សុខភាព៖ សព្វថ្ងៃយុវវ័យ ជាពិសេសគឺយុវតីផ្ទាល់តែម្ដង តែងតែខ្វាយខ្វល់អំពីសម្រស់របស់ខ្លួន ត្រង់បរិវេណផ្ទៃមុខ ដោយសារតែបញ្ហាកើតមុន នៅពេលដែលខ្លួនឈានចូលដល់វ័យពេញជំទុង។
ជាការពិតណាស់ បញ្ហាកើតមុននៅលើផ្ទៃមុខ ខ្នង និងលើស្មាផ្នែកខាងក្រោយ គឺជាមូលហេតុធ្វើឱ្យយើងខ្មាស់គេ ពិបាកបង្ហាញភាពស្រស់ស្អាតរបស់ខ្លួនទៅកាន់មនុស្សនៅជុំវិញ ហើយសូម្បីតែខ្លួនយើងក៏ពិតបាកទទួលយកដែរ។
តែចំពោះបញ្ហានេះ សូមកុំស្មុគស្មាញ និងពិបាកចិត្តតទៅទៀតអី ដោយលោកអ្នកគ្រាន់តែទទួលយកដំបូន្មានមួយចំនួន ដើម្បីដោះស្រាយបញ្ហាកើតមុន។
ខាងក្រោមនេះ ជាដំបូន្មានមួយចំនួនសម្រាប់លោកអ្នកដែលកើតមុន។
១- លើកទឹកចិត្តឱ្យខ្លួនឯង
ការលើកទឹកចិត្តឱ្យខ្លួនឯង ហ៊ានទទួលយកការពិត និងប្រឈមមុខចំពោះអ្នកដទៃ និងយល់ថាជម្ងឺនេះ ជាជម្ងឺដែលកើតឡើងលើយុវវ័យ គឺជួយធ្វើឱ្យយើងចៀសផុតពីភាពតានតឹង និងកាត់បន្ថយអត្រាប្រឈមកើតមុន។ ព្រោះថា ភាពតានតឹងក្នុងអារម្មណ៍ ជាមូលហេតុមួយរួមចំណែកបង្កឱ្យកើតមុន។
២- ទទួលយកសេវាព្យាបាល
សម្រាប់លោកអ្នកកើតមុន ប្រសិនបើចង់កម្ចាត់មុនចេញពីផ្ទៃមុខ ខ្នង និងស្មាខាងក្រោយ សូមកុំខ្មាស់អៀនក្នុងការទៅពិគ្រោះយោបល់ជាមួយគ្រូពេទ្យសើរស្បែក។ ជាមួយគ្នានេះ សូមទទួលយកសេវាព្យាបាល និងប្រើប្រាស់ថ្នាំលាប ឬលេបឱ្យបានត្រឹមត្រូវតាមវេជ្ជបញ្ជា។ ដូច្នេះ គ្មានហេតុផលអ្វីដែលលោកអ្នកត្រូវមកអន់ចិត្ត ចំពោះសម្រស់របស់ខ្លួនដោយសារតែកើតមុនទៀតឡើយ៕
៣- ប្រើប្រាស់គ្រឿងសម្អាង
ត្រូវដឹងថា ការប្រើប្រាស់គ្រឿងសម្អាង គឺជារឿងសាមញ្ញទៅហើយ សម្រាប់រំលេចនូវភាពស្រស់ស្អាត និងបិតបាំងភាពមិនស្រស់ស្អាតរបស់យើង។ ដូច្នេះ គ្មានហេតុផលអ្វីដែលលោកអ្នកត្រូវខ្មាស់គេ ដោយគ្រាន់តែប្រើប្រាស់គ្រឿងសម្អាងឡើយ។ តែទោះជាយ៉ាងណា លោកអ្នកគួរតែប្រឹក្សាយោបល់ជាមួយអ្នកជំនាញ អំពីប្រភេទគ្រឿងសម្អាងដែលត្រូវនិងស្បែកមុខរបស់ខ្លួន និងអនុវត្តតាមក្បួនតុបតែង និងលាងសម្អាតចេញឱ្យបានត្រឹមត្រូវ បន្ទាប់ពីប្រើរួចរាល់ហើយ។
៤-ប្រើម៉ាស់បិតមុខ
មុនពេលចូលគេង លោកអ្នកអាចប្រើប្រាស់ដែលផ្ទុកនូវសារធាតុជួយកម្ចាស់ខ្លាញ់ ស្នាមក្រហម ឬមុនខ្សាច់ ជំនួយដល់ស្បែកមុខ ផ្ដល់សំណើម។ សូមឱ្យប្រាកដថា ម៉ាស់បិតមុខនោះសាកសមនិងស្បែកមុខរបស់លោកអ្នក ចៀសវាងមានប្រតិកម្ម និងអនុវត្តតាមការណែនាំដែលមានបង្ហាញជូននៅលើកញ្ចប់ម៉ាស់បិតមុខនោះឱ្យបានត្រឹមត្រូវផងដែរ។
៥-អនាម័យ
មុនអាចកើតឡើងដោយសារមេរោគធូលីក្នុងបរិយាកាស ឬទៅទុំលើរបស់ប្រើប្រាស់មួយចំនួន ដែលមកប៉ះផ្ទាល់និងផ្ទៃមុខ ដូចជា បរិយាកាសជុំវិញ កន្សែងជូតមុខ សម្លៀកបំពាក ស្រោមខ្នើយ និងពូកជាដើម។ ដូច្នេះ លោកអ្នកគួរតែរស់នៅក្នុងលក្ខខណ្ឌដែលមានបរិយាកាសល្អ ជាពិសេសក្នុងបន្ទប់គេង និងស្រោមខ្នើយ ភួយ និងពូក ត្រូវប្រាកដថាស្អាតជានិច្ច និងឧស្សាហ៍បោកសម្អាតវាចេញផងដែរ៕
-កែសម្រួល និងស្រាវជ្រាវដោយៈ សុខក្រម-Sokhakrom
-ប្រភពៈ ព័ត៌មានក្នុងស្រុក