(+855) 11 909 020 / 69 909 011

តើហេតុអ្វីបានជាអាហារ ៣ ក្រុម នេះ សំខាន់សម្រាប់ស្រ្តីក្រោយពេលសម្រាលកូន?

សុខភាព៖ អាហារ ៣ ក្រុមដែលស្រ្តីសម្រាលកូន គួរតែទទួលទានឱ្យបានគ្រប់គ្រាន់ ដើម្បីសុខភាពល្អទាំងម្ដាយនិងទារក ព្រមទាំងមានទឹកដោះគ្រប់គ្រាន់សម្រាប់ទារកផងដែរ ។ 

 

ខាងក្រោមនេះជាអាហារ ៣ ក្រុម ដែលស្រ្តីជាម្ដាយ គួរទទួលទានក្រោយពេលសម្រាលកូន។ 

 

១-អាហារធ្វើឱ្យស្រ្តីរឹងមាំ៖ អាហារប្រភេទនេះមាននៅក្នុងសាច់សត្វ និងគ្រាប់ធញ្ញជាតិ។ អាហារដែលធ្វើឱ្យស្ត្រីមានភាពរឹងមាំ (រឹងដៃរឹងជើង) ឡើងវិញ ក្រោយពេលសម្រាលកូន មាននៅក្នុងសាច់សត្វ (ដូចជាសាច់គោ ជ្រូក មាន់ ទា ត្រី កង្កែប អន្ទង់ ក្ដាម ស៊ុតជាដើម) និងគ្រាប់ធញ្ញជាតិ (ដូចជាសណ្ដែកសៀង សណ្ដែកដី ពោត និងតៅហ៊ូជាដើម)។

 

២-អាហារផ្ដល់ថាមពល៖ អាហារប្រភេទនេះមាននៅក្នុងជាតិស្ករ។ អាហារដែលមានរសជាតិផ្អែម គឺផ្ដល់ថាមពលដល់ស្រ្តីដែលទើបតែសម្រាលកូន។ អាហារទាំងនោះរួមមាន អាហារមានផ្ទុករសជាតិស្ករត្នោត ស្ករអំពៅ ទឹកឃ្មុំ ទឹកអំពៅ និងទឹកដូងខ្ចីជាដើម។ ព្រមទាំងអាហារមួយចំនួនដូចជា ខ្លាញ់់ជ្រូក ខ្លាញ់ត្រីប្រេងសណ្ដែក និងចេកណាំវ៉ា ជាដើម ។ រួមទាំង បាយ បបរ ដំឡូង ពោត ឬនំបញ្ចុកផងដែរ។ 

 

៣-អាហារការពារ៖ អាហារប្រភេទនេះមាននៅក្នុងបន្លែ។ អាហារដែលផ្ដល់ថាមពលការពារ និងទប់ស្កាត់ពីជម្ងឺផ្សេងៗ មាននៅក្នុងបន្លែបង្ការដែលមានពណ៌បៃតង។ ក្រៅពីនេះ មានដូចជា ត្រួយស្ដៅ ក្រូចឆ្មារ ថ្លើមសត្វគ្រប់ប្រភេទ និងផ្លែឈើ ដែលមានពណ៌លឿងទុំ ដូចជាល្ហុង ល្ពៅ និងផ្លែសេដាជាដើម។

 

ដូច្នេះ ក្រោយពេលសម្រាលកូន ស្រ្តីជាម្ដាយគ្រប់រូប គួរតែបរិភោគអាហារូបត្ថម្ភឱ្យបានត្រឹមត្រូវ ទើបមានសុខភាពល្អ និងមានទឹកដោះគ្រប់គ្រាន់។ 

 

សូមបញ្ជាក់៖ ក្រោយពេលសម្រាលកូន ស្រ្តីជាម្ដាយគ្រប់រូបគួរតែទទួលទានអាហារ ៣ ក្រុមនេះ ឱ្យបានច្រើនជាមុន ឬឱ្យបានរយៈពេលយូរថ្ងៃសិន សឹមទទួលទានអាហារដែលមានរសជាតិហឹរ ដើម្បីកាត់ជាតិឆ្អេះឆ្អាបនៅក្នុងខ្លួន ឬធ្វើឱ្យសរសៃឈាមមានភាពរឹងមាំ ឬហៅថាហូបហឺរឱ្យចាស់សរសៃ ។ ម្យ៉ាងវិញទៀត ឪពុកម្ដាយត្រូវយកទារក ដែលទើបនឹងកើតទៅចាក់ថ្នាំបង្ការជម្ងឺផ្សេងៗ តាមវេជ្ជបញ្ជារបស់គ្រូពេទ្យ ឱ្យបានទៀងទាត់ពេលវេលា។ ជាមួយគ្នានេះដែរ ស្ដ្រីជាម្ដាយទាំងអស់ គួរតែបំបៅកូនដោយទឹកដោះផ្ទាល់​ ព្រោះមានសារធាតុចិញ្ចឹមច្រើនប្រភេទ និងគ្រប់គ្រាន់ដែលអាចទប់ស្កាត់នូវជម្ងឺមួយចំនួនមិនឱ្យមកយារយី៕ 

 

- កែសម្រួល និងស្រាវជ្រាវដោយៈ សុខក្រម-Sokhakrom 

- ប្រភពៈ ព័ត៌មានក្នុងស្រុក