(+855) 11 909 020 / 69 909 011

ពិស្ដារ! ទាក់ទងនឹងជម្ងឺផ្លូវចិត្តមួយប្រភេទគឺ តានតឹងក្នុងអារម្មណ៍

សុខភាព៖ ជម្ងឺផ្លូវចិត្តមានច្រើនប្រភេទ ហើយបញ្ហាតានតឹងក្នុងអារម្មណ៍ គឺជាផ្នែកមួយនៃជម្ងឺផ្លូវចិត្ត ដែលអាចនិយាយបានថា បញ្ហា​តានតឹង​ក្នុង​អារម្មណ៍ ត្រូវបានគ្រូពេទ្យ​ផ្នែក​ចិត្តសាស្ត្រ​ចាត់​ទុក​ថា ជា​ជំងឺ​មួយ​ប្រភេទ​នៃ​ជំងឺ​ផ្លូវ​ចិត្ត​។ 

 

បញ្ហាតានតឹងក្នុងអារម្មណ៍ កើតរាល់ថ្ងៃលើមនុស្សគ្រប់វ័យ តែមានកម្រិត និងទម្រង់ខុសៗគ្នា។ បញ្ហាតានតឹងក្នុងអារម្មណ៍ ដែលមានកម្រិតតិចតួចគឺជារឿងធម្មតាសម្រាប់មនុស្សគ្រប់រូប តែបើធ្ងន់ធ្ងរទើបជាបញ្ហាដែលត្រូវដោះស្រាយ ហើយត្រូវរកអ្នក​​ជំនាញចិត្តសាស្ត្រព្យាបាល ដើម្បីទប់ស្កាត់លទ្ធផលចុងក្រោយយ៉ាងអនោចអធមរបស់អ្នកជម្ងឺ ព្រោះថា មនុស្សដែលស្ថិតក្នុងស្ថានភាពតានតឹងធ្ងន់ធ្ងរ ភាគច្រើនគឺមានទំនោរគិតទៅរកផ្លូវមិនល្អ ឬគិតខុស គិតខ្លីជាដើម។ 

 

+រោគសញ្ញា​នៃ​ភាព​តាន​តឹង​ផ្លូវ​ចិត្តស្ដែងក្រោមរូបភាពដូចជា៖  

 

​- នៅពេលមនុស្សម្នាក់តានតឹងក្នុងអារម្មណ៍ យើងពិតជាមិនអាចមើលឃើញមែន តែយើងអាចកត់សម្គាល់តាមរយៈអារម្មណ៍របស់គាត់ ដូចជា ធ្វើអ្វី​ប្លែកៗជាដើម ដែលបង្ហាញឱ្យយើងឃើញថា មនុស្សម្នាក់នោះកំពុងតែស្មុគស្មាញ

- ជួបប្រទះបញ្ហា​សម្រាន្ត​មិន​លក់ ចេះតែគិត គិតពីនេះពីនោះ ចុងក្រោយមិនបានការអ្វីទាំងអស់ ហើយជួនកាលរសាប់រសល់ មិនដឹងថាខ្លួនឯងគិតអ្វី ចេះតែគិតរហូតទល់ភ្លឺក៏មានដែរ  

- ​បញ្ហា​ក្រពះ​ពោះវៀន ឈឺ​ក្បាល រឹង​សាច់​ដុំ ឈឺ​សាច់​ដុំ ចុក​ដៃ​ចុក​ជើង មានអារម្មណ៍មិនសូវឃ្លាន អស់កម្លាំង  

- អាការៈ​ថប់​អារម្មណ៍ ផ្នែក​រាងកាយ គឺ​មាន​អាកប្បកិរិយា​ច្រាស​ច្រាល ថប់បារម្ភ ប្រែប្រួល​ទម្លាប់​ទទួលទាន រួម​មាន​ការ​មិន​សូវ​ទទួល​ទាន​អាហារ ឬ​ទទួលទាន​ច្រើន បាត់បង់​ភាព​រីករាយ​ អារម្មណ៍​ផ្លាស់​ប្ដូរ ឆាប់​ច្រឡោត ឆាប់​ខឹង និង​ធ្លាក់​ទឹកចិត្ត។

 

+អំពីការព្យាបាល៖

 

១- ព្យាយាមធ្វើអ្វីដែលខ្លួនរីករាយ និងគិតអ្វីដែលវិជ្ជមាន កុំឧស្សាហ៍គិតអ្វីដែលនាំឱ្យប៉ះពាល់ដល់អារម្មណ៍របស់ខ្លួន 

២- រកអ្នកណាដែលអាចទុកចិត្តបាន ហើយជជែកជាមួយគេដើម្បីរំសាយភាពតានតឹងរបស់ខ្លួន ព្រោះថា ភាពតានតឹងវាផ្ដើមចេញពីបញ្ហាដែលធ្វើឱ្យយើងស្មុគស្មាញ ព្រួយបារម្ភ និងខ្វល់ខ្វាយច្រើនរកដំណោះស្រាយមិនបាន 

៣- ទំនេរពីការងារអាចឆ្លៀតហាត់ប្រាណ និង​លេង​កីឡា វាមិនត្រឹមតែកាត់បន្ថយភាពតានតឹងទេ ថែមទាំងល្អចំពោះសុខភាពថែមទៀតផង

៤- ដកឃ្លាពីការងារ ឬបញ្ហាអ្វីម្យ៉ាង ហើយងាកមកបង្កើតម៉ោងសម្រាក និងភាពសប្បាយឱ្យខ្លួនឯង ដូចជា ស្ដាប់​ចម្រៀង ឬ​ច្រៀង​កម្សាន្ត មើល​ទូរទស្សន៍ ឬ​ភាពយន្ត​រឿង​ដែល​ចូល​ចិត្ត ភាព​យន្ត​តុក្កតា 

៥- ទទួល​​ទាន​ដំណេក​​ឲ្យ​បាន​គ្រប់​គ្រាន់​ និងទៀង​​ទាត់ ហើយសូមចៀសវាងពិសាកាហ្វេដោយសារភាពតានតឹង ព្រោះវាប៉ះពាល់ដល់ការទទួលទានដំណេក

៦- ក្នុង​ករណី​ធ្ងន់ធ្ងរ​ សូមរកជំនួយពីអ្នក​​ជំនាញ​វិជ្ជា​ជីវៈ​​ដូច​ជា​ អ្នក​ចិត្តសាស្ត្រ​ ឬ​គ្រូ​ពេទ្យ​ឯកទេស​ជា​​ដើម​។ ​​​​​​​   

 

ត្រូវចាំថា ឬសគល់នៃបញ្ហាតានតឹងក្នុងអារម្មណ៍ គឺបង្កឡើងដោយបញ្ហាដែលប្រមូលផ្ដុំជាបន្តបន្ទាប់ក្នុងអារម្មណ៍របស់យើង ដូច្នេះ ដំបូន្មានល្អបំផុតនិងសាមញ្ញ គឺត្រូវរកនរណាម្នាក់អាចទុកចិត្តជជែក ដើម្បីរំសាយអារម្មណ៍តានតឹង៕   

 

-កែសម្រួល និងស្រាវជ្រាវដោយៈ សុខក្រម-Sokhakrom 

-ប្រភពៈ ព័ត៌មានក្នុងស្រុក