១. តើអ្វីជាការពត់ធ្មេញ?
ការពត់ធ្មេញ ជាវិធីព្យាបាលបែបវេជ្ជសាស្រ្តមួយដែលជួយតម្រង់ជួរធ្មេញ ជួយបង្កើនសោភ័ណ្ឌភាពមាត់ធ្មេញ និងមុខងារទំពារត្រឹមត្រូវទៅតាមកំណាំធ្មេញរបស់យើង។
២. តើហេតុផលសំខាន់អ្វីខ្លះដែលតម្រូវឱ្យយើងពត់ធ្មេញ?
- ករណីធ្មេញដុះមកខុសជួរ
- ករណីធ្មេញដុះមកមានចន្លោះ
- ករណីធ្មេញខាងលើចេញមកក្រៅខ្លាំងពេក
- ករណីធ្មេញផ្នែកខាងក្រោម លេចចេញមកខាងមុខខុសពីធម្មតា
៣. តើស្ថិតក្នុងវ័យអាយុប៉ុន្មានដែលអាចធ្វើការពត់ធ្មេញបាន?
ការពត់ធ្មេញបែងចែកជា២ដំណាក់កាល៖
- ដំណាក់កាលទី១៖ អាចធ្វើបានតាំងពីកុមារភាព ធ្វើយ៉ាងណានាំកុមារមុនអាយុ៧ឆ្នាំមកជួបគ្រូពេទ្យឯកទេសផ្នែកពត់ធ្មេញ ដើម្បីធ្វើការពិនិត្យ ក៏ដូចជាអោយកុមារត្រៀមខ្លួនក្នុងការទទួលបានការព្យាបាល។ កុមារចាប់ពីអាយុ ៥ឆ្នាំ ទៅ ១២ឆ្នាំ អាចធ្វើការពត់ធ្មេញបានដោយប្រើ Myobrace។
- ដំណាក់កាលទី២៖ អាចធ្វើបានចាប់ពីអាយុ១២ឆ្នាំឡើងទៅ ដែលហៅថាជាការពត់ធ្មេញសម្រាប់វ័យចំណាស់ ឫវ័យធំ។ ការពត់ធ្មេញបែបនេះនឹងធ្វើទៅបានក្នុងលក្ខណ្ឌខុសៗគ្នា ដោយអាស្រ័យទៅលើបញ្ហាប្រឈមរបស់បុគ្គលម្នាក់ៗ។
៤. តើការពត់ធ្មេញប៉ះពាល់ដល់សុខភាពមាត់ធ្មេញដែរទេនៅថ្ងៃក្រោយ?
ផលប៉ះពាល់ បែងចែកជាក្នុងកំឡុងពេលពត់ធ្មេញ និងក្រោយពេលពត់ធ្មេញ៖
- កំឡុងពេលពត់ធ្មេញ៖ នៅពេលអ្នកជំងឺមិនបានសម្អាត ថែទាំ និងតាមដានពិនិត្យធ្មេញអោយបានត្រឹមត្រូវ គាត់នឹងប្រឈមនឹងការពុកធ្មេញ រលាកអញ្ចាញធ្មេញ និងបញ្ហានានាទាក់ទងនឹងឫសធ្មេញ។
- ក្រោយពេលពត់ធ្មេញ៖ អ្នកជំងឺត្រូវសហការជាមួយគ្រូពេទ្យ ដែលតម្រូវអោយដាក់ឧបករណ៍ម្យ៉ាងឈ្មោះ Retainer ដើម្បីទប់ធ្មេញកុំអោយរេមកសភាពដើម ឫប្រែទៅស្ថានភាពហានិភ័យណាមួយ។
៥. តើការពត់ធ្មេញមានរយៈពេលប៉ុន្មានឆ្នាំដែរ?
ពេលវេលានៃការពត់ធ្មេញ គឺអាស្រ័យទៅតាមប្រភេទធ្មេញ ក៏ដូចជាសហការពីអ្នកជំងឺ។ ក្នុងនោះគឺបែងចែកជា៣កំរិត៖
- កំរិតធម្មតា៖ ការពត់ធ្មេញចន្លោះពី ៦ខែ ទៅ ១ឆ្នាំ ក្នុងករណីមិនមានការដកធ្មេញ ឫគ្រាន់តែបិទប្រលោះធ្មេញតិចតួច។
- កំរិតមធ្យម៖ ការពត់ធ្មេញ ចន្លោះពី ១ឆ្នាំ ទៅ ១ឆ្នាំន្លះ ក្នុងករណីទ្រុសប្រលោះក្នុងការទាញធ្មេញ ឫពាក់កៅស៊ូ។
- កំរិតធ្ងន់ធ្ងរ៖ ការពត់ធ្មេញដែលចាប់ពី ២ឆ្នាំ ដែលអាចឡើងដល់ ៥ឆ្នាំ ក្នុងករណីមានការដកធ្មេញតិចឫច្រើន ស្ថានភាពធ្មេញបញ្ជ្រួសខ្លាំង ឫក៏ធ្មេញកប់។ ក្រៅពីនេះក៏មានកត្តារួមផ្សំ ដែលប៉ះពាល់ដល់ការពន្យាពេលវេលានៃការពត់ធ្មេញ ដូចជាគម្រោងនៃការព្យាបាលមិនបានត្រឹមត្រូវ ការដែលមិនមកពិនិត្យតាមការកំណត់ ការជាប់ភារៈកិច្ចនានាដែលអាចមានដកដាក់ជាញឹកញាប់ រួមជាមួយការទទួលទានអាហារសាច់ដែលស្វិត និងរឹងដែលប៉ះពាល់ដល់ដំណាក់កាលព្យាបាល។
៦. តើមានដំបូន្មានអ្វីខ្លះដែលអ្នកពត់ធ្មេញត្រូវដឹង?
មុនពេលសម្រេចចិត្តក្នុងការពត់ធ្មេញ គឺអ្នកជំងឺត្រូវសិក្សាលើពេលវេលាដែលខ្លួន ពីព្រោះការពត់ធ្មេញទាមទារពេលវេលាយ៉ាងហោចណាស់ក៏២ឆ្នាំដែរ ទន្ទឹមនឹងនេះផងដែរ ថវិការនិងការសហការក៏ជាកត្តាសំខាន់ ដោយសារការពត់ធ្មេញគឺតម្រូវអោយមានការចំណាយខ្ពស់ និងទាមទារការអត់ធ្មត់ក្នុងកំឡុងពត់ផងដែរ៕
- បកស្រាយដោយ៖ ទន្តបណ្ឌិត ណម ចំណាន ប្រធានផ្នែកគ្លីនិកនៃមន្ទីរព្យាបាលធ្មេញមែលវីន
- យកបទសម្ភាសន៍ រៀបរៀង និងកែសម្រួលដោយ៖ ក្រុមការងារ សុខក្រម (Sokhakrom)
@រក្សាសិទ្ធិគ្រប់អត្ថបទ រូបភាព សំឡេង និងវីដេអូ ដោយ សុខក្រម (Sokhakrom)