(+855) 11 909 020 / 69 909 011

ឆ្អឹងស្ពោត- Osteopenia

ឆ្អឹងស្ពោតគឺជាការថយនូវកំហាប់ឆ្អឹង ឬឆ្អឹងចាប់ផ្តើមខ្សោយហើយឆ្អឹងក៏ចាប់ផ្តើមស្តើងឬងាយស្រួយ។នៅពេលដែលឆ្អឹងចាប់ផ្តើមស្តើងទៅៗពីមួយថ្ងៃទៅមួយថ្ងៃនោះវានឹងងាយវិវត្តន៍ទៅជាបញ្ហាពុកឆ្អឹង។ភាគច្រើនទាក់ទងនឹងបញ្ហាកង្វះជាតិកាល់ស្យូមក្នុងឆ្អឹងនិងមួលហេតុផ្សេងៗទៀត។

រោគសញ្ញា៖

អ្នកជំងឺភាគច្រើនមិនមានរោគសញ្ញាអ្វីស្តែងចេញឲ្យដឹងនោះទេរហូតទាល់តែឆ្អឹងចាប់ផ្តើមពុកឬស្រាំប្រេះដែលមនុស្សមួយចំនួននឹងមានរោគសញ្ញាដូចជាឈឺចុករោយតាមឆ្អឹងខ្នង ឆ្អឹងជើងជាដើម។ 

កត្តាប្រឈមមុខនឹងបញ្ហាឆ្អឹងស្ពោត៖

  • មនុស្សស្រីក្រោយអស់រដូវ ដែលមានការថយចុះនូវអរម៉ូនភេទអេស្ត្រូសែន។
  • ចំពោះបុរសដែលមានការថយចុះនូវអរម៉ូនភេទ តេស្តូស្តេរ៉ូន។
  • អ្នកដែលផឹកស្រាច្រើននិងជក់បារី។
  • អ្នកដែលប្រើថ្នាំបំបាត់ឬប្រឆាំងការរលាក( ដូចជាក្រុមថ្នាំ Prednisolone, prednisone)។
  • អ្នកដែលធ្លាប់មានប្រវិត្តដួលឬបាក់ឆ្អឹង។
  • អ្នកដែលមានប្រវិត្តក្រុមគ្រួសារមានបញ្ហាពុកឆ្អឹង។
  • អ្នកដែលបញ្ហាវិបិត្តជំងឺពោះវៀនបឺតស្រូបមិនល្អ។
  • អ្នកដែលមានបញ្ហាកង្វះជាតិកាល់ស្យូមនិងវីតាមីនD  ។
  • អ្នកដែលមានបញ្ហាវិបិត្តអរម៉ូនដូចជាជំងឺ Hyperparathyroidism, Hyperthyroidism, Cushing syndrome។
  • អ្នកដែលមានបញ្ហាជំងឺរលាកសន្លាក់ ។

ការកំណត់រោគវិនិច្ឆ័យ៖

ការកំណត់រោគវិនិច្ឆ័យគឺអាចកំណត់បានតាមរយៈការវាស់ថ្លឹងពីកំហាប់ឆ្អឹង ( Bone mineral density ) ដែលអាចឲ្យដឹងពីកំរិតនៃឆ្អឹងស្ពោតបាន។ ជាទូរទៅអ្នកដែលមានបញ្ហាឆ្អឹងស្ពោតគឺមិនងាយដឹងនោះទេរហូតទាល់តែធ្វើការវាស់កំហាប់ឆ្អឹង។

ការការពារនិងការព្យាបាល៖

គោលបំណងនៃការព្យាបាលបញ្ហាឆ្អឹងស្ពោតគឺ​ ការការពារនិងព្យាបាលដោយទប់មិនឲ្យមានការវិវត្តន៍ទៅជាឆ្អឹងពុក។

  • ត្រូវធ្វើរបបអាហារនិងធ្វើការហាត់ប្រាណឲ្យបានត្រឹមត្រូវ។
  • ត្រូវបញ្ឈប់ការប្រើប្រាស់ថ្នាំផ្តេសផ្តាស់ដោយគ្មានវេជ្ជបញ្ជាត្រឹមត្រូវ។
  • ត្រូវទទួលទានជាតិកាល់ស្យូមនិងវីតាមីនD ឲ្យបានគ្រប់ចំនួន​ (1200mg នៃជាតិកាល់ស្យូមនិង  800 IU នៃវីតាមីន D)។

 បកស្រាយដោយ៖ វេជ្ជបណ្ឌិត សុខ ពុទ្ធី(Health Education Series)

កែសម្រួលដោយ៖ ក្រុមការងារ សុខក្រម (Sokhakrom)

- អត្ថបទផ្តល់ដោយ៖​ Vadhanak Vichea Clinic-មន្ទីរសម្រាកព្យាបាលវឌ្ឍនៈវិជ្ជា