រោមតូចៗនៅលើបបូរមាត់ ពុំមែនជាក្ដីប្រាថ្នារបស់សុភាពនារីឡើយ តែវាធ្វើក្ដីកង្វល់ និងអារម្មណ៍អៀនខ្មាស់ខ្លាំងទៅវិញទេ ដែលមើលទៅហាក់ដូចជាមនុស្សប្រុសយ៉ាងអញ្ចឹង។
ដូច្នេះហើយ ទើបពួកគាត់ប្រើប្រាស់គ្រប់វិធីដើម្បីបំបាត់រោមពុកមាត់ទាំងនោះ ដូចជា ការបិតបកស្កុត និងដករោមជាដើម។ ប៉ុន្តែវិធីទាំង២យ៉ាងនេះ មិនប្រាកដថា វាមិនដុះមកវិញនោះទេ ហើយម្យ៉ាងទៀត ទោះវាពុំផ្ដល់ការឈឺចាប់ខ្លាំង តែវាក៏ឈឺចាប់ និងប៉ះពាល់សុខភាពផងដែរ ព្រោះការដករោមមិនមែនជារឿងល្អឡើយ។
ខាងក្រោមនេះជា វិធីបែបធម្មជាតិក្នុងការជួយបន្ថយការលូតលាស់នៃរោមតូចៗនៅលើបបូរមាត់ និងជួយជម្រុះរោមទាំងនោះចេញ។
១. យកទឹកឃ្មុំ២ស្លាបព្រាបាយ ម្សៅស្រូវសាលី១ស្លាបបាយ ទឹកក្រូចឆ្មា ២ ស្លាបព្រាកាហ្វេ លាយគ្រឿងផ្សំទាំង៣មុខនេះបញ្ចូលគ្នាកូរឱ្យសព្វ រួចយកវាមកលាបផ្នែកខាងលើបបូរមាត់ ទុកចោល ១៥ នាទី សឹមលាងចេញជាការស្រេច។
២. យកស៊ុតយកផ្នែកពណ៌ស ស្ករស និងម្សៅពោត លាយបញ្ចូលចូលគ្នាកូរឱ្យសព្វ រួចយកមកលាបលើរោមតូចៗនោះ ទុកចោលកន្លះម៉ោង រួចលាងចេញជាមួយទឹកធម្មតាជាការស្រេច។
៣. យកស្ករស និងទឹកក្រូចឆ្មារ លាយបញ្ចូលចូលគ្នាកូរឱ្យសព្វ រួចយកមកលាបលើរោមតូចៗនោះ ទុកចោល១៥នាទី រួចលាងចេញជាមួយទឹកធម្មតាជាការស្រេច។
៤. យកម្សៅរមៀតមួយស្លាបព្រា និងទឹកដោះគោឆៅមួយស្លាបព្រាកាហ្វេលាយបញ្ចូលគ្នាកូរឱ្យសព្វ រួចយកមកលាបលើរោមតូចៗនោះ រួចយកម្រាមដៃមកត្រដុសថ្នមៗរហូតស្ងួត (ដុសបញ្ច្រាស់ទិសរោម) រួចលាងចេញជាមួយទឹកធម្មតាជាការស្រេច។
គួរបញ្ជាក់ថា អ្នកអាចជ្រើសរើសវិធីណាមួយខាងលើមកអនុវត្តបានបើសិនគិតថាងាយស្រួលសម្រាប់ខ្លួនឯងអនុវត្ត ហើយដើម្បីប្រសិទ្ធភាពខ្ពស់ សូមអ្នកអនុវត្តវិធីណាមួយខាងលើនេះ ឱ្យបានជិត១សប្ដាហ៍ នោះអ្នកនិងឃើញពីលទ្ធផលរបស់វា៕
- ស្រាវជ្រាវ រៀបរៀង និងកែសម្រួលដោយ៖ ក្រុមការងារ សុខក្រម (Sokhakrom)