(+855) 11 909 020 / 69 909 011

របបអាហារផ្ទុកជាតិកាល់ស្យូម ដែក និងកាកសរសៃគឺសំខាន់ណាស់សម្រាប់ក្មេងអាយុក្រោម ១០ ឆ្នាំ

សុខភាព៖ របបអាហារពិតជាសំខាន់ណាស់សម្រាប់ក្មេង។ របបអាហារដែលល្អបំផុតសម្រាប់ការលូតលាស់របស់ក្មេងអាយុក្រោម ១០ ឆ្នាំ​ គឺត្រូវតែសម្បូរទៅដោយជាតិ កាល់ស្យូម ជាតិ​ដែក និង​ជាតិកាក​សរសៃ។

 

ខាងក្រោមនេះជាការបញ្ជាក់ជូនអំពីអត្ថប្រយោជន៍នៃអាហារផ្ទុកសារជាតិកាល់ស្យូម ជាតិ​ដែក និង​ជាតិកាក​សរសៃ ចំពោះក្មេងអាយុក្រោម ១០ ឆ្នាំ។  

 

១- ជាតិកាលស្យូម 

 

ជាតិកាលស្យូម ពិតជាសំខាន់ខ្លាំងណាស់ក្នុងការបណ្ដុះកោសិកាឆ្អឹង ពង្រឹងឆ្អឹងឱ្យរឹងមាំ នឹងជំនួយដល់ការលូតលាស់ឆ្អឹងរបស់ក្មេង។ ក្នុងរបបអាហារប្រចាំថ្ងៃនៃក្មេងអាយុក្រោម ១០ ឆ្នាំ ត្រូវការទទួលទានជាតិកាលស្យូម ១៣០០ ម​.​ក។ អាហារដែលផ្ទុកជាតិកាលស្យូមមានដូចជា ទឹកដោះគោ និង​ផលិតផល​ធ្វើពី​ទឹកដោះគោដែលមានជាតិ​ខ្លាញ់​ទាប ឬ​គ្មាន​ជាតិ​ខ្លាញ់ (បើមិនចង់ធាត់ ញ៉ាំទឹកដោះគោប្រភេទនេះ) ប៊័រ​រឹង យ៉ា​អួ និង​ទឹកដោះគោ​ស្រស់ជាដើម​។ ជាមួយគ្នានេះ អាហារដែលផ្ទុកសារធាតុកាលស្យូមខ្ពស់ មាននៅក្នុងបន្លែ​ពណ៌​បៃតង​ ​ត្រី​ល្អិតៗ​បំពង ឬ​ត្រីខកំប៉ុង និង​ត្រី​សាល​ម៉ន​។ បន្ថែមពីលើនេះ ការហាត់ប្រាណដោយការរត់​ត្រឹកៗ ការដើរ ការ​ហែល​ទឹក ក៏​ធ្វើ​ឲ្យ​ឆ្អឹង​រឹងមាំដែរ​។​

 

២- ជាតិដែក 

 

ជាតិដែក គឺពិតជាសំខាន់ណាស់ក្នុងការចូលរួមផលិតឈាមក្រហម ដើម្បីទប់ទល់អាការស្លេកស្លាំង និងដឹកនាំអុកស៊ីហ្សែនក្នុងរាយកាយ, ធ្វើឱ្យសាច់ដុំរឹងមាំ ពង្រឹងសុខភាពផ្លូវចិត្ត និងបង្កើនថាមពលដល់ក្មេង។ ក្នុងរបបអាហារប្រចាំថ្ងៃសម្រាប់ក្មេងដែលមានអាយុក្រោម ១០ ឆ្នាំ ត្រូវការទទួលទានជាតិដែក ១០-១៥ ម​.​ក្រ។ អាហារមានជាតិដែកខ្ពស់ គឺ​សាច់គោ សាច់ជ្រូក សាច់មាន់ ថ្លើម ឈាមជ្រូក ឈាមមាន់ ត្រី​ធូ​ណា បង្គា សណ្តែក​ផ្សេងៗ និង​ផ្លែឈើ​ក្រៀមជាដើម។ ក្នុងករណីរកឃើញថាក្មេងអាយុក្រោម ១០ ឆ្នាំខ្វះជាតិដែក សូមប្រញាប់មកពិគ្រោះជាមួយគ្រូពេទ្យជំនាញ ចៀសវាងការប្រើប្រាស់ថ្នាំជាតិដែកដោយគ្មានវេជ្ជបញ្ជា ព្រោះវាអាចបង្កជាគ្រោះថ្នាក់ដល់សុខភាពក្មេង។ 

 

៣- ជាតិកាកសរសៃ 

 

ជាតិកាកសរសៃ (Fiber) ជាសារជាតិមួយជួយបង្កើនសុខភាពពោះវៀន ជំនួយដល់ការរំលាយអាហហាររបស់កុមារ។ របបអាហារក្នុងមួយថ្ងៃ ត្រូវការកាកសរសៃ៤+៥=៩ ក្រាម។ អាហារដែលផ្ទុកជាតិកាកសរសៃខ្ពស់ មានដូចជា ​បន្លែ ផ្លែឈើ ជាប្រចាំ រហូត​ក្លាយជា​ទម្លាប់ ដោយ​បរិមាណ​កាក​សរសៃអង្ករ អា​វ័ន ធញ្ញជាតិ​ជ្សេ​ងៗ ដូចជា សណ្តែកក្រហម សណ្តែកខ្មៅ និង​សណ្តែកខៀវ។

 

ចំណាំ៖ មាតាបិតា និងអាណាព្យាបាលទាំងអស់ គួរតែចម្អិនអាហារដែលផ្ទុកសារជាតិទាំង ៣ ខាងលើនេះ ឱ្យក្មេងក្នុងបន្ទុកគ្រួសាររបស់ខ្លួនទទួលទានឱ្យបានច្រើន ដើម្បីជំនួយដល់ការលូតលាស់របស់ពួកគេទាំងរាងកាយ និងសតិអារម្មណ៍៕  

 

-ស្រាវជ្រាវ និងកែសម្រួលដោយៈ សុខក្រម-Sokhakrom 

-ប្រភពៈ ព័ត៌មានក្នុងស្រុក និងបរទេស