(+855) 11 909 020 / 69 909 011

តើគេធ្វើទឹកគ្រាប់ជីរដោយវិធីណា ទើបផឹកទៅមានប្រយោជន៍ចំពោះសុខភាព?

សុខភាព៖ គ្រាប់ជីរ គឺផ្ទុកសារធាតុកាល់ស្យូមខ្ពស់ ដែលមានគុណប្រយោជន៍ចំពោះឆ្អឹង និងជំនួយដល់ថាមពលពេញមួយថ្ងៃ។ ជាមួយគ្នានេះដែរ គ្រាប់ជីរ ត្រូវបានគេយកមកធ្វើជាភេសជ្ជៈ ដែលផ្ដល់អត្ថប្រយោជន៍យ៉ាងពិសេសចំពោះសុខភាព ដូចជាជួយបំបាត់ បញ្ហាទល់លាមក ជួយកម្ចា​ត់ ឬកាត់បន្ថយ ខ្លាញ់ក្នុង​សរសៃឈាម​ កាត់បន្ថយអត្រាប្រឈមនឹងជម្ងឺបេះដូង រួមទាំង ជួយកម្ចាត់ខ្លាញ់ក្នុងសរសៃឈាមផងដែរ។ 

 

តែទោះជាយ៉ាងណា ដើម្បីទទួលបានភេសជ្ជៈផ្សំពីគ្រាប់ជីរ ដែលមានគុណភាពចំពោះសុខភាព លោកអ្នកមិនអាចធ្វើទឹកគ្រាប់ជីរតាមតែចិត្តនោះទេ ព្រោះថា បើកាលណាយើងធ្វើទឹកគ្រាប់ជីរដោយគ្មានអនាម័យ ឬប្រើប្រាស់គ្រឿងផ្សំលើសកម្រិត នោះវានឹងធ្វើឱ្យប៉ះពាល់ដល់សុខភាពរបស់យើងជាក់ជាមិនខាន។ 

 

ដូច្នេះ ប្រសិនបើលោកអ្នកចង់ធ្វើទឹកគ្រាប់ជីរទទួលទាន ដើម្បីកម្ចាត់ខ្លាញ់ក្នុងសរសៃឈាម សូមអនុវត្តតាមការណែនាំខាងក្រោមនេះ។ 

 

គ្រឿងផ្សំៈ

- គ្រាប់ជីរ ១៥ ក្រាម (រើសកំទេចធូលីចេញផង) 

- ទឹកក្ដៅ ឬទឹកត្រជាក់ ២០០ ក្រាម (ចំពោះទឹកត្រជាក់ ត្រូវតែជាទឹកស្អាត ឬទឹកសុទ្ធ)  

- ស្ករស ៥០ ក្រាម 

- ឆ្នាំង ឬបំពង់ទឹកក្ដៅ ធុននឹងកម្ដៅទឹក ហើយដែលអាចផ្ទុកគ្រឿងផ្សំទាំងអស់បាន (វត្ថុជំនួយ) 

 

វិធីធ្វើៈ

- យកគ្រាប់ជីរ មកដាក់ក្នុង ឆ្នាំង ឬ បំពង់ទឹកក្ដៅ 

- រួចយកទឹក ២០០ ក្រាម ដែលដាំពុះហើយ ឬទឹកត្រជាក់ មកចាក់ចូលក្នុងឆ្នាំង ឬ បំពង់ទឹកក្ដៅ ដែលផ្ទុកគ្រាប់ជីរ  រួចកូរអោយសព្វ​

- យើងត្រូវរក្សាទុកគ្រាប់ជីរក្នុងទឹកឱ្យរីក រហូតចេញជាតិរំអិលថ្លាៗ សឹមដាក់ស្ករសចូល រួចកូរឱ្យសព្វជាការស្រេច

- លោកអ្នកអាចយកទឹកគ្រាប់ជីរទៅក្លាស់សេក្នុងទូរទឹកកក មុននឹងពិសា ដើម្បីឱ្យមានរសជាតិកាន់តែផ្អែមឆ្ងាញ់ត្រជាក់ៗ

 

សូមបញ្ជាក់ថាៈ លោកអ្នកពិសាគ្រាប់ជីរ ១ កែវ នៅពេលព្រឹកលោកអ្នកនឹងទទួលបានថាមពលពេញមួយថ្ងៃ ព្រោះគ្រាប់ជី ១ កែវ ផ្ទុកប្រូតេអ៊ីន ១១ ក្រាម និង ជាតិសរសៃ ១៩ ក្រាម។  ពិសាគ្រាប់ជីរ ១ កែវ ស្មើនឹងពិសាពងទាស្ងោ ២ គ្រាប់។ លោកអ្នកគួរតែពិសាគ្រាប់ជីរ នៅមុនពេលទទួលទានអាហារ ដើម្បីជំនួយដល់ក្រពះរបស់លោកអ្នក៕ 

 

- កែសម្រួលៈ សុខក្រម-Sokhakrom

- ដកស្រង់ពីៈ ព័ត៌មានក្នុងស្រុក