សុខភាព៖ ផ្លែស្វាយ គឺជាផ្លែឈើមួយប្រភេទដែលមានពូជច្រើនប្រភេទខុសៗគ្នា និងមានរសជាតិផ្អែម ជូរអែម និងជូរអាស្រ័យលើពូជស្វាយនីមួយៗ។
តែទោះជាយ៉ាងនេះក្ដី មិនទាន់មានការស្រាវជ្រាវណាមួយបង្ហាញពីអត្ថប្រយោជន៍នៃពូជផ្លែស្វាយនីមួយៗឡើយ គឺគ្រាន់តែឱ្យដឹងថា ផ្លែស្វាយទុំផ្ទុកនូវសារធាតុរ៉ែបំប៉ន និងវីតាមីនជាច្រើន ដែលផ្ដល់អត្ថប្រយោជន៍ចំពោះសុខភាពយ៉ាងសម្បូរបែប។
ខាងក្រោមនេះជាអត្ថប្រយោជន៍ទាំង ១២ យ៉ាងនៃផ្លែស្វាយចំពោះសុខភាព៖
១- ផ្ទុកវីតាមីន C ជួយបន្ថែមអាហារូបត្ថម្ភដល់រាងកាយ បង្កើនថាមពល និងបង្កើនប្រសិទ្ធភាពប្រព័ន្ធមុខងារនៃរាងកាយ។
២- ផ្ទុកវីតាមីន A និង C និងសារធាតុ Carotenoids ជួយពង្រឹងប្រព័ន្ធភាពស៊ាំប្រឆាំងជម្ងឺផ្សេងៗ។ វីតាមីន A ក៏ចូលរួមក្នុងបង្កើនសុខភាពភ្នែក ព្រមទាំងបង្ការភ្នែកពីជម្ងឺខ្វាក់មាន់ និងភ្នែកស្ងួតផងដែរ។
៣- ផ្លែស្វាយផ្ទុកនូវសារធាតុដែលអាចជួយបង្កើនចំណង់ និងបង្កើនកម្លាំងផ្លូវភេទដល់ដៃគូ។
៤- ជួយរក្សារកម្រិតធម្មតានៃអាំងស៊ុយលីនក្នុងឈាម ដើម្បីកាត់បន្ថយបញ្ហាប្រឈមជម្ងឺទឹកនោមផ្អែម។
៥- ផ្ទុកជាតិកាកសរសៃ វីតាមីន និងសារធាតុប៉ូតាស្យូម ដែលជួយការពារពីហានិភ័យដាច់សរសៃឈាមបេះដូង។
៦- ផ្ទុកសមាសធាតុ astragalin , quercetin,isoquercitrin,methylgallat,fisetin និងអាស៊ីត Gallic ដែលអាចជួយការពារ និងកាត់បន្ថយអត្រាប្រឈមជម្ងឺមហារីកមួយចំនួន ដូចជា មហារីកពោះវៀន មហារីកដោះ និងមហារីកប្រូស្តាតជាដើម។
៧- ផ្ទុកវីតាមីន B6 ដែលជាវីតាមីនបំប៉ន និងជំនួយដល់ប្រព័ន្ធសរសៃប្រសាទ ដើម្បីដល់ប្រព័ន្ធមុខងារផ្សេងៗនៃខួរក្បាល។
៨- ផ្ទុកសារធាតុប្រឆាំងអុកស៊ីដកម្ម ដែលអាចជួយបណ្ដេញជាតិពុលចេញពីថ្លើម។
៩- ផ្ទុកនូវសារធាតុសរសៃ និង Pectin ដែលជួយកម្ចាត់ជាតិខ្លាញ់កូឡេស្តេរ៉ូលអាក្រក់។
១០- បន្ថយហានិភ័យលើសឈាម តាមរយៈសមាសធាតុប៉ូតាស្យូមដែលមានក្នុងផ្លែស្វាយទុំ។
១១- ដោយសារតែវីតាមីន A និងC មានច្រើនក្នុងផ្លែស្វាយ ជាហេតុជំនួយដល់សុខភាពស្បែក ក្នុងការជម្រុញឱ្យស្បែកសភ្លឺរលោង និងបន្ថយភាពជ្រីវជ្រួញ និងស្បែកចាស់មុនវ័យ។
១២- ផ្ទុកសារជាតិ Selenium កាល់ស្យូម ជាតិដែក និងផូស្វ័រ ដែលផ្ដល់អត្ថប្រយោជន៍ចំពោះសុខភាពឆ្អឹង បង្កើនសុខភាពគ្រាប់ឈាម និងបង្កើនថាមពលដល់រាងកាយជាដើម។
ចំណាំ៖ ស្ត្រីអស់រដូវ និងស្ត្រីមានផ្ទៃពោះ អាចទទួលទានផ្លែស្វាយ ដើម្បីបង្កើនជាតិដែក និងកាលស្យូមក្នុងរាងកាយ៕
- ស្រាវជ្រាវ និងកែសម្រួលដោយ៖ សុខក្រម-Sokhakrom
- ប្រភព៖ ព័ត៌មានក្នុងស្រុក