ក្រូចថ្លុង ជាប្រភេទផ្លែឈើស្ថិតក្នុងអម្បូរក្រូច មានរសជាតិផ្អែម និងជូអែម សម្បូរជាតិទឹក និងអាចធ្វើជាអាហារសម្រន់បាន ហើយជួយសម្រកទម្ងន់ថែមទៀតផង។
ក្រូចថ្លុង ផ្ទុកសារធាតុរ៉ែសំខាន់ៗ និងវីតាមីនមួយចំនួន ដូចជា អាស៊ីតស៊ីទ្រិក, ស្ករ, ប៉ូតាស្យូម, ហ្វូសហ្វ័រ, កាល់ស្បូម, ជាតិសរសៃ Fiber, antioxidants និងពពួកវីតាមីន C, A និងB1 ជាដើម។
សារធាតុរ៉ែ និងវីតាមីនទាំងអស់នោះ ទើបធ្វើឱ្យក្រូចថ្លុងផ្ដល់អត្ថប្រយោជន៍ច្រើនយ៉ាងដល់អ្នកទទួលទាន៖
- មានកាឡូរី និងខ្លាញ់ទាប និងមានផ្ទុកអង់ស៊ីមជួយដុតកម្ចាត់ខ្លាញ់ ដែលល្អសម្រាប់មនុស្សធាត់
- ទទួលទានក្រូចថ្លុងមុនពិសាអាហារ ត្រូវបានណែនាំថា ជំនួយ និងសម្រួលដល់ប្រព័ន្ធរំលាយអាហារ និងទប់ស្កាត់ការឡើងទម្ងន់
- ជាតិសរសៃ Fiber នៃផ្លែក្រូចថ្លុង ជួយរក្សាពោះវៀនឲ្យមានសុខភាពល្អ និងការពារពីការកើតជម្ងឺមហារីកពោះវៀនធំ
- ជួយពង្រឹងប្រព័ន្ធភាពស៊ាំឱ្យរឹងមាំការពារពីជម្ងឺផ្សេង ជាពិសេសដូចជាការពារពីការឆ្លងមេរោគសួត ឬជំងឺរលាកសួត
- កាត់បន្ថយបញ្ហាប្រឈមជម្ងឺដាច់សរសៃឈាមខួរក្បាល
- ផ្ទុកសារធាតុ antioxidants ដែលជួយទប់ស្កាត់ និងពន្យឺតល្បឿននៃភាពចាស់
- ពិសាទឹកក្រូវថ្លុង ៥៣០ មិល្លីលីត្រក្នុងមួយថ្ងៃ ជួយទប់ស្កាត់ពពួកសារជាតិគីមី ដែលបង្កឱ្យមានជម្ងឺមហារីក និងចូលរួមចំណែកបន្ថយជម្ងឺរលាកសន្លាក់
- ជម្រុញឱ្យសារពាង្គកាយស្រូបយកសារធាតុដែក និងកាលស្យូមបានលឿន
ក្រុមមនុស្សដែលគួរទទួលទានក្រូចថ្លុងបន្ថែម៖
- អ្នកលើសជាតិស្ករ និងអ្នកជម្ងឺទឹកនោមផ្អែម គួរទទួលទានក្រូវថ្លុង ព្រោះវាជួយបញ្ចុះជាតិស្ករ
- សម្រាប់អ្នកមានបញ្ហាត្រង់ក្រពះ សរសៃឈាមខួរក្បាល និងក្រលៀន គួរទទួលទានក្រូវថ្លុង ព្រោះវាជួយពង្រឹងនូវសុខភាពក្រពះ សរសៃឈាមខួរក្បាល និងក្រលៀនឡើងវិញ
- ស្រ្តីពរពោះពិសាក្រូចថ្លុង ជួយការពារពីជម្ងឺខ្វះឈាម និងជួយឱ្យទារកក្នុងផ្ទៃមានសុខភាពល្អ៕
-កែសម្រួល និងស្រាវជ្រាវដោយៈ សុខក្រម-Sokhakrom
-ប្រភពៈ ព័ត៌មានក្នុងស្រុក