សុខភាព៖ Anorexia nervosa ឬជម្ងឺខ្លាចធាត់ គឺជាជម្ងឺម្យ៉ាងដែលធ្វើឱ្យអ្នកជម្ងឺមានភាពមិនប្រក្រតីក្នុងការទទួលទានអាហារ និងមានវិបត្តិផ្លូវចិត្តយ៉ាងធ្ងន់ធ្ងរ គឺការខ្លាចធាត់។ ជម្ងឺនេះអាចកើតពីកំណើត ឬក្នុងពេលណាមួយនៅពេលដែលអ្នកជម្ងឺ មានវិបត្តិផ្លូវចិត្តទាក់ទងនឹងការខ្លាចធាត់ ហើយចង់ស្គម។
Anorexia nervosa វាបណ្ដាលឱ្យអ្នកជម្ងឺមានអារម្មណ៍ថារូបគេធាត់ ទាំងដែលធាតុពិតរូបគេស្គមទៅវិញទេ។ កត្តានេះហើយ ទើបជម្រុញឱ្យអ្នកជម្ងឺមិនចង់បរិភោគអាហារ រហូតមានអារម្មណ៍ឆ្អែតគ្រប់ពេលវេលា ហើយមិនចង់ញ៉ាំអ្វីទាំងអស់។ ជាមួយគ្នានេះ ប្រសិនបើមាននរណាម្នាក់និយាយបង្អាប់លើអ្នកជម្ងឺថារូបគេធាត់ នោះវិបត្តិផ្លូវចិត្តខ្លាចធាត់របស់អ្នកជម្ងឺកាន់តែធ្ងន់ធ្ងរឡើង។
ចំណុចសំខាន់បំផុត ដើម្បីឱ្យអ្នកជម្ងឺទទួលយកការព្យាបាល គឺព្យាយាមលោងលោម និងលើកទឹកអ្នកជម្ងឺ ឱ្យទទួលស្គាល់ថាខ្លួនគេកំពុងតែមានភាពមិនប្រក្រតីក្នុងការទទួលទានអាហារ និងមានវិបត្តិផ្លូវចិត្តយ៉ាងធ្ងន់ធ្ងរ គឺការខ្លាចធាត់។
ប្រសិនបើអ្នកជម្ងឺព្រមទទួលស្គាល់ថា រូបគេពិតជាកើតជម្ងឺខ្លាចធាត់ ឬAnorexia nervosa ហើយទទួលស្គាល់នូវសភាពពិតជាក់ស្ដែងរបស់រូបគេ ថារូបគេស្គម មិនមែនធាត់ទេ យើងត្រូវព្យាបាលអ្នកជម្ងឺដូចការណែនាំខាងក្រោមនេះ៖
- ជម្រុញឱ្យអ្នកជម្ងឺញ៉ាំអាហារ ដូចជា ញ៉ាំអាហារកំដរគេ សន្យាមិនបោះបង់គេនៅពេលដែលគេធាត់ជាដើម។ ការធ្វើបែបនេះ អ្នកជម្ងឺនិងញ៉ាំអាហារដោយមិនខ្លាចធាត់ ដូច្នេះ អ្នកជម្ងឺមានសង្ឃឹមច្រើននឹងឡើងទម្ងន់វិញ។
- បន្ថែមអាហារបំប៉ន និងជីវជាតិដែលជម្រុញឱ្យអ្នកជម្ងឺបរិភោគអាហារបានច្រើនទៅក្នុងរបបអាហារ។
- ចំណុចសំខាន់ដូចបានបញ្ជាក់ជូនខាងលើ គឺព្យាបាលផ្លូវចិត្តរបស់អ្នកជម្ងឺតែម្ដង ដោយព្យាយាមពន្យល់ប្រាប់ថា គេមិនធាត់ទេ...។ ត្រង់ចំណុចនេះ លោកអ្នកអាចពិគ្រោះយោបល់ជាមួយគ្រូពេទ្យចិត្តសាស្រ្ត ដើម្បីយកចំណេះដឹងខ្លះមកពន្យល់អ្នកជម្ងឺ ក្នុងករណីដែលអ្នកជម្ងឺមិនព្រមមកជួបគ្រូពេទ្យ ឬនាំអ្នកជម្ងឺទៅជួបគ្រូពេទ្យចិត្តសាស្រ្តផ្ទាល់ ក្នុងករណីអ្នកជម្ងឺយល់ព្រម។
សូមបញ្ជាក់ថា៖ ជម្ងឺ Anorexia nervosa ឬជម្ងឺខ្លាចធាត់ អាចមានសង្ឃឹមច្រើនក្នុងការព្យាបាលអ្នកជម្ងឺឱ្យត្រឡប់មកដូចដើមវិញ។ ដូច្នេះ សូមកុំទុកឱ្យអ្នកជម្ងឺដែលសង្ស័យថា កើតជម្ងឺ Anorexia nervosa-ជម្ងឺខ្លាចធាត់ ជួបវិបត្តិកាន់តែធ្ងន់ធ្ងរ៕
- កែសម្រួល និងស្រាវជ្រាវដោយៈ សុខក្រម-Sokhakrom
- ប្រភពៈ បរទេស