(+855) 11 909 020 / 69 909 011

យល់ដឹងពី៖ មនុស្សចាស់ និងការវិវត្តន៍នៃសរីរាង្គ

យោងតាមអង្គការសុខភាពពិភពលោក (WHO) បានឱ្យនិយមន័យ «មនុស្សចាស់»ថា ជាមនុស្សដែលមានអាយុចាប់ពី ៦៥ឆ្នាំឡើងទៅ រួមផ្សំនឹងកាវិវត្តន៍ផ្លាស់ប្តូរទាំងសុខភាពផ្លូវចិត្ត និងផ្លូវកាយដូចជា៖

១~ឆ្អឹង និង សន្លាក់

ឆ្អឹងចាប់ផ្តើមបាត់បង់ភាពហាប់ណែនបន្តិចម្តងៗ ធ្វើឱ្យឆ្អឹងចាប់ផ្តើមខ្សោយ និងងាយបាក់។ ចំពោះស្ត្រីវ័យចំណាស់បន្ទាប់ពីអស់រដូវ គឺកំហាប់របស់ឆ្អឹងងាយបាត់បង់ដោយសារខ្វះការផលិត កំឡុងពេលការលូតលាស់ធម្មតារបស់ឆ្អឹង។ ជាពិសេសឆ្អឹង ដែលបាត់បង់ភាពហាប់ណែនរបស់វា គឺដោយសារការខ្វះជាតិកាល់ស្យូម ដែលជួយឱ្យឆ្អឹងរឹងមាំ។

ចំនួនជាតិកាល់ស្យូមថយចុះដោយសាររាងកាយរបស់យើងបឺតស្រូបបានតិចតួចពីចំណីអាហារ។ លើសពីនេះទៀតជាតិវីតាមីនដេ គឺមានសារះសំខាន់ណាស់ព្រោះវាជួយឲ្យរាងកាយយើងបឺតស្រូបជាតិកាល់ស្យូមបានល្អ។ឆ្អឹងភាគច្រើនងាយប៉ះពាល់ជាងគេគឺឆ្អឹងត្រកៀក ឆ្អឹងដៃ ឆ្អឹងខ្នង។

ឆ្អឹងខ្នងចាប់ផ្តើមបាត់បង់ភាពណែននិងធ្វើឱ្យមានការបាត់បង់ជាតិទឹកនិងចាប់ផ្តើមស្តើង ដែលធ្វើឱ្យឆ្អឹងខ្នងខ្លីជាងមុន ដូច្នេះបានមនុស្សចាស់ភាគច្រើនកំពស់គាត់ចុះទាប។ សរសៃពួរដែលភ្ជាប់ទៅឆ្អឹងសន្លាក់និងសាច់ដុំចាប់ផ្តើមបាត់បង់ភាពយឺតធ្វើឲ្យសន្លាក់តឹងនិងរឹងនោះធ្វើឲ្យគាត់ឈឺ។

២~សាច់ដុំ

កោសិកាសាច់ដុំ និងភាពខ្លាំងគឺថយចុះ នេះដោយសារការថយចុះអ័រម៉ូនសម្រាប់ធ្វើឲ្យលូតលាស់ ហើយសាច់ដុំមិនអាចកន្ត្រាក់បានលឿនទេ។

៣~ភ្នែក

  • សរវាំង  ព្រិល
  • មើលជិតអត់ច្បាស់
  • ត្រូវការពន្លឺខ្លាំង ដើម្បីឱ្យច្បាស់
  • ភ្នែកស្ងួតដោយសារកោសិកាដែលផលិតទឹករំអិលភ្នែកថយចុះ
  • ទឹកភ្នែកថយចុះ ត្របកភ្នែកធ្លាក់

៤~ត្រចៀក 

មានការផ្លាស់ប្តូរការទទួលសំឡេង គឺគាត់ត្រូវការសំឡេងខ្លាំងៗទើបស្តាប់បាន។

៥~មាត់ និង ច្រមុះ

  • រស់ជាតិនិងក្លិនក៏ចាប់ផ្តើមថយចុះ
  • ច្រមុះស្ងួត មាត់ស្ងួតដោយសារខ្វះការផលិតទឹកមាត់
  • ធ្មេញ និងអញ្ចាញធ្មេញងាយនឹងមានមេរោគ
  • ធ្មេញងាយពុកនិងបាក់

៦~ស្បែក

  • ស្បែកចាប់ផ្តើមស្តើង  បាត់បង់ភាពយឺត ស្ងួតនិងជ្រួញ
  • ការប្រឈមនឹងកំដៅថ្ងៃពីមួយថ្ងៃទៅមួយថ្ងៃធ្វើឲ្យស្បែកចេញអុចខ្មៅ ៗនិងក្រើម
  • ស្បែកបាត់បង់ជាតិកូឡាជែនដែលជួយឲ្យស្បែកតឹង
  • ខ្លាញ់នៅក្រោមស្បែកឡើងស្តើង ដែលធម្មតាវាជួយការពារស្បែកពីការប៉ះទង្គិចផ្សេងៗ
  • សរសៃប្រសាទនៅតាមស្បែកថយចុះធ្វើឲ្យគាត់មិនមានអារម្មណ៍ឈឺចាប់ពេលមុតអ្វីម្យ៉ាង
  • ក្រពេញញើស និងសរសៃឈាមនៅស្បែកថយចុះពេលនោះរាងកាយមិនអាចទាញកំដៅពីក្នុងខ្លួនបានល្អ
  • ស្បែកមិនអាចទាញយកវីតាមីនដេ ពីព្រះអាទិត្យបានដូចនេះងាយខ្វះវីតាមីនដេសំរាប់សំយោគជាតិកាល់ស្យូម។

៧~ប្រព័ទ្ធខួរក្បាល

  • កោសិកាខួរក្បាលចាប់ផ្តើមចុះខ្សោយ
  • មានអាការះវង្វេងវង្វន់ ភ្លេចភ្លាំងច្រើន
  • ងាយកើតរោគបាក់ទឹកចិត្ត

៨~បេះដូង និង សសៃឈាម

  • សរសៃឈាមឡើងរឹង 
  • ការបំពេញឈាមទៅបេះដូងគឺយឺតជាងមុន
  • សរសៃឈាមដែលរឹងនេះមិនអាចយឺតដើម្បីទទួលឈាមបានស្រួលពេលមានឈាមច្របាច់ចូលម្តងៗនេះ ធ្វើឲ្យសំពាធឈាមកើនឡើង។

៩~សាច់ដុំដកដង្ហើម និងសួត

  • សាច់ដុំដកដង្ហើមថយចុះ ចំនួនថង់ខ្យល់ និងសរសៃឈាមក្នុងសួតក៏ថយចុះធ្វើឱ្យការបឺតស្រូបអុកស៊ីសែនពីបរិយាកាសមិនបានល្អ
  • សួតបាត់បង់ភាពការពារប្រឆាំងនឹងមេរោគ

១០~ប្រព័ន្ធរំលាយអាហារ

  • ដំណើរការបឺតស្រូប និងការរំលាយអាហារយឺត
  • ក្រពះមិនអាចទទួលយកអាហារច្រើនដោយសារក្រពះបាត់បង់ភាពយឺត
  • ចលនាក្រពះពោះវៀនថយចុះ ធ្វើឱ្យគាត់ងាយទល់លាមក

១១~ប្រព័ន្ធបង្ហូរទឹកនោម

  • ការបង្ហូរឈាមទៅចិញ្ចឹមតម្រងនោមខ្សោយ ហើយការច្រោះជាតិពុលមិនបានល្អ
  • ងាយមានការខ្វះជាតិទឹកក្នុងខ្លួន ដោយសារគាត់បញ្ចេញទឹកនោមមកក្រៅច្រើន
  • ការទប់ទឹកនោមក្នុងប្លោកនោមថយចុះធ្វើឱ្យងាយនោមដោយមិនដឹងខ្លួន

១២~ប្រព័ន្ធបន្តពូជ

  • អរម៉ូនភេទថយចុះ ហើយចំពោះស្ត្រីធ្វើឱ្យស្បូនវិវត្តន៍ទៅជាស្វិត
  • កោសិកាផ្លួវភេទស្តើង  បាត់បង់ភាពយឺត ស្ងួត  រមាស់ និងខ្សោយ៕

 

បកស្រាយដោយ៖ វេជ្ជបណ្ឌិត ភៀវ សូរ៉ែន (Health Education Series)
-កែសម្រួលដោយ៖ ក្រុមការងារ សុខក្រម (Sokhakrom)
-Vandhanak Vichea Clinic-មន្ទីសម្រាកព្យាបាលវឌ្ឍនៈវិជ្ជា)