(+855) 11 909 020 / 69 909 011

ស្វែងយល់ពីជម្ងឺស្រែង និងការព្យាបាល

ស្រែង ជាប្រភេទ​ជម្ងឺងាយឆ្លង និងបង្ក​ឡើងដោយ​មេរោគផ្សិត​លើស្រទាប់​ស្បែកលើ។ មេរោគ​ផ្សិតនោះ​មានឈ្មោះ​ថា ឌែម៉ាតូហ្វីត។ 

 

ជម្ងឺស្រែងច្រើនកើតឡើងលើមនុស្សដែលស្ថិតនៅតំបន់ក្ដៅ និងពិសេសមនុស្សស្ថិតក្នុងវ័យពី១៣ ​ទៅ ១៤ឆ្នាំ។ 

 

ជម្ងឺស្រែង ច្រើនកើតឡើងត្រង់បរិវេណគូទ ប្រអប់​ដៃ និងជើង ក​រ ស្បែកក្បាល និង​មុខ​ និងជាពិសេសត្រង់សន្លាក់កែងដៃ និងជង្គង់។  

 

+រោគសញ្ញានៃជម្ងឺស្រែង

 

- ស្បែកឡើងក្រាស់ និងមានកន្ទួលរាងមូលពណ៌ក្រហម រមាស់ និងមានរបកស្បែកផងដែរ។ 

 

+មូលហេតុបង្កឱ្យកើតជម្ងឺស្រែង៖ 

 

- ប្រើប្រាស់​ពពួកថ្នាំ​បន្ថយ​ប្រព័ន្ធ​ការពារ​ខ្លួនដូច​ជាថ្នាំ​គ័រទីកូអ៊ីត​យូរពេល​ជាដើម។ 

- អ្នកដែល​មានប្រព័ន្ធ​ការពារ​ខ្លួន​ខ្សោយ​ដូចជាអ្នកកើត​ជម្ងឺអេដស៍ របេង​ជាដើម អ្នកមាន​ជម្ងឺ​តម្រងនោម និង​អ្នកជម្ងឺ​ទឹកនោមផ្អែម។

- កង្វះអនាម័យខ្លួនប្រាណ។

- ញើសស្អុះស្អាប់ខ្លាំង ហើយផ្អិបនឹងស្បែក (ដូចជា ចង្វែបគូទ ទើបគូទឧស្សាហ៍កើតស្រែង)...។

 

តែគេសង្កេតឃើញថា កត្តា ២ យ៉ាងសំខាន់ៗដែលបង្កឱ្យកើតជម្ងឺស្រែងគឺ៖ 

 

១- ប្រព័ន្ធភាពស៊ាំដំណើរការខុសប្រក្រតី ហើយវាយប្រហារលើកោសិកាស្បែកខ្លួនឯង ដោយស្មានថាកោសិកាស្បែករបស់ខ្លួនជាបាក់តេរីអាក្រក់ ឬវីរុសដែលមកពីខាងក្រៅ ទើបបណ្ដាលឱ្យកោសិកាស្បែកប្រែទៅជាក្រាស់ពណ៌ក្រហម និង​រលាក ហើយវិវត្តន៍ទៅជាជម្ងឺស្រែងតែម្ដង។ (បានន័យថា ប្រតិកម្មស្បែកដោយសារតែដំណើរការមិនប្រក្រតីនៃប្រព័ន្ធភាពស៊ាំ។ ប្រព័ន្ធភាពស៊ាំក្នុងរាងកាយរបស់យើង ជាអ្នកការពារ កម្ចាត់ និងទប់ទល់ជម្ងឺផ្សេងៗ។)

 

២- ហ្សែនពីឪពុកម្ដាយដែលធ្លាប់កើតជម្ងឺស្រែងពីមុនមក ក៏ជាមូលហេតុធ្វើយើងកើតជម្ងឺស្រែងផងដែរ។ 

 

+វិធីការពារជម្ងឺស្រែង៖  

 

- អនាម័យ​ខ្លួនប្រាណ​ជាប្រចាំ ងូតទឹក​សម្អាតខ្លួនជា​មួយសាប៊ូ ហើយជូតសម្អាតខ្លួន​ឱ្យស្ងួត។

- នៅឱ្យឆ្ងាយពីអ្នកជម្ងឺស្រែង និងដាច់ខាតកុំប៉ះពាល់ដោយផ្ទាល់លើអ្នកជម្ងឺស្រែង ព្រោះវាងាយឆ្លង។ 

- ប្រយ័ត្នក្នុងការប្រើប្រាស់សម្ភារៈរួមជាមួយអ្នកជម្ងឺស្រែង។ 

 

+វិធីព្យាបាលជម្ងឺស្រែង៖ 

 

- ជម្ងឺស្រែងអាចបាត់ទៅវិញដោយខ្លួនឯងក្នុងរយៈពេលជិតមួយខែ តែករណីនេះកម្រកើតមានណាស់។ 

- ប្រើ​ក្រែម ដែល​មាន​ថ្នាំ​សម្លាប់​ពពួក​ផ្សិត​ ដោយយោងតាម​វេជ្ជបញ្ជា​របស់គ្រូពេទ្យ មានដូចជា​ថ្នាំ Miconazole ឬ Clotrimazole ។​

- ​លាង​សម្អាត​កន្ទួល ជាមួយនឹង​សាប៊ូ និង​ទឹក ហើយ​សម្ងួត​ខ្លួនឱ្យស្ងួតបន្ទាប់ពីងូតទឹករួច។  ​

- ចំណុចសំខាន់បំផុតនោះគឺប្រឹក្សាយោបល់ជាមួយវេជ្ជបណ្ឌិត​ ដើម្បីរកការព្យាបាល។ 

 

ចំណាំ៖ ជម្ងឺស្រែង មិនបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរនោះទេ តែការទុកឱ្យជម្ងឺនេះយូរដោយមិនព្រមរកវិធីព្យាបាលមិនមែនជាដំណោះស្រាយល្អនោះទេ៕ 

 

- កែសម្រួលៈ សុខក្រម-Sokhakrom

- ដកស្រង់ពីៈ សុខភាពប្រចាំថ្ងៃ