(+855) 11 909 020 / 69 909 011

អាការៈរបស់មនុស្សខូចចិត្តដែលយើងគួរដឹង

ខូចចិត្ត គឺជាការប៉ះទង្គិចផ្លូវអារម្មណ៍ឆ្ពោះទៅរកភាពសោកសៅមួយគ្រា ឬអស់មួយជីវិតប្រសិនបើបុគ្គលនោះគិតខ្លី។

ការខូចចិត្តស្ដែងឡើងតាមរយៈការសោកស្ដាយ រន្ធត់ ភ័យព្រួយក្នុងហេតុការណ៍ណាមួយ និងការបាត់បង់អ្វីម្យ៉ាង។ 

កំណត់សម្គាល់មួយដែលទាក់ទងនឹងការខូចចិត្ត បានឱ្យដឹងថា ភាគច្រើននៃមនុស្សខូចចិត្តច្រើនតែខកបំណងនូវអ្វីដែលគេប៉ង ឬប្រាថ្នាអ្វីមិនបានសម្រេច។ ជាក់ស្ដែង ដូចជាយុវវ័យច្រើនតែខូចចិត្តលើរឿងស្នេហា ដោយ ស្នេហារបស់ពួកគេដើរដល់ផ្លូវបែកទាំងចិត្តមិនចង់។ 

ការខូចចិត្តធ្ងន់ធ្ងរ គឺច្រើនកើតចេញពីបំពាន និងការបាត់បង់ដ៏ធំធេងសម្រាប់មនុស្សដែលឱ្យតម្លៃលើការបាត់បង់នោះជាខ្លាំង។ ជាក់ស្ដែង ដូចជា នារីដែលត្រូវគេរំលោភបំពានលើរូបរាងកាយ, បុរស ឬស្រ្តីដែលបាត់បង់មនុស្សជាទីស្រលាញ់ ប្ដីសុំលែង ឬប្រពន្ធសុំលែងជាដើម។ ការខូចចិត្តធ្ងន់ធ្ងរ ច្រើនតែជាមូលហេតុជម្រុញឱ្យអ្នកជម្ងឺគិតខ្លី ដោយសម្លាប់ខ្លួនតាមវិធីដែលអាចធ្វើទៅបាន ព្រោះពួកគេយល់ថា នេះជាវិធីមួយដែលជួយសម្រាលផ្លូវចិត្ត។ 

អាការៈមនុស្សខូចចិត្ត 

មនុស្សខូចចិត្ត ច្រើនតែបង្ហាញនូវសកម្មភាពធ្វើបាបខ្លួនឯង ដើម្បីឆ្លើយតបទៅនឹងការបាត់បង់អ្វីមួយ ជាពិសេសការបែកបាក់ស្នេហា បាត់បង់មនុស្សជាទីស្រលាញ់ និងបញ្ហាគ្រួសារជាដើម។ ក្រៅពីនេះសកម្មភាពរបស់មនុស្សខូចចិត្ត ច្រើនតែផ្ទុយពីសភាពធម្មតា ដូចជា ប្រសិនបើមនុស្សម្នាក់នោះជាធម្មតាជាមនុស្សរួសរាយ គេចង់នៅតែឯងពេលខូចចិត្ត, បើធម្មតាគេជាមនុស្សរមទម្យ គេនឹងអាចធ្វើឱ្យខ្លួនគេប្លែកពីមនុស្សរមទម្យ នៅពេលគេស្ថិតក្នុងស្ថានភាពខូចចិត្ត ដើម្បីបន្លប់ និងលុបបំបាត់ការខូចចិត្តដែលខ្លួនកំពុងតែជួបប្រទះ។   

 

ដំបូន្មានល្អបំផុតសម្រាប់មនុស្សខូចចិត្ត

យើងត្រូវគិតអ្វីដែលល្អ គិតរករឿងដែលធ្វើឱ្យយើងសប្បាយចិត្ត ព្យាយាមកុំរំឮករឿងដែលធ្វើឱ្យយើងឈឺចាប់។ ជាមួយគ្នានេះដែរ ការបាត់បង់ដែលធ្វើឱ្យយើងខូចចិត្ត យើងអាចរកអ្វីថ្មីមកបំពេញបន្ថែមរបស់ចាស់ដែលបាត់នោះបាន ដើម្បីឱ្យផ្លូវចិត្តមានអារម្មណ៍ថាគ្រប់គ្រាន់ឡើងវិញ។ ការដើរតាមដំបូន្មានរបស់បណ្ឌិត តាមរយៈការអានអត្ថបទនានាដែលធ្វើឱ្យយើងមានកម្លាំងចិត្ត រឹងមាំ និងរីករាយជាដើម៕ 

 

-កែសម្រួល និងស្រាវជ្រាវដោយៈ សុខក្រម-Sokhakrom 

-ប្រភពៈ ព័ត៌មានក្នុងស្រុក