(+855) 11 909 020 / 69 909 011

ស្វែងយល់ស៊ីជម្រៅអំពីសុខភាពស្បែកក្នុងរដូវត្រជាក់នេះ

១. និយមន័យ

ស្បែកស្ងួត គឺជាប្រភេទស្បែកដែលបាត់បង់សំណើម និងស្ងួត ហើយស្បែកចាប់ផ្ដើមឡើងក្រហម រមាស់ មានរបក និងជ្រួញ ហើយជួនកាលអាចស្ងួតរហូតចេញឈាមថែមទៀតផង។

២. មូលហេតុបង្ក

- រដូវរងារ 
- ស្ថិតក្នុងលក្ខខណ្ឌសីតុណ្ហភាពក្ដៅ ឬក្ដៅល្មម  
- ងូតទឹកក្ដៅញឹកញាប់ ឬជាប្រចាំ 
- ប្រើប្រាស់សាប៊ូដុះខ្លួនដែលមានគុណភាពទាប ឬសាប៊ូដុះដែលផ្ទុកនូវសារធាតុធ្វើឱ្យបាត់បង់សំណើមរបស់ស្បែក  
- បញ្ហាស្បែក ដូចជាមនុស្សចំនួនមានបញ្ហាស្បែកស្ងួតដោយសារបញ្ហាស្បែករបស់ខ្លួនផ្ទាល់ 
- បរិភោគអាហារខ្វះប្រូតេអ៊ីន និងសម្បូរជាតិខ្លាញ់ វាមិនត្រឹមតែធ្វើឱ្យខូចរាងនោះទេ ថែមទៀតធ្វើឱ្យស្បែកស្ងួតទៀតផង 
- ប្រើប្រាស់គ្រឿងសម្អាងដែលមិនត្រូវនឹងប្រភេទស្បែករបស់អ្នក និងអ្នកលាងសម្អាតគ្រឿងសម្អាងចេញពីស្បែកមិនបានជ្រះស្អាតល្អ បន្សល់ទុកម្សៅគ្រឿងសម្អាងនៅជាប់នឹងរន្ធនៃស្បែក ជាមូលហេតុធ្វើឱ្យស្បែកស្ងួតខាងក្រៅ និងខ្លាញ់ខាងក្នុង 
- ផឹកកាហ្វេ និងសុរាច្រើនពេក  
- កង្វះលំហាត់ប្រាណ 
- ចំពោះស្រ្តីដែលមានរដូវមិនទៀង ជួនកាលមករដូវតិច ឬច្រើនពេក និងស្រ្តីអស់រដូវក៏ប្រឈមនឹងបញ្ហាស្បែកស្ងួតផងដែរ។

៣. ការធ្វើរោគវិនិច្ឆ័យ
ការធ្វើរោគវិនិច្ឆ័យនៃបញ្ហាស្បែកស្ងួតគឺថា ប្រសិនបើស្បែកស្ងួតពុំទាន់ទាន់ធ្ងន់ធ្ងរ អ្នកជំងឺគួរតែបង្កើនការផឹកទឹកឱ្យបានច្រើន បញ្ឈប់ទម្លាប់ដែលជាមូលហេតុធ្វើឱ្យស្បែកស្ងួត និងបញ្ឈប់ការងូតទឹកក្ដៅឧណ្ហៗ។ ដោយឡែក ក្នុងករណីកត់សម្គាល់ឃើញថា ស្បែករបស់អ្នកស្ងួតធ្ងន់ធ្ងរ សូមអញ្ជើញរុះរាន់មកពិនិត្យស្បែកជាមួយវេជ្ជបណ្ឌិតឯកទេសសើស្បែក ដើម្បីទទួលយកសេវាព្យាបាលឱ្យបានទាន់ពេលវេលា។

៤. ផលវិបាក
- បង្កឱ្យស្បែកប្រែជាក្រហម របក និងរលាកធ្ងន់ធ្ងរ ហើយហុចឱកាសនិយមដល់ជំងឺផ្សេងៗផងដែរ ដូចជា ងាយអាល្លែកហ្ស៊ីជាមួយសារធាតុប្រតិកម្មពីខាងក្រៅ និងជំងឺតាអកស្ងួត។ 
- ជួនកាល បាក់តេរីចូលទៅក្នុងស្បែកបង្កជារោគលើស្បែក។ 
- ធ្វើឱ្យកោសិកាស្បែកឆាប់ខូចខាត ឆាប់ចាស់ និងជ្រីវជ្រួញជាងវ័យ។

៥. ការព្យាបាល
- ផ្ដល់សំណើមដល់ស្បែក ជាពិសេសបន្ទាប់ពីងូតទឹករួចហើយ 
- កុំងូតទឹកក្នុងរយៈពេលយូរ និងកុំងូតទឹកក្ដៅឧណ្ហៗញឹកញាប់ពេក 
- ជ្រើសរើសសាប៊ូដុះខ្លួនដែលត្រូវនឹងស្បែករបស់អ្នក និងផ្ទុកសារធាតុកាត់សំណើមក្នុងកម្រិតទាប និងគួរតែបញ្ឈប់ការដុះសាប៊ូដុំ 
- ក្នុងរដូវត្រជាក់ គួរតែស្លៀកសម្លៀកបំពាក់ជិតៗ និងក្នុងរដូវក្ដៅគួរតែរកកន្លែងត្រជាក់ៗ និងចៀសវាងហាលខ្លួនឱ្យត្រូវកំដៅថ្ងៃយូរ 
- បង្កើនការផឹកទឹក និងឱ្យបានត្រឹមត្រូវ ៨ កែវក្នុងមួយថ្ងៃ 

៦. វិធីបង្ការ
- បន្ថយ ឬបញ្ឈប់ការងូតទឹកក្ដៅឧណ្ហៗ ជាពិសេសក្នុងខែរងារ អាកាសធាតុត្រជាក់ជាមូលហេតុធ្វើឱ្យស្បែកស្ងួត ដូច្នេះប្រសិនបើអ្នកងូតទឹកក្ដៅឧណ្ហៗទៀត នោះស្បែករឹតតែស្ងួតខ្លាំងឡើង។
- គួរជ្រើសរើសសាប៊ូដុះខ្លួនត្រូវនឹងស្បែករបស់អ្នក និងចៀសវាងសាប៊ូដុំមានគុណភាពទាប ព្រោះវាធ្វើឱ្យស្បែកស្ងួត។ 
- បង្កើនការផឹកទឹក និងឱ្យបានត្រឹមត្រូវ ៨ កែវក្នុងមួយថ្ងៃ។  

- ស្រាវជ្រាវ រៀបរៀង និងកែសម្រួលអត្ថបទ ដោយក្រុមការងារ សុខក្រម-Sokhakrom

- សូមទាញយកកម្មវិធីសុខក្រម នៅលើកម្មវិធីទូរស័ព្ទដៃរបស់អ្នក ដោយវាយពាក្យថា Sokhakrom នៅក្នុង Play Store និង App Store ដើម្បីអានអត្ថបទ និងទស្សនាវីដេអូ ស្ដីពីសុខភាពដោយសេរី ដែលបកស្រាយដោយវេជ្ជបណ្ឌិតល្បីក្នុងប្រទេសកម្ពុជា 
- សូមគោរពជូនលោកវេជ្ជបណ្ឌិត ដែលចង់ចែករំលែកគន្លឹះថែទាំសុខភាព សូមទំនាក់ទំនងមកកាន់ក្រុមការងារ សុខក្រម យើងខ្ញុំ