សង្រ្គោះបឋម៖ ការរលាកស្បែក គឺបង្កឡើងដោយសារការរលាកកម្ដៅអ្វីម្យ៉ាង (ភ្លើង ពន្លឺព្រះអាទិត្យ ផលិតផលគីមី…)។ គេចែករលាកជា២ គឺរលាកស្រាល និងរលាកធ្ងន់។ រលាកស្រាលមានទំហំតូចពណ៌ក្រហម ដែលអាចមាន ឬគ្មានទឹករងៃ។ ចំណែកឯ រលាកធ្ងន់វិញមានទំហំធំ មានពងទឹកច្រើននៅលើសន្លាក់ នៅលើមុខនៅជិតរន្ធធម្មជាតិ មានពណ៌ខ្មៅដូចធ្យូងជាដើម។
ដើម្បីសង្រ្គោះបឋមនៃជំងឺនេះ នៅពេលដែលមានការរលាកស្បែកស្រាល ជាដំបូងត្រូវយកទឹកត្រជាក់ (មិនមែនទឹកកក) មកស្រោចលើកន្លែងរលាក រួចដើម្បីបន្ថយការឈឺចាប់រយៈពេល១៥នាទី ដោះនាឡិកា ចិញ្ចៀន ខ្សែដៃ ឬគ្រឿងអលង្ការ មុនកន្លែងរលាកនោះហើម។ បន្ទាប់មកយកជនរងគ្រោះដាក់ឱ្យដេកផ្ងារ ឬផ្អៀង (បើរលាកខ្នង) ហើយយកស្បៃស្អាតដែលផ្សើមទឹក មកគ្របលើកន្លែងរលាក នឹងរុំកន្លែងរលាក និងក្រណាត់ស្អាត ដោយរឹតមិនឱ្យតឹង។ ចុងក្រោយបញ្ជូនអ្នកជំងឺ ទៅមណ្ឌលសុខភាពភ្លាមៗ។ ក្នុងករណីជនរងគ្រោះសន្លប់ យើងត្រូវកល់ជើងឱ្យខ្ពស់ជាងក្បាល និងឱ្យទឹកផឹកម្ដងបន្ដិចៗឱ្យបានច្រើនដង។
ដោយឡែកចំពោះការរលាកធ្ងន់វិញប្រសិនបើស្រោចតឹកលើជនរងគ្រោះដែលរលាកនោះហើយ មិនឃើញមានឡើងពងទឹក ត្រូវទុកកន្លែងរលាកឱ្យនៅចំហ តែបើមានឡើងពងទឹក ត្រូវធ្វើការរុំថ្នមៗ ដើម្បីការពារកន្លែងពងទឹកនោះ។ ហាមបំបែកពងទឹក នឹងហាមលាបថ្នាំក្រមួន ឬវត្ថុអ្វីដែលមិនមែនជាឱសថវេជ្ជសាស្ដ្រ ដូចជាអំបិល ថ្នាំដុសធ្មេញ អាចម៍គោ ទឹកត្រី ទឹកឃ្មុំ ជាដើម។
សូមបញ្ចាក់ថាៈ បើរលាកស្បែកសាមញ្ញ (រលាកគំរបឆ្នាំបាយ រលាកបន្តិចបន្តួចពេលទទួលទានទឹកក្ដៅ...) លោកអ្នកគ្រាន់តែត្រាំទឹកឱ្យត្រជាក់ ដើម្បីបំបាត់ការឈឺចាប់ គឺជាការស្រេច។ ក៏ប៉ុន្តែប្រសិនបើរលាកស្បែកធ្ងន់ធ្ងរ សូមអនុវត្តតាមការណែនាំក្នុងអត្ថបទនេះ និងប្រញាប់ទៅពិគ្រោះជាមួយគ្រូពេទ្យជំនាញ។
កែសម្រួលៈ សុខក្រម-Sokharkom
ដកស្រង់ពីៈ សុខភាព និងសម្រស់