១. តើអ្វីទៅជំងឺទឹកដក់ក្នុងភ្នែក-Glaucoma?
ជំងឺទឹកដក់ក្នុងភ្នែក (Glaucoma) គឺជាក្រុមជំងឺមួយដែលប៉ះពាល់សសៃវិញ្ញាណភ្នែក (Optic nerve) ដែលធ្វើអោយភ្នែកមានលក្ខណៈស្រវាំង និងដែលគំហើញថយចុះ ដែលមានសម្ពាធទឹកក្នុងភ្នែកឡើងខ្ពស់ខុសពីធម្មតា។
២. តើនរណាខ្លះងាយកើតជំងឺទឹកដក់ក្នុងភ្នែកនេះជាងគេ?
អ្នកដែលប្រឈមនឹងជំងឺនេះមាន៖
- នៅលើវ័យមនុស្សចាស់ចាប់ពីអាយុ ៤០ឆ្នាំឡើងទៅដែលកើតច្រើនជាងគេ
- អ្នកដែលមានបញ្ហាត្រូវរបួសភ្នែកក៏អាចមានជំងឺទឹកដក់ក្នុងភ្នែក
- អ្នកមានជំងឺភ្នែកឡើងបាយដែលមិនបានវះកាត់
- ការប្រើប្រាស់ថ្នាំ Steroid
- ជំងឺទឹកដក់ក្នុងភ្នែកពីកំណើតលើកុមារ (ជួបប្រទះតិចតួច)
គេសង្កេតឃើញថាស្ត្រីអាចកើតច្រើនជាងបុរសប្រមាណជា ២ដងនៃបុរស ជាពិសេសជនជាតិអាស៊ី ឬអាហ្រ្វិចក៏ជាកត្តាប្រឈមនៃការកើតជំងឺទឹកដក់ក្នុងភ្នែកច្រើនជាងប្រទេសនៅតំបន់អ៊ឺរ៉ុបដោយសារលក្ខណៈជាត់ពណ៍ (Melanin)ក្នុងភ្នែកមានច្រើនជាង។
៣. តើជំងឺទឹកដក់ក្នុងភ្នែកមានរោគសញ្ញាអ្វីខ្លះ?
ជំងឺទឹកដក់ក្នុងភ្នែកមាន ២ប្រភេទ៖
ក) ជំងឺទឹកដក់ក្នុងភ្នែកប្រភេទមុំបិទ (Close angle glaucoma) ចែកចេញជា ២យ៉ាង ស្រួយស្រាវ និងរ៉ាំរ៉ៃ
- ជំងឺទឹកដក់ក្នុងភ្នែកប្រភេទមុំបិទស្រួយស្រាវមានរោគសញ្ញាដូចជា ឈឺខ្លាំង ឈឺចុកក្នងគ្រាប់ភ្នែក ក្រហមភ្នែក ស្រវាំងភ្នែកខ្លាំង ឈឺក្បាល ចង់ក្អួត ជា ពិសេសនៅកន្លែកងងឹត ហើយបើធ្វើការវាស់សម្ពាធទឹកក្នុងភ្នែកនឹងឃើញសម្ពាធទឹកក្នុងភ្នែកឡើងខុសពីធម្មតាពី ១០ ទៅ ២០ មីលីម៉ែតបារ៉ត
- ជំងឺទឹកដក់ក្នុងភ្នែកប្រភេទមុំបិទរ៉ាំរ៉ៃមានរោគសញ្ញាដូចជា អ្នកជំងឺមានលក្ខណៈស្រវាំងភ្នែក (ដែនគំហើញ) ពីខាងៗមកមុនហើយសម្ពាធទឹកក្នុងភ្នែក ឡើង ប្រសិនបើយើងធ្វើការពិនិត្យមើលទៅឃើញកញ្ចក់ភ្នែកមានលក្ខណៈហើមម្តងម្កាល ត្រង់គល់នៃសសៃវិញ្ញាណភ្នែក(Optic nerve)មានលក្ខណៈខូង ជ្រៅ បើយើងពិនិត្យដោយម៉ាស៊ីន OCT Scan យើងសង្កេតឃើញថាស្រទាប់បាតភ្នែក ទាំងគល់នៃសសៃបាតភ្នែកមានលក្ខណៈស្តើង និងខូងជាងមុន ហើយវានឹងវិវត្ត៏បន្តិចម្តងៗរហូតធ្វើអោយភ្នែកស្រវាំង ក្នុងករណីនេះអ្នកជំងឺគួរួសរាន់ប្រញ៉ាប់ជួបជាមួយគ្រូពេទ្យជំនាញ មិនដូចនេះទេអ្នកជំងឺអាច នឹងឈានដល់ការពិការភ្នែកទាំងស្រុងតែម្តង ដែលមិនអាចព្យាបាលអោយត្រឡប់មកភាពដើមបានទេ។
ខ) ជំងឺទឹកដក់ក្នុងភ្នែកប្រភេទមុំបើក (Open-angle glaucoma) គេចង់សំដៅលក្ខណៈទំរង់ភ្នែក (ថតមុខនៃភ្នែក) មានមុំបើកតែវាអាចកើតជំងឺទឹកដក់ក្នុងភ្នែកមានន័យថាការផលិតទឹកក្នុងភ្នែកមានលក្ខណៈធម្មតាប៉ុន្តែការហូរចេញមានលក្ខណៈយឺតជាងធម្មតា ហើយគេសង្កេតឃើញថាជំងឺនេះវាមានលក្ខណៈស្ងប់ស្ងាត់សន្សឹមៗ ដែលដែនគំហើញរបស់អ្នកជំងឺមានលក្ខណៈថយចុះ ស្រវាំងបន្តិចម្តងៗ ដែលអ្នកជំងឺមិនដឹងខ្លួន គ្មានការឈឺចាប់ មិនក្រហមភ្នែកឬពពឹកភ្នែក ឬរលាកភ្នែកទេ វាមានលក្ខណៈច្រើនខែច្រើនឆ្នាំ
ចុងក្រោយអាចធ្វើអោយពិការភ្នែកទាំងស្រុងបាន
៤. ប្រសិនបើមិនមានការព្យាបាលត្រឹមត្រូវអ្នកជំងឺអាចមានផលវិបាកអ្វីខ្លះ?
ការព្យាបាលទៅតាមមូលហេតុរបស់វា ក្នុងករណីជំងឺទឹកដក់ក្នុងភ្នែកប្រភេទមុំបិទរ៉ាំរ៉ៃអ្នកជំងឺគួរួសរាន់ប្រញ៉ាប់ជួបជាមួយគ្រូពេទ្យឯកទេសភ្នែកដើម្បីព្យាបាលទាន់ពេលវេលា ព្រោះការព្យាបាលវាអាចជួយពន្យានៃការមើលឃើញរបស់អ្នកជំងឺអោយបានវែងឆ្ងាយទៅមុខទៀត មិនដូចនេះទេអ្នកជំងឺអាចនឹងឈានដល់ការពិការភ្នែកទាំងស្រុងតែម្តង ដែលមិនអាចព្យាបាលអោយត្រឡប់មកភាពដើមបានទេ។
៥. តើគ្រូពេទ្យធ្វើរោគវិនិច្ឆ័យជំងឺទឹកដក់ក្នុងភ្នែកយ៉ាងដូម្ដេច?
គ្រូពេទ្យឯកទេសភ្នែកនឹងធ្វើការពិនិត្យភ្នែកទៅតាមរោគសញ្ញាតំបូង ឬរោគសញ្ញាដែលរកឃើញដោយគ្រូពេទ្យនិងការវិភាគផ្សេងៗទៀតទៅលើភ្នែក ដែលយើងអាចរកឃើញថាមានជំងឺទឹកដក់ក្នុងភ្នែកពឹតប្រកដ និងការពិនិត្យដោយម៉ាស៊ីន (OTC Scan)ដើម្បីធ្វើរោគវិនិឆ្ឆ័យបានកាន់តែច្បាស់។
៦. តើជំងឺទឹកដក់ក្នុងភ្នែកព្យាបាលយ៉ាងដូចម្ដេច?
ការព្យាបាលជំងឺទឹកដក់ក្នុងភ្នែកមានច្រើនប្រភេទទៅតាមមុំបឹទឬមុំបើក និងដំណាក់កាលនៃជំងឺ។ ដំណាក់កាលដំបូងៗមានលក្ខណៈប្រហាក់ប្រហែលគ្នាគឺការប្រើប្រាស់ថ្នាំ ដូចជាថ្នាំបន្តក់ភ្នែក និងថ្នាំលេបក្នុងគោលបំណងជួយបន្ថយនូវសម្ពាធទឹកក្នុងភ្នែក បន្ថយការផលិតទឹកក្នុងភ្នែក និងបង្កើនការហូរចេញទឹកក្នុងភ្នែកអោយហូរច្រើនជាងមុនដើររក្សាកាពារនូវសម្ពាធទឹកក្នុងភ្នែកកុំអោយឡើងខុសពីធម្មតា។
ប្រសិនបើការប្រើប្រាស់ថ្នាំមិនមានប្រសិទ្ធិភាព គេនឹងធ្វើការវិនិច្ឆ័យលើការប្រើប្រាស់កាំរស្មីឡាស៊ែ ឬការវះកាត់។
ដូច្នេះយើងគួរធ្វើការការពិនិត្យភ្នែក ១ឆ្នាំម្តង ឬ ២ឆ្នាំម្តងអោយបានទៀងទាត់ជាពិសេសអ្នកមានអាយុចាប់ពី ៤០ឆ្នាំឡើងទៅ ជាពិសេសប្រសិនបើយើងសង្ស័យថាមានជំងឺទឹកដក់ក្នុងភ្នែក យើងគួររួសរាន់ប្រញ៉ាប់ធ្វើការពិគ្រោះជាមួយគ្រូពេទ្យឯកទេសភ្នែក។
- បកស្រាយដោយ៖ សាស្រ្តាចារ្យជំនួយវេជ្ជ. ម៉ារ អមរិន្ទ វេជ្ជបណ្ឌិត ឯកទេសភ្នែកនៃមន្ទីរពេទ្យព្រះអង្គឌួង និង ជានាយកគ្លីនិកភ្នែក អមរិន្ទ-ម៉ុងឌីយ៉ាល់
- យកបទសម្ភាសន៍ រៀបរៀង និងកែសម្រួលដោយ៖ ក្រុមការងារ សុខក្រម (Sokhakrom)
@រក្សាសិទ្ធិគ្រប់អត្ថបទ រូបភាព សំឡេង និងវីដេអូ ដោយ សុខក្រម (Sokhakrom)