១. និយមន័យ
ជំងឺស្ទះសរសៃឈាមបេះដូង គឺជាប្រភេទជំងឺដែលសរសៃឈាមបេះដូងហូរទៅចិញ្ចឹមបេះដូងពុំបានគ្រប់គ្រាន់ ដែលបណ្ដាលមកពីជាតិខ្លាញ់ស្ទះសរសៃឈាមបេះដូង។
២. វ័យប្រឈម
កាលពីមុនអ្នកជំងឺស្ទះសរសៃឈាមមានតែក្នុងវ័យចាប់ពី ៦៥ឆ្នាំឡើង។ តែសព្វថ្ងៃនេះ ដោយសារតែ មានការវិវឌ្ឍន៍នៃការរស់នៅ និងរបបអាហារ ភាគច្រើននៃអ្នកជំងឺស្ទះសរសៃឈាមបេះដូងគឺ វ័យ ៤០ ឆ្នាំឡើង តែក៏មានអ្នកជំងឺខ្លះមានវ័យ ៣០ឆ្នាំក្រាស់ដែរ។
៣. រោគសញ្ញា
អ្នកជំងឺឈឺ ណែន ចំកណ្ដាលដើមទ្រូង និងឈឺចាប់ថ្គាមទាំងសងខាង ស្មា និងដៃខាងឆ្វេង។ នេះជារោគសញ្ញាជាក់ស្ដែងច្បាស់ជាងគេ នៃជំងឺស្ទះសរសៃឈាមបេះដូង។
អ្នកជំងឺខ្លះបានច្រឡំថា ការចុកចុងដង្ហើមរបស់ខ្លួន ជារោគសញ្ញាជំងឺក្រពះ តែការពិតវាជារោគសញ្ញាជំងឺស្ទះសរសៃឈាមបេះដូង ដូច្នេះ ទម្រាំតែនាំអ្នកជំងឺមកដល់មន្ទីរពេទ្យអាចមានការយឺតយ៉ាវ។
ចំពោះអ្នកជំងឺទឹកនោមផ្អែមខ្លះ ដែលកើតជំងឺស្ទះសរសៃឈាមបេះដូង គឺរោគសញ្ញាពុំសូវលេចឡើងឡើយ ការឈឺចុកទ្រូងរបស់គាត់ អាចជារោគសញ្ញានៃជំងឺស្ទះសរសៃឈាមបេះដូង។
៤. មូលហេតុ
កត្តាចម្បងដែលបង្កឱ្យកើតជំងឺស្ទះសរសៃឈាមបេះដូង គឺ ៖
- ការធ្វើរការងារច្រើនម៉ោង
- កង្វះការលេងកីឡា
- ស្រ្តេស
ក្រៅពីនេះមានមូលហេតុបន្ទាប់បន្សំជាច្រើនទៀត រួមមាន ៖
- អ្នកជំងឺលើសឈាម និងអ្នកជំងឺទឹកនោមផ្អែម ដែលពុំបានព្យាបាលត្រឹមត្រូវ អាចបណ្ដាលឱ្យកើតជំងឺស្ទះសរសៃឈាមបេះដូង
- អ្នកពិសាបារីយូរឆ្នាំ មិនត្រឹមតែស្ទះសរសៃឈាមបេះដូងទេ ថែមទាំងប្រឈមការដាច់សរសៃឈាម
- អ្នកឡើងជាតិខ្លាញ់
- អាយុកាន់តែច្រើន ការប្រឈមជំងឺស្ទះសរសៃឈាមបេះដូងក៏កាន់តែខ្ពស់
- ប្រវត្តិគ្រួសារធ្លាប់កើតជំងឺ
ជាកត្តារួមផ្សំគ្នាផងដែរ ការបរិភោគច្រើន តែកង្វះការហាត់ប្រាណ ក៏ចូលរួមចំណែកបង្កឱ្យជួបប្រទះបញ្ហាស្ទះសរសៃឈាមបេះដូង។
៥. រោគវិច្ឆ័យ
ចំពោះការធ្វើរោគវិន្ឆ័យដើម្បីឱ្យប្រាកដថា នរណាម្នាក់កើតជំងឺស្ទះសរសៃបេះដូងឬអត់គឺ ៖
- គ្រូពេទ្យនឹងចាប់ផ្ដើមវាស់ចង្វាក់បេះដូង
- ឆ្លុះអេកូសរសៃឈាមបេះដូង
- សាកសួរប្រវត្តអ្នកជំងឺ និងអាការអ្នកជំងឺនៅពេលសង្ស័យថាស្ទះសរសៃឈាមបេះដូង
គួរបញ្ជាក់ថា សម្រាប់អ្នកជំងឺខ្លះ ដែលចុះដើមទ្រូង តែពិនិត្យរកមិនឃើញស្ទះសរសៃឈាមបេះដូង គ្រូពេទ្យនឹងមានវិធីធ្វើតេស្រ្តបញ្ជាក់បន្ថែម។
៦. ការព្យាបាល
ការព្យាបាលជំងឺស្ទះសរសៃឈាមបេះដូង មាន ៣ វិធី ដោយផ្អែកលើការធ្វើរោគវិនិច្ឆ័យ ជាក់ស្ដែង៖
- បើឆ្លុះសរសៃឈាមឃើញថា សរសៃឈាមស្ទះក្រោម ៧០% ការព្យាបាលនឹងត្រូវធ្វើឡើងដោយការប្រើថ្នាំ។
- បើឆ្លុះសរសៃឈាមឃើញថា ចំពោះអ្នកជំងឺលើសឈាមលើសពី ៧០% គ្រូពេទ្យនឹងព្យាបាលដោយដាក់រសឺពង្រីកសរសៃឈាម ដើម្បីឱ្យចរន្តឈាមទៅចិញ្ចឹមបេះដូងវិញជាធម្មតា។
- ក្នុងករណីធ្ងន់ធ្ងរវិញ បើឆ្លុះសរសៃឈាមឃើញថា សរសៃឈាមស្ទះច្រើន ទាំងសរសៃឈាមធំ នោះការព្យាបាលត្រូវធ្វើឡើងដោយការវះកាត់ទ្រូង ដើម្បីតសរសៃឈាមថ្មី។
៧. ផលវិបាក
ជំងឺស្ទះសរសៃឈាមបេះដូង គឺតម្រូវឱ្យអ្នកជំងឺត្រូវមកជួបគ្រូពេទ្យឱ្យបានទាន់ពេលវេលា ទើបមានឱ្យកាសច្រើនក្នុងការជួយសង្រ្គោះ។
ក្នុងករណីដែលអ្នកជំងឺមកមន្ទីរពេទ្យយឺតយ៉ាវ ប្រឈមនឹងផលវិបាកដូចជា ៖
- ធ្វើឱ្យគាំងបេះដូង
- បេះដូងវិលខ្លាំង (វិបត្តិបេះដូង)
- ធ្វើឱ្យហត់ ជាលទ្ធផលហើមសួត
គួរបញ្ជាក់ថា ភាគច្រើនអ្នកជំងឺស្ទះសរសៃឈាមធំ ដែលមកព្យាបាលយឺតពេល អាចបណ្ដាលឱ្យគាំងបេះដូង និងស្ដើងបេះដូងរហូតធ្លាយស្លាប់ភ្លាមៗតែម្ដង។
៨. ក្រោយការព្យាបាល និងដំបូន្មានសម្រាប់អ្នកជំងឺ
- ទី១ បើអ្នកជំងឺគ្រាន់ស្ទះសរសៃឈាមក្រោម ៧០% អ្នកជំងឺត្រូវលេបថ្នាំ លេងកីឡា និងមកជួបគ្រូពេទ្យដើម្បីកំណត់ពីប្រភេទកីឡាដែលខ្លួនគួរលេង។
- ទី២ ចំពោះអ្នកជំងឺដាក់រសឺ ត្រូវលេងកីឡាឱ្យបានទៀងទាត់ មិនតម្រូវឱ្យតមអាហារអ្វីច្រើនទេ លើកលែងតែអ្នកជំងឺសរសៃឈាមបេះដូងដែលកើតជំងឺលើសឈាមត្រូវតមប្រៃ ជំងឺទឹកនោមផ្អែមត្រូវតមជាតិស្ករ លើសជាតិខ្លាញ់ត្រូវតមខ្លាញ់ និងបារីត្រូវតមឈប់ពិសាបារី។
- ទី៣ ចំពោះអ្នកជំងឺតសរសៃឈាមបេះដូង (ដោយមានការវះកាត់) ៣ខែ ទៅ៦ខែ ត្រូវថ្នមខ្លួន និងថែរក្សាសុខភាព ហើយមិនណែនាំឱ្យលេងកីឡាភ្លាមៗនោះទេ ហើយត្រូវតមអាហារ បន្ថយការជក់បារី និងអនុវត្តតាមការណែនាំវេជ្ជបញ្ជាររបស់គ្រូពេទ្យ។
៩. ដំបូន្មាន
- លេងកីឡាឱ្យបានទៀងទាត់ យ៉ាងហោចណាស់ ២ថ្ងៃម្ដង ដោយ១ដង លេងកីឡាឱ្យាបន៤៥នាទី
- បរិភោគអាហារឱ្យបានត្រឹមត្រូវ
- ឆែកសុខភាពជាមួយគ្រូពេទ្យ ៦ខែម្ដង
- កុំពិសាបារី
- កុំបណ្ដោយឱ្យខ្លួនស្រ្តេសខ្លាំង
- បកស្រាយដោយ៖ វេជ្ជបណ្ឌិតឯកទេស ម៉ម ចាន់ដារ៉ា នាយកមន្ទីរសំរាកព្យាបាលជំងឺបេះដូងពិភពថ្មី
- យកបទសម្ភាសន៍ រៀបរៀង និងកែសម្រួលដោយ៖ ក្រុមការងារ សុខក្រម (Sokhakrom)
@រក្សាសិទ្ធិគ្រប់អត្ថបទ រូបភាព សំឡេង និងវីដេអូ ដោយ សុខក្រម (Sokhakrom)