សុខភាព៖ ការស្រាវជ្រាវបានឱ្យដឹងថា ចំណីអាហារដែលយើងបរិភោគរាល់ថ្ងៃ គឺផ្ទុកនូវសារធាតុ ៣ យ៉ាងសំខាន់ៗដែលជាអត្ថប្រយោជន៍ចំពោះសុខភាពដូចជា ផ្ដល់ថាមពល បង្កើនការលូតលាស់ដល់សរីរាង្គ និងការពារសុខភាពពីជម្ងឺ។
តែទន្ទឹមនឹងនេះដែរ អាហារទាំងអស់គឺផ្ដល់អត្ថប្រយោជន៍ចំពោះសុខភាពមិនដូចគ្នានោះទេ ដោយវាអាស្រ័យទៅលើប្រភេទនៃអាហារ និងសារជាតិដែលមានផ្ទុកក្នុងអាហារនោះ។
ខាងក្រោមនេះជាអាហារទាំង ៣ ក្រុម និងប្រភេទអាហារក្នុងក្រុមអាហារនីមួយៗ៖
១. អាហារថាមពល (ផ្ដល់កម្លាំង និង ចំហេះ)៖
- មានក្នុងអាហារអាហារដែលមានរសជាតិផ្អែមដូចជា ស្ករ ដោយមិនថាស្ករអ្វីនោះទេ ដូចជាស្ករអំពៅ ស្ករត្នោត ឬទឹកឃ្មុំ ។ អាហារប្រភេទម្សៅមានដូចជានំប៉័ង នំបញ្ចុកជាដើម។ អាហារប្រភេទខ្លាញ់ និងប្រេងរុក្ខជាតិគ្រប់ប្រភេទទាំងអស់ ដូចជា ប្រេងសណ្ដែក ប្រេងដូង និងខ្លាញ់ត្រីជាដើម។
២. អាហារស្ថាបនា (ផ្ដល់ការលូតលាស់នៃរាងកាយ)៖
- មានក្នុងត្រីគ្រប់ប្រភេទ (មិនថាជាត្រីតូច ត្រីធំ), ស៊ុតបក្សី សាច់សត្វគ្រប់ប្រភេទ, និងសណ្ដែកគ្រប់មុខដូចជាសណ្ដែកដី សណ្ដែកសៀង ឬ សណ្ដែកបាយជាដើម។
៣. អាហារការពារ (ផ្ដល់រាងកាយពីជម្ងឺ)៖
- មានក្នុង បន្លែ និងផ្លែឈើ (ប្រភេទបន្លែពណ៌បៃតង និងផ្លែឈើដែលមានពណ៌បៃតង និងលឿងទុំ)។
ដូច្នេះ យើងបរិភោគអាហាររាល់ថ្ងៃ គឺដើម្បីបង្កើនថាមពលដល់រាងកាយ បង្កើនការលូតលាស់ដល់សរីរាង្គ និងបង្កើនភាពរឹងមាំដល់សុខភាពក្នុងការការពារពីជម្ងឺផ្សេងៗ។
ចំណាំ៖ ថ្វីត្បិតតែអាហារផ្ដល់អត្ថប្រយោជន៍ចំពោះសុខភាពក៏ពិតមែន តែអ្នកក៏គួរតែជ្រើសរើសយកអាហារដែលត្រូវនឹងប្រភេទនៃសុខភាពរបស់អ្នក (អាហារដែលអ្នកមិនតម មិនប្រតិកម្ម) ហើយមានអនាម័យ និងគុណភាពផងដែរ ទើបមិនប៉ះពាល់សុខភាព តែផ្ទុយទៅវិញ បើអ្នកបរិភោគអាហារដែលកង្វះអនាម័យ និងខូចគុណភាព ហើយជាអាហារដែលតម្រូវឱ្យអ្នកតម នោះសុខភាពរបស់អ្នកក៏ដុនដាប បង្កជាជម្ងឺ និងប្រតិកម្មចំណីអាហារទៅតាមនោះដែរ៕
- ស្រាវជ្រាវ និងកែសម្រួលដោយ៖ សុខក្រម-Sokhakrom
- ប្រភព៖ ព័ត៌មានក្នុងស្រុក និងបរទេស