សុខភាព៖ គ្រាប់ឈាមក្រហម ឬអេម៉ូក្លូប៊ីន មានតួនាទីយ៉ាងសំខាន់ ក្នុងការដឹកនាំអុកស៊ីហ្សែនទៅកាន់សរីរាងនានា ដើម្បីរក្សាតុល្យភាពនៃរាងកាយ។
ការបាត់បង់គ្រាប់ឈាមក្រហម ឬកង្វះឈាមក្រហមក្នុងរាងកាយនឹងធ្វើឱ្យយើងមានជម្ងឺស្លេកស្លាំង និងមានអាការចុះខ្សោយកម្លាំង ខ្សោយស្មារតី ញ័រដើមទ្រូង ដកដង្ហើមដង្ហក់ៗ ជម្ងឺផ្លូវចិត្ត និងប្រឈមបញ្ហាធ្ងន់ធ្ងរជាច្រើនទៀត។
មានកត្តាជាច្រើនដែលធ្វើឱ្យរាងកាយបាត់បង់គ្រាប់ឈាមក្រហម ហើយខាងក្រោមនេះជាមូលហេតុ ៧ យ៉ាង ដែលធ្វើឱ្យរាយកាយបាត់បង់គ្រាប់ឈាមក្រហម ឬធ្វើឱ្យយើងប្រឈមបញ្ហាកង្វះគ្រាប់ឈាមក្រហម៖
១- ក្នុងរបបអាហារខ្វះសារធាតុជំនួយដល់កោសិកាខួរឆ្អឹងក្នុងការផលិតគ្រាប់ឈាមក្រហម។
២- ការហូរឈាមច្រើនពេកដែលបណ្តាលមកពីមូលហេតុផ្សេងៗ ដូចជារងរបួស...។
៣- កើតជម្ងឺគ្រាប់ឈាមក្រហម (Hemoglobinopathy) ធ្វើអោយគ្រាប់ឈាមមិនមានគុណភាព និងងាយបែកខូច។
៤- ការរលាកផ្សេងៗ ដោយសារបាក់តេរី វីរុស ប៉ារ៉ាស៊ីត រឺ ពពួកផ្សឹត។
៥- ចំពោះស្ត្រីអាចបណ្តាលមកពីវិបត្តិអ័រម៉ូន ដែលធ្វើអោយមានការធ្លាក់ឈាមរដូវច្រើន និងយូរខុសពីប្រក្រតី។
៦- ស្ត្រីមានគភ៌។
៧- កើតជម្ងឺមួយចំនួនដែលរារាំងដល់ការផលិតគ្រាប់ឈាមក្រហម ដូចជាជម្ងឺខ្សោយតម្រងនោម ជម្ងឺក្រពេញអ័រម៉ូនទីរ៉ូអ៊ីដ ជម្ងឺខ្សោយខួរឆ្អឹង ជម្ងឺមហារីកគ្រាប់ឈាម និងជម្ងឺមហារីកផ្សេងៗទៀត។
ចំណាំ៖ ប្រសិនបើសុខភាពរបស់អ្នកមិនបានកើតជម្ងឺណាមួយ ដែលរារាំងដល់ការផលិតគ្រាប់ឈាមក្រហមនោះទេ កត្តាសំខាន់ដែលធ្វើឱ្យរាងកាយបាត់បង់គ្រាប់ឈាមក្រហមនោះ គឺកង្វះអាហាររូបត្ថម្ភនូវវីតាមីនB12 និងជាតិដែក៕
-ស្រាវជ្រាវ និងកែសម្រួលដោយៈ សុខក្រម-Sokhakrom
-ប្រភពៈ ព័ត៌មានក្នុងស្រុក និងបរទេស