សុខភាព៖ កុមារញ៉ាំច្រើន និងគេងច្រើន មិនមែនជារឿងល្អនោះទេ ពីព្រោះវាធ្វើឱ្យរាងកាយរបស់ពួកគេបាត់បង់នូវរហ័សរហួន និងភាពវ័យឆ្លាតនៃខួរក្បាលរបស់ពួកគេចុះខ្សោយផងដែរ។
ជាមួយគ្នានេះ កុមារដែលបរិភោគអាហារច្រើនពេក អាចធ្វើឱ្យជាតិខ្លាញ់ក្នុងរាងកាយកើនឡើងខ្លាំង បណ្ដាលឱ្យកុមារធាត់ ឬលើសទម្ងន់ ដែលងាយប្រឈមមុខនឹងប្រភេទជម្ងឺផ្សេងៗ ដូចជា ជម្ងឺផ្លូវដង្ហើម និងបេះដូងជាដើម។
ទាក់ទងនឹងបញ្ហានេះដែរ ថ្វីត្បិតែកុមារញ៉ាំច្រើន បណ្ដាលឱ្យលើសទម្ងន់ និងប្រឈមមុខនឹងជម្ងឺ ក៏ពិតមែន តែឪពុកម្ដាយ និងអាណាព្យាបាលគ្រប់រូប មិនគួរឱ្យកុមារតមអាហារនោះទេ ព្រោះថា ការតមអាហារមិនមែនជាមធ្យោបាយល្អឡើយ។ ផ្ទុយទៅវិញ វាធ្វើឱ្យប៉ះពាល់ដល់ការលូតលាស់នៃកោសិការបស់កុមារ ដោយសារតែ កុមារ ជាវ័យដែលកំពុងតែពេញលូតលាស់ខ្លាំង ហេតុនេះ ពួកគេត្រូវការជីវជាតិពីអាហារជាចាំបាច់ ដើម្បីចិញ្ចឹម និងជម្រុញដល់ការលូតលាស់សរីរាង្គផ្សេងៗ។
ដើម្បីដោះស្រាយបញ្ហានេះ ឪពុកម្ដាយ និងអាណាព្យាបាលគ្រប់រូប អាចជ្រើសរើសវិធីមួយ ដោយមិនចាំបាច់ឱ្យកុមារតមអាហារ គឺកាត់បន្ថយសារជាតិខ្លះៗនៅក្នុងអាហារ ពោលគឺ អាហារដែលអាចកាត់បន្ថយគ្រឿងផ្សំបាន គឺត្រូវតែកាត់បន្ថយគ្រឿងផ្សំ ដើម្បីឱ្យសារជាតិនៅក្នុងអាហារថយចុះ ទើបអាចទប់ស្កាត់បញ្ហាកុមារធាត់លើសទំងន់បាន។
កាលណា កុមារ មិនធាត់លើសទម្ងន់ មិនគេងច្រើន ពួកគេមិនត្រឹមតែចៀសផុតពីការប្រឈមនឹងជម្ងឺផ្សេងៗនោះទេ ថែមទាំងមានភាពរហ័សរហួន និងវ័យឆ្លាតផងដែរ៕
-កែសម្រួលៈ សុខក្រម-Sokhakrom
-ដកស្រង់ពីៈ ព័ត៌មានក្នុងស្រុក