្តទុកដាក់ ឬការទ្រទ្រង់ពីគ្រួសារ និងមិត្តភក្តិ
  • ធ្លាប់មានប្រវត្តិគ្រួសារមានការធ្លាក់ទឹកចិត្ត និងថប់បារម្ភ ឬកើតមានលើខ្លួនក្មេងផ្ទាល់
  • ដំណើរនៃខួរក្បាលដែលបញ្ចេញជាទៀងទាត់នូវសារធាតុគីមី និងអ័រម៉ូនរបស់រាងកាយដើម្បីឆ្លើយតបនឹងស្ត្រេស
  • ការទទួលទានជាតិអាល់កុល ឬថ្នាំញៀនលើសកម្រិត
  • ការបំពាបំពានរាងកាយ ហឹង្សាផ្លូវភេទ ការរំលោភ ការគំរាមដោយអាវុទ្ធ គ្រោះថ្នាក់ ភ្លើងឆេះ ឬគ្រោះធម្មជាតិជាដើម។ 

២. តើធ្វើបែបណាដើម្បីការពារកូនរបស់អ្នកពីបញ្ហានេះ?

  • បង្រៀនក្មេង ឬកូនរបស់អ្នកឱ្យចេះបដិសេដចំពោះអ្នកដែលព្យាយាមប៉ះពាល់រាងកាយ ឬធ្វើឱ្យពួកគេភិតភ័យ
  • រក្សាទំនាក់ទំនងរវាងឪពុកម្តាយ ជាមួយកូន ឬអ្នកជិតខាង តាមរយៈសកម្មភាពក្នុងគ្រួសារ ការនិយាយ ឬប្រាស្រ័យទាក់ទងគ្នាទៅវិញទៅមក 
  • មានពេលវេលាគ្រប់គ្រាន់សម្រាប់គ្រួសារ ចៀសវាងអំពើហឹង្សាក្នុងគ្រួសារតាមគ្រប់រូបភាព
  • ផ្តល់ការគាំទ្រ និងការប្រឹក្សាយ៉ាងល្អសម្រាប់ក្មេងដែលប្រឈមនឹងភាពឈឺចាប់ដូចរៀបរាប់ខាងលើ
  • លើកកម្ពស់កម្មវិធីការពារជាមួយសហគមន៍ ឬប្រព័ន្ធសាលារៀនតាមតំបន់។

អ្នកជាឪពុកម្តាយគួរពិនិត្យឡើងវិញនូវចំណុចខាងលើ និងធ្វើការកែប្រែតាមដែលអាចធ្វើបាន ដើម្បីអនាគតកូនរបស់អ្នកគេចផុតពីការបាក់ស្បាតដ៏គ្រោះថ្នាក់នេះ៕

- ស្រាវជ្រាវ រៀបរៀង និងកែសម្រួលដោយ៖ ក្រុមការងារ សុខក្រម (Ms.DN)