(+855) 11 909 020 / 69 909 011

តើអ្វីជាជំងឺគ្រោះថ្នាក់សរសៃឈាមខួរក្បាល? 

១. ជំងឺគ្រោះថ្នាក់សរសេរឈាមខួរក្បាល 

ជំងឺគ្រោះថ្នាក់សរសៃរឈាមខួរក្បាល គឺមានចំណុច២ធំៗគឺ ៖
ទី១. សរសៃឈាមរួមតូច ធ្វើឱ្យស្ទះ បង្កឱ្យមានផលប៉ះពាល់ដល់ចរន្តឈាមទៅកាន់ខួរក្បាលបាន 
ទី២. ការរួមត្បៀតតូចនៃសរសៃឈាម ធ្វើឱ្យចរន្តឈាមមិនអាចទៅកាន់ខួរក្បាលបាន និងមានកំណកឈាមរត់ចេញពីបេះដូង ទៅស្ទះត្រង់សរសៃឈាមខួរក្បាលរបស់យើង មិនបង្កឱ្យស្ទះទេ តែធ្វើឱ្យដាច់សរសៃឈាមតែម្ដង ដូច្នេះកាលណាដាច់សរសៃឈាម ឈាមនឹងហូរចេញតាមសរសៃ ហើយប៉ះពាល់ដល់ផ្នែកខួរក្បាល។  

២. សញ្ញាសម្គាល់


- ធ្លាក់មុខមួយចំហៀង 
- ដៃទន់  
- និយាយឡុលៗ និងនិយាយស្ដាប់មិនច្បាស់ 
- ជំងឺធ្វើទុក្ខ និងលេចចេញរោគសញ្ញាគ្រោះថ្នាក់សរសេរឈាមខួរក្បាលភ្លាមៗតែម្ដង

៣. មូលហេតុបង្ក

- ការរួមត្បៀតសរសៃឈាមដោយសារតែវ័យចាស់ជរា (ដោយសារតែកំណកខ្លាញ់រុំសរសៃឈាម ធ្វើឱ្យសរសៃឈាមរួមតូច បណ្ដាលឱ្យចរន្តឈាមដំណើរការមិនបានល្អ)
- ជំងឺបេះដូង បង្កឱ្យមានកំណកឈាម ធ្វើឱ្យស្ទះសរសៃឈាមរត់ទៅកាន់ខួរក្បាល 
- ជំងឺលើសឈាម ក៏ជាមូលហេតុបង្កឱ្យកើតជំងឺស្ទះសរសៃឈាមខួរក្បាល 

៤. កត្តាហានិភ័យ 

មានកត្តាហានិភ័យជាច្រើនដែលប្រឈមនឹងជំងឺគ្រោះថ្នាក់សរសៃឈាមខួរក្បាល ដូចជា ៖ 

- អ្នកជំងឺលើសឈាម ប្រឈមខ្ពស់បំផុត និងការស្ទះសរសៃឈាមខួរក្បាល 
- ជំងឺទឹកនោមផ្អែម 
- ខ្លាញ់រុំសរសៃឈាម (ខ្លាញ់រុំសរសៃឈាមបេះដូង)
- ការទទួលទានសុរាច្រើនហួសកម្រិត និងរយៈពេលយូរ 
- ការជក់បារី បង្កើតសម្ពាធដល់បេះដូង និងខួរក្បាល ដូច្នេះ បារីគឺបង្កបញ្ហាច្រើនទាក់ទងនឹងជំងឺសួត បេះដូង និងខួរក្បាល 
- កត្តាប្រើប្រាស់ថ្នាំពន្យាកំណើត ជាពិសេសអ្នកធាត់ប្រើប្រាស់ថ្នាំពន្យាកំណើត គឺប្រឈមនឹងជំងឺស្ទះសរសៃឈាមខួរក្បាល 
- ការឡើងទម្ងន់ខ្លាំងជ្រុល  
- ការថយចុះនូវសកម្មភាពហាត់ប្រាណ ឬមិនធ្វើសកម្មភាពហាត់ប្រាណឱ្យបានទៀងទាត់ 
- ការបរិភោគអាហារសាច់ច្រើនជាងបន្លែ 
- ការសិក្សានៅបរទេសរកឃើញថា ការអត់ងងុយ ការធ្វើការលើសម៉ោងច្រើនពេក និងតានតឹងផ្លូវចិត្តខ្លាំងពេក ក៏ប្រឈមជំងឺស្ទះសរសៃឈាមខួរក្បាលផងដែរ។  

៥. ការព្យាបាល 

សព្វថ្ងៃនេះ ក្នុងប្រទេសកម្ពុជាមន្ទីរពេទ្យធំៗថ្នាក់ជាតិ បានរៀបចំការព្យាបាលជំងឺស្ទះសរសៃឈាមខួរក្បាលទៅតាមស្តង់ដារបស់ក្រសួង និងលក្ខណះអន្តរជាតិ។ តែយ៉ាងណាមិញ ការចាក់រំលាយសរសៃឈាមខួរក្បាលដែលស្ទះ គឺមានប្រសិទ្ធភាពជាងការព្យាបាល តែមានតម្លៃសេវាព្យាបាលថ្លៃ និងត្រូវចាក់មុនពេល៤ម៉ោងកន្លះ ក្រោយដឹងថា អ្នកជំងឺកើតជំងឺស្ទះសរសៃឈាមខួរក្បាល។ ទោះបីយ៉ាងណាក៏ដោយ ក៏ការចាក់រំលាយសរសៃឈាមខួរក្បាលដែលស្ទះ នៅតែពុំទាន់មានលទ្ធផលគួរជាទីគាប់ចិត្ត ជាក់ស្ដែង តាមការប៉ាន់ស្មាន អ្នកជំងឺស្ទះសរសៃឈាមខួរក្បាល ១០០នាក់ មានតែ ២០នាក់ប៉ុណ្ណោះ ដែលមានភាពប្រសើរឡើង។

៦. វិធីបង្ការ 

នៅក្នុងប្រទេសកម្ពុជា គេសង្កេតឃើញថា ជំងឺលើសឈាមមានការកើនឡើង ដូច្នេះ ហានិភ័យនៃជំងឺស្ទះ ឬដាច់សរសៃឈាមខួរក្បាល ក៏កើនឡើងខ្ពស់ដែរ (ជំងឺលើសឈាម ជាមូលហេតុចម្បងមួយដែលបង្កឱ្យកើតជំងឺស្ទះ ឬដាច់សរសៃឈាមខួរក្បាល)។ ដូច្នេះ វិធានការល្អប្រសើរគឺ ត្រូវការពារខ្លួនពីជំងឺលើសឈាម វានឹងជួយបន្ថយហានិភ័យជំងឺគ្រោះថ្នាក់សរសៃឈាមខួរក្បាល ឬជំងឺស្ទះ ឬដាច់សរសៃឈាមខួរក្បាល ដល់ទៅ៤០% រីឯអ្នកជំងឺលើសឈាមវិញ ត្រូវព្យាបាល និងលេបថ្នាំបានត្រឹមត្រូវ និងទៀងទាត់តាមការណែនាំរបស់គ្រូពេទ្យ។ 

ចំពោះអ្នកមានប្រវត្តិគ្រួសារ កើតជំងឺគ្រោះថ្នាក់សរសៃឈាមខួរក្បាល គឺត្រូវស្វែងយល់ពីផលវិបាក ការទប់ស្កាត់ និងកត្តាគ្រោះថ្នាក់នៃជំងឺនេះដោយខ្លួនឯង។ ការព្យាបាលជំងឺស្ទះ ឬដាច់សរសៃឈាមខួរក្បាល ៖
- ២៥% ជាការព្យាបាលលើកទី១ 
- ២៥% មរណភាព 
- ២៥% ពិការភាព 
- ២៥% ទៀត គឺអ្នកជំងឺរស់នៅក្នុងស្ថានភាពមួយដែលលំបាកខ្លាំង ដើរមិនកើត កម្រើកមិនបាន ដែលទាមទារឱ្យមានការមើលថែអ្នកជំងឺ ១០០% ។ 

សរុបជារួមមក ដើម្បីកាត់បន្ថយហានិភ័យ ឬបង្ការខ្លួនពីជំងឺស្ទះ ឬដាច់សរសៃឈាមខួរក្បាល គឺត្រូវចៀសវាងឱ្យឆ្ងាយពីមូលហេតុបង្ក និងកត្តាហានិភ័យ ដូចបានរៀបខាងលើនេះ។ ខាងក្រោមនេះជាការបង្ហាញជូនផងដែរ ៖ 
- ចំពោះអ្នកជំងឺលើសឈាម និង បេះដូង...គឺត្រូវស្វែងរកសេវាព្យាបាលឱ្យបានត្រឹមត្រូវ 
- កាត់បន្ថយការទទួលទានសាច់ បារី ស្រា និងភេសជ្ជៈមានជាតិអង់ហ្វេតាម៉ីន
- ចំពោះអ្នកមានបញ្ហាផ្លូវចិត្ត សូមស្វែងរកការអប់រំផ្លូវចិត្តឱ្យបានច្រើន តាមរយៈសិក្ខាសាលា ការទស្សនាវីដេអូអប់រំផ្លូវចិត្ត ឬអានសៀវភៅបណ្ដុះគំនិតវិជ្ជមានជាដើម  
- សូមហាត់ប្រាណឱ្យបានយ៉ាងហោចណាស់៣០នាទី ក្នុងមួយថ្ងៃ និងយ៉ាងហោចណាស់ឱ្យបាន៥ថ្ងៃ ក្នុង ១សប្ដាហ៍ (ត្រូវប្រាកដថា គីឡូ និង កំពស់ សាកសមជាមួយយើង)

- បកស្រាយដោយ៖ សាស្ត្រាចារ្យមហាបរិញ្ញា វេជ្ជបណ្ឌិត ជុំ ណាវុធ នាយកផ្នែកសរសៃប្រសាទនៃមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត  
- យកបទសម្ភាសន៍ រៀបរៀង និងកែសម្រួលដោយ៖ ក្រុមការងារ សុខក្រម (Sokhakrom)
@រក្សាសិទ្ធិគ្រប់អត្ថបទ រូបភាព សំឡេង និងវីដេអូ ដោយ សុខក្រម (Sokhakrom)