(+855) 11 909 020 / 69 909 011

ញ៉ាំដើម្បីស្រកទម្ងន់

តើអ្នកកំពុងពិបាកចិត្តដោយសារឡើងគីឡូ ឬទម្ងន់ហាក់មិនស្រកស្រុតដូចការរំពឹងទុកមែនទេ?

ទោះបីអ្នកព្យាយាមកាត់បន្ថយអាហារក៏ដោយ តែអ្នកសង្កេតឃើញថា ទម្ងន់មិនថយ និងពេលខ្លះរឹតតែធ្វើឲ្យធាត់លើសដើម។ ទាំងអស់នេះអាចដោយសារអ្នកមិនបានស្វែងយល់ឲ្យបានច្បាស់អំពីប្រភេទ និងការទទួលទានត្រឹមត្រូវ។

១. អាហារណាខ្លះគួរទទួលទាន?

• ស៊ុត៖ ផ្ទុកនូវប្រតេអ៊ីន និងសារធាតុចិញ្ចឹមជាច្រើនដូចជា វីតាមីនD និងកូលីនមានទំនោរជួយសម្រកទម្ងន់ជាពិសេសបើអ្នកទទួលទាននៅពេលព្រឹក ព្រោះថាប្រូតេអ៊ីនអាចជួយទប់មិនឲ្យអ្នកឆាប់ឃ្លានរហូតដល់អាហារថ្ងៃត្រង់ និងជួយឲ្យអ្នកទទួលតិចពេញមួយថ្ងៃ។
• សណ្តែក៖ គ្រប់ប្រភេទសណ្តែកទាំងអស់គឺជាប្រភពនៃជាតិសរសៃដែលអ្នកមិនគួរមើលរំលងបើអ្នកកំពុងចង់សម្រកទម្ងន់ ព្រោះវាជួយឲ្យអ្នកមានអារម្មណ៍ថាឆ្អែតបានយូរ និងគ្រប់គ្រងការឃ្លាន។ ក្រៅពីសម្រកទម្ងន់ ផលិតផលសណ្តែក អាចបន្ថយសម្ពាធឈាម និងកម្រិតកូឡេស្តេរ៉ូលមិនល្អ ដែលបង្កជាបញ្ហាសរសៃឈាមបេះដូងបាន ដោយលោកអ្នកអាចទទួលទានសណ្តែកបានគ្រប់ពេល។
• យ៉ាអួរ៖ សម្បូរដោយប្រូបាយអូទិក ដែលល្អចំពោះសុខភាពក្រពះ-ពោះវៀន និងអាចបង្កើនការស្រកទម្ងន់ក្នុងកម្រិតខ្ពស់។ សុខភាពក្រពះ-ពោះវៀនអាចប៉ះពាល់ ឬទាក់ទងដល់ទម្ងន់ ហើយការទទួលទានជាតិសរសៃ និងប្រូបាយអូទិក អាចបង្កើនបាក់តេរីល្អក្នុងក្រពះ-ពោះវៀនរបស់អ្នក ដែលអាចសម្រួលដល់មេតាប៉ូលីសអាហារបានល្អ។

២. អាហារណាខ្លះមិនគួរទទួលទាន?

• ភេសជ្ជ និងអាហារមានជាតិស្ករ ឬកាល់ឡូរីខ្ពស់ ដូចជាសូដា ភេសជ្ជៈសម្រាប់អ្នកកីឡា និងទឹកផ្លែឈើ ដែលសម្បូរដោយជាតិស្ករជាងសារធាតុចិញ្ចឹម។ 
• អាហារប្រភេទដុត នំដុត អាហារចៀន ហេមប៊ឺហ្គរ អាហារកែច្នៃ នំបុ័ង បាយស ផ្លែឈើក្រៀម ការ៉ែម សាច់កែច្នៃ អាល់កុល ឬស្រា និងសូកូឡាជាដើម។

៣. តើគន្លឺះនៃការញ៉ាំណាខ្លះគួរអនុវត្ត?

• ទទួលទានទៀងទាត់ ទៀងពេល ញ៉ាំទឹកឲ្យបានគ្រប់គ្រាន់ បង្កើនការទទួលទានបន្លែ-ផ្លែឈើ និងរក្សាការទទួលទានអាហារសម្បូរជាតិសរសៃ
• ប្រើចានអាហារតូចៗ ទម្លាប់អានសារធាតុផ្សំដែលបានបិតលើអាហារមុនញ៉ាំ បង្កើតគម្រោងរបបអាហារប្រចាំថ្ងៃ និងធ្វើលំហាត់ប្រាណជាប្រចាំ
• ញ៉ាំ៤ទៅ៥ដងតិចៗ ក្នុងមួយថ្ងៃ ញ៉ាំពេលធ្វើលំហាត់ប្រាណ ញ៉ាំអាហារមានកាល់ឡូរីត្រឹមម៉ោង៦ល្ងាច និងឈប់ទទួលទានត្រឹមម៉ោង៨យប់
• មិនទម្លាប់អត់អាហារពេលព្រឹក មិនរក្សាអាហារមិនល្អក្នុងផ្ទះ បន្ថយអាហារមានជាតិអាល់កុល។
ជឿជាក់ថាអ្នកនឹងស្រកទម្ងន់ដូចអ្វីដែលអ្នកប៉ង ប្រសិនអ្នកធ្វើការស្វែងយល់ និងអនុវត្តនូវចំណុចខាងលើ៕

- ស្រាវជ្រាវ រៀបរៀង និងកែសម្រួលដោយ៖ ក្រុមការងារ សុខក្រម (Ms.DN)