សុខភាព៖ អ្នកចូលចិត្តស្តាប់ចម្រៀង ដែលមានសំឡេងខ្លាំងៗ វាជាផលអាក្រក់មួយ ដែលធ្វើឱ្យត្រចៀកថ្លង់បាន តែអ្វីដែលប្រឈមមួយទៀតនោះ គឺប្រើកាសរួមគ្នាជាមួយអ្នកដ៏ទៃ ដែលអាចបង្កជាបញ្ហានៃការឆ្លងប្រភពមេរោគផងដែរ។
អ្នកជំនាញធ្លាប់បានអះអាងថា ពពួកបាក់តេរីមួយចំនួន ដែលចេញពីកាសនេះ ដោយសារតែប្រើប្រាស់កាសរួមគ្នាច្រើននាក់។ បាក់តេរីទាំងនោះ មានចំនួន ៩២ភាគរយ ដែលជាប់មកជាមួយសំឡីត្បារត្រចៀក ចេញពីមនុស្ស ចូលចិត្តប្រើប្រាស់កាសរួមគ្នា ជាមួយមិត្តភក្កិ ឬក្រុមគ្រួសារជាដើម។
ជាការប្រសើរមួយ ប្រសិនបើគ្រប់គ្នា មិនប្រើប្រាស់កាសស្តាប់រួមគ្នា និងប្រសិនបើករណីចាំបាច់ យើងគួរតែជូតសម្អាតកាស បន្ទាប់ពីមិត្តភក្កិ ឬអ្នកនៅជុំវិញបានខ្ចីប្រើរួច។
ដោយឡែក ការប្រើប្រាស់កាសក្នុងរយៈពេលយូរ ក្នុងកម្រិតសម្លេងខ្ពស់ ក៏អាចបណ្តាលឱ្យត្រចៀកមានការឈឺចាប់នៅក្នុងរន្ធត្រចៀក។ មិនតែប៉ុណ្ណោះ ក៏ធ្វើឱ្យកើតមានអាចម៍រុយក្នុងរន្ធត្រចៀកផងដែរ ប្រសិនបើយើងមិនបានជូតសម្អាតកាសឱ្យបានស្អាត។
ការស្តាប់ចម្រៀងតាមរយៈកាស ជាវិធីមួយជួយឱ្យមនុស្សមានអារម្មណ៍ស្ងប់ស្ងាត់ និងជួយកាត់បន្ថយជំងឺស្ត្រេស។ ប៉ុន្តែប្រសិនបើយើងស្តាប់វាយូរពេក នឹងធ្វើឱ្យស្បែកនៅក្នុងរន្ធត្រចៀក ឡើងកន្ទួលក្រហម ដោយមានការឈឺចាប់ និងកើតជាអាចម៍រុយ។
តាមការបញ្ជាក់របស់វេជ្ជបណ្ឌិតជំនាញបានណែនាំថា ដើម្បីការពារការកើតអាចម៍រុយនៅក្នុងរន្ធត្រចៀក យើងត្រូវជូតសម្អាតកាសឱ្យបានស្អាតជានិច្ច មុននឹងដាក់វាចូលត្រចៀក។ លើសពីនោះ ដើម្បីបង្ការមិនឱ្យត្រចៀកមានការឈឺចាប់ យើងត្រូវកាត់បន្ថយការស្តាប់កាសរយៈពេលយូរ មកនៅត្រឹមរយៈពេលតិចជាង ៨ម៉ោង និងមានកម្រិតសម្លេងសមស្រប។
អង្គការសុខភាពពិភពលោក (WHO) ថា កម្រិតសម្លេងដែលល្អបំផុតក្នុងកាស សម្រាប់ស្តាប់ចម្រៀង ឬសម្លេងផ្សេងៗ នៅក្នុងត្រចៀក គឺកម្រិត ៦០ ដេស៊ីបែល ដែល ជាកម្រិតមួយ អាចស្តាប់ឮការសន្ទនាពីមជ្ឈដ្ឋានខាងក្រៅបាន៕