(+855) 11 909 020 / 69 909 011

ចង់បំបាត់ស្នាមខ្មៅក្រាស់លើ-ក ក្លៀក និងក្រលៀនមែនទេ?

ដើម្បីកម្ចាត់ចោលនូវបញ្ហាស្បែកឡើងខ្មៅក្រាស់ នៅត្រង់បរិវេណក្លៀក ក្រលៀន និងផ្នែកខាងក្រោយ និងខាងមុខនៃកញ្ចឹក-ក ប្រទាលកន្ទុយក្រពើ ត្រសក់ និងក្រូចឆ្មារអាចជួយបាន ព្រោះវត្ថុធាតុដើមទាំង ៣ យ៉ាងនេះ សុទ្ធតែជាប្រភពនៃសម្រស់ ពោលគឺ សម្បូរសារជាតិចិញ្ចឹមដល់ស្បែក និងកម្ចាត់កោសិកាងាប់។  

 

ខាងក្រោមនេះជាវិធីសាស្រ្តធម្មជាតិកម្ចាត់ស្នាមខ្មៅនៅលើស្បែក។

 

១- យកសារជាតិជែល ឬអន្ធិលៗនៃប្រទាលកន្ទុយក្រពើ លាបត្រង់បរិវេណស្បែកខ្មៅនោះ ទុកចោលប្រមាណ ៣០ នាទី សឹមលាងសម្អាតចេញជាការស្រេច។ 

 

២- យកត្រសក់ចិតជាចំណិតៗ រួចបិតត្រង់បរិវេណស្បែកខ្មៅនោះ។ បិតទុកចោល ១៥ នាទី បន្ទាប់មកសឹមយកត្រសក់ដែលបិតនោះ យកមកត្រដុសត្រង់កន្លែងដែលបិតនោះវិញម្ដង។ បន្ទាប់ពីត្រដុសហើយ សូមទុកចោលប្រមាណ ៣០ នាទីទៀត សឹមលាងសម្អាតចេញវិញដោយទឹកធម្មតាជាការស្រេច។ សូមអនុវត្តវិធីនេះ ១ ដង ក្នុងមួយថ្ងៃ។ 

 

៣- យកទឹកក្រូចឆ្មារលាយជាមួយទឹកធម្មតា បន្ទាប់មកយកមកលាបនៅត្រង់បរិវេណ-ក ទុកចោល ២០ នាទី សឹមលាងសម្អាតចេញជាការស្រេច។ 

 

សូមបញ្ជាក់ថា ដើម្បីឱ្យមានប្រសិទ្ធិភាពខ្ពស់ សូមលោកអ្នកឧស្សាហ៍អនុវត្តវិធិសាស្រ្តខាងលើណាមួយឱ្យបានច្រើនដងក្នុងមួយសប្ដាហ៍។ 

 

– កែសម្រួលៈ សុខក្រម-Sokhakrom

– ដកស្រង់ពីៈ សុខភាពក្នុងស្រុក