(+855) 11 909 020 / 69 909 011

យល់ដឹងអំពីជំងឺគ្រុនចាញ់ក្នុងអំឡុងពេលទឹកជំនន់ 

១. តើអ្វីជាជំងឺគ្រុនចាញ់? 

ជំងឺគ្រុនចាញ់ បង្កឡើងដោយមូសដែកគោលញីផ្ទុកមេរោគគ្រុនចាញ់ខាំ។ ជំងឺនេះអាចបណ្ដាលឱ្យអ្នកជំងឺបាត់បង់អាយុជីវិត ប្រសិនបើយឺតយ៉ាងក្នុងការព្យាបាល។  

ជាធម្មតា បន្ទាប់ពីនរណាម្នាក់ត្រូវបានមូសដែកគោលញីផ្ទុកមេរោគគ្រុនចាញ់ខាំ រោគសញ្ញានៃជំងឺគ្រុនចាញ់ពុំបានឱ្យយើងដឹងភ្លាមៗនោះទេ ប៉ុន្តែចាប់ពី ១​សប្តាហ៍ ទៅ ២​សប្តាហ៍ក្រោយមក ទើបរោគសញ្ញាចាប់ផ្ដើមលេចចេញឱ្យដឹង ហើយរោគសញ្ញាដំបូងៗ ឈឺ​ក្បាល រងា​ញាក់ និង​ក្អួត​ចង្អោរ។  

២. តើអ្វីជារោគសញ្ញាជំងឺគ្រុនចាញ់? 

រោគសញ្ញានៃជំងឺគ្រុនចាញ់ អាស្រ័យលើស្ថានភាពស្រាល ឬធ្ងន់ធ្ងរ របស់អ្នកជំងឺ។ 

២.១ រោគសញ្ញាកម្រិតស្រាល
- ដំបូងមានរោគសញ្ញា ដូចជា គ្រុនក្តៅ ស្រៀវស្រាញ​ញាក់ញ័រ និង​បែក​ញើស 
- បន្ទាប់​មក​មាន​រោគ​សញ្ញា​ផ្សេងៗថែម​ទៀត ដូច​ជា​ ​ឈឺ​ក្បាល ​អស់​កម្លាំង និង​ស្លេកស្លាំង​បន្កិច​បន្តួច
​- គួរបញ្ជាក់ថា បើមានការយឺតយ៉ាវក្នុងការព្យាបាល នោះជំងឺនឹងវិវត្តពីគ្រុនចាញ់​កម្រិត​ស្រាល ​នោះ​ទៅ​រក​កម្រិត​ធ្ងន់ធ្ងរ ។ 

២.២ រោគសញ្ញាកម្រិតធ្ងន់
- ​វង្វេងវង្វាន់​ស្មារតី
- ស្ទះ​សរសៃ​ឈាម​ណា​មួយ​នោះ អ្នកជំងឺអាចសន្លប់បាត់ស្មារតី 
- ប៉ះពាល់តម្រងនោម (អាចនោមតិច ឬនោមមានឈាម) 
- កង្វះជាតិទឹក 
- កង្វះជាតិស្ករ 
- ហើមសួត 
- គួរបញ្ជាក់ថា បើមានការយឺតយ៉ាវក្នុងការព្យាបាល អ្នកជំងឺនឹងប្រឈមការបាត់បង់ជីវិតខ្ពស់ ។ 

៣. តើអ្វីជាផលវិបាកនៃជំងឺគ្រុនចាញ់? 

- ប៉ារ៉ាសិតដែលជាភ្នាក់ងារចម្លងគ្រុនចាញ់ជ្រាបចូលទៅក្នុងកោសិកាឈាម អាចបណ្ដាលឱ្យស្ទះសរសៃឈាមខួរក្បាល ហើមខួរក្បាល និងខូចខួរក្បាល។
- កើតឡើងជាតិទឹកក្នុងសួរ ឬហើមសួត បណ្ដាលឱ្យអ្នកជំងឺពិបាកក្នុងការដកដង្ហើម។ 
- ធ្វើឱ្យសរីរាង្គមួយចំនួនខ្សោយ ដូចជា តម្រងនោម ថ្លើម ឬអណ្ដើកបែក។ ផលវិបាកទាំងនេះ សុទ្ធតែប្រឈមនឹងការបាត់បង់អាយុជីវិត។ 
- បំផ្លាញគ្រាប់ឈាម បណ្ដាលឱ្យអ្នកជំងឺស្ថិតក្នុងស្ថានភាពបាត់បង់គ្រាប់ឈាមធ្ងន់ធ្ងរ។ 
- ធ្វើឱ្យបាត់បង់ជាតិស្ករក្នុងឈាម បណ្ដាលឱ្យអ្នកជំងឺអាចសន្លប់ ឬស្លាប់បាន។ 

៤. វិធីបង្ការ និងដំបូន្មាន 

ដើម្បីបង្ការខ្លួនពីជំងឺគ្រុនចាញ់ វិធីល្អបំផុតគឺធ្វើយ៉ាងណាកុំឱ្យមូសដែកគោលញីផ្ទុកមេរោគគ្រុនចាញ់ខាំ ដូចជា បំបាត់ជំរកមូសជុំវិញគេហដ្ឋាន និងគេងក្នុងមុងជានិច្ច។ 

មួយវិញទៀត ប្រសិនបើសង្ស័យថា ខ្លួនឯងឬជនណាម្នាក់ កំពុងតែផ្ទុកជំងឺគ្រុនចាញ់ បន្ទាប់ពីពួកគេលេចចេញនូវរោគសញ្ញាខាងលើ សូមរុះរាន់មកជួបគ្រូពេទ្យធ្វើរោគវិនិច្ឆ័យ ពិនិត្យ និងព្យាបាលជាបន្ទាន់ ដើម្បីជៀសវាងការប្រឈមនឹងការបាត់បង់អាយុជីវិត៕    

- ស្រាវជ្រាវ រៀបរៀង និងកែសម្រួលអត្ថបទ ដោយក្រុមការងារ សុខក្រម-Sokhakrom

- សូមទាញយកកម្មវិធីសុខក្រមនៅលើកម្មវិធីទូរស័ព្ទដៃ ដោយវាយពាក្យថា Sokhakrom ក្នុង Play Store និង App Store ដើម្បីអានអត្ថបទ និងទស្សនាវីដេអូស្ដីពីសុខភាពដោយសេរី ដែលបកស្រាយដោយវេជ្ជបណ្ឌិតល្បីក្នុងប្រទេសកម្ពុជា 
- សូមគោរពជូនលោកវេជ្ជបណ្ឌិត ដែលចង់ចែករំលែកគន្លឹះថែទាំសុខភាព សូមទំនាក់ទំនងមកកាន់ក្រុមការងារ សុខក្រម យើងខ្ញុំ