សុខភាព៖ ការស្រាវជ្រាវបានឱ្យដឹងថា របបអាហារ និងការឈានចូលដល់វ័យជំទង់ គឺជាកត្តាប្រឈមមួយដ៏ខ្លាំងដែលបណ្ដាលឱ្យជាតិខ្លាញ់កើនឡើង។ ជាតិខ្លាញ់ទាំងនោះ នឹងបង្កទៅជាមុនមានខ្ទុះ ប្រសិនបើវាបញ្ចេញមកតាមរន្ធស្បែកមានការកកស្ទះ។
ខាងក្រោមនេះជាហេតុផលដែលស្បែកឡើងជាតិខ្លាញ់ ហើយបង្កទៅជាមុន៖
១- ទទួលទានអាហារជាតិខ្លាញ់ច្រើន និងជាតិផ្អែមច្រើន វានឹងបន្ថែមជាតិខ្លាញ់នៅលើស្បែក ហើយបញ្ចេញតាមរយៈរន្ធស្បែក។ ក៏ប៉ុន្តែ បើមានការរាំងស្ទះដល់ការបញ្ចេញជាតិខ្លាញ់ទាំងនោះ វានឹងបង្កទៅជាខ្ទុះ និងបណ្ដុំបាក់តេរីបង្កឱ្យកើតមុន។ ត្រូវដឹងថា ជាតិស្ករក្នុងរាងកាយរបស់យើង បើមិនបានយកមកប្រើប្រាស់ទេ វានឹងក្លាយទៅជាខ្លាញ់។
២- មនុស្សឈានចូលដល់វ័យជំទង់ អរម៉ូនភេទមានការលូតលាស់ខ្លាំង ហើយអរម៉ូនបានភ្ញោចទៅក្រពេញខ្លាញ់នៅតាមស្បែក បណ្ដាលឱ្យក្រពេញនេះផលិតជាតិខ្លាញ់កាន់តែច្រើន។ ជាតិខ្លាញ់ដែលបញ្ចេញតាមស្បែកមានការរាំងស្ទះ ក៏បង្កទៅជាមុនតែម្ដង។
ទន្ទឹមនឹងនេះដែរ លោកអ្នកត្រូវដឹងផងដែរថា កត្តាដែលចូលរួមចំណែកធ្វើឱ្យកកស្ទះរន្ធស្បែកដែលបញ្ចេញជាតិខ្លាញ់ចេញមកក្រៅនោះ គឺកង្វះអនាម័យស្បែកមុខរបស់អ្នក ដូចជាការយកដៃកខ្វក់ទៅស្ទាបអង្អែល ឬប៉ះផ្ទៃមុខ និងបណ្ដោយឱ្យធូលីនៅជាប់លើផ្ទៃមុខក្នុងរយៈពេលយូរម៉ោង។ ធូលីកខ្វក់ នឹងបិតរន្ធញើសបណ្ដាលឱ្យជាតិខ្លាញ់បញ្ចេញមកមានការរាំងស្ទះ ហើយកកក្នុងស្បែក រួមទាំងប្រមូលផ្ដុំបាក់តេរីជាច្រើនបង្កឱ្យកើតមុខខ្ទុះតែម្ដង។
ចំណាំ៖ ជាតិខ្លាញ់ជាមូលហេតុចម្បងមួយដែលធ្វើឱ្យផ្ទៃមុខកើតមុន។ ដូច្នេះ លោកអ្នកគួរតែយកចិត្តទុកដាក់ក្នុងរបបអាហារ អនាម័យផ្ទៃមុខ និងរកវិធីសាស្រ្តថែរក្សាស្បែក និងផ្ទៃមុខរបស់អ្នកឱ្យបានល្អតាមដែលអាចធ្វើទៅបាន៕
- ស្រាវជ្រាវ និងកែសម្រួលដោយ៖ សុខក្រម - Sokhakrom
- ប្រភព៖ ព័ត៌មានក្នុងស្រុក និងបរទេស