(+855) 11 909 020 / 69 909 011

បើចង់ឱ្យសុខភាពល្អ មិនងាយឈឺ គួរធ្វើរឿងទាំង ៥ យ៉ាងនេះជារៀងរាល់ថ្ងៃ

សុខភាព៖ ការថែទាំសុខភាពគឺជារឿងចាំបាច់ណាស់សម្រាប់មនុស្សគ្រប់រូប ព្រោះវានឹងធ្វើឱ្យយើងមានសុខភាពល្អ និងមិនងាយឈឺ។  

បន្ថែមពីលើនេះដែរ ការថែទាំសុខភាពមិនមែនធ្វើឡើងតែនៅពេលដែលយើងឈឺ ឬកំពុងតែសម្រាកព្យាបាលនោះទេ តែផ្ទុកទៅវិញ យើងត្រូវយកចិត្តទុកដាក់ថែទាំសុខភាពជារៀងរាល់ថ្ងៃ។

ខាងក្រោមនេះជាដំបូន្មាន ៥ យ៉ាង ដែលងាយស្រួលធ្វើក្នុងការថែទាំសុខភាពប្រចាំថ្ងៃ៖

១. របបអាហារ

- សូមទទួលទានអាហារ ៣ ពេល (ព្រឹក ថ្ងៃ និងល្ងាច) ឱ្យបានទៀងទាត់ និងអាហារត្រូវមានផ្ទុកសារធាតុចិញ្ចឹមគ្រប់គ្រាន់ ទើបអាចជួយទ្រទ្រង់ និងបង្កើនថាមពលដល់រាងកាយ។ ជាពិសេសនោះសូមទទួលទានអាហារពេលព្រឹកឱ្យបានទៀងទាត់ ព្រោះវាជួយបង្កើនថាមពលដល់រាងកាយដើម្បីបំពេញសកម្មភាពពេញមួយថ្ងៃ និងជំនួយដល់ខួរក្បាលឱ្យមានភាពវ័យឆ្លាត និងចងចាំបានល្អផងដែរ បន្ថយហានិភ័យជម្ងឺភ្លេចភ្លាំងនៅពេលចាសជរា។ 

២. ផឹកទឹក 

- សូមផឹកទឹកឱ្យបានគ្រប់ ៨ កែវ ឬស្មើនឹង ២ លីត្រក្នុងមួយថ្ងៃ។ ជាតិទឹកគឺជាសារធាតុរាវចាំបាច់ដែលជួយទ្រទ្រង់សរីរាង្គនៃរាងកាយទាំងមូល ព្រមទាំងជួយកម្ចាត់ជាតិពុលចេញពីរាងកាយ បង្កើនសំណើមដល់ស្បែក ជំនួយដល់ចរន្តឈាមរត់ទៅកាន់ខួរក្បាល ធ្វើឱ្យរាងកាយស្រូបយកជីវជាតិបានល្អពីអាហារដែលយើងទទួលទាន និងរក្សាតុល្យភាពនៃប្រព័ន្ធទឹករងៃដែលជួយសម្រួលដល់រាងកាយបញ្ចេញនូវសកម្មភាព និងចូលរួមក្នុងការប្រឆាំងជម្ងឺផ្សេងៗ។ បន្ថែមពីលើនេះដែរ ការផឹកទឹកឱ្យបានគ្រប់គ្រាន់ ត្រូវបានឱ្យដឹងថា ជួយដុតជាតិខ្លាញ់ក្នុងរាងកាយផងដែរ។ សូមបញ្ជាក់ថា ក្នុងករណីដែលអ្នកពុំទម្លាប់ផឹកទឹកច្រើនក្នុងមួយថ្ងៃ សូមព្យាយាមផឹកម្ដងបន្តិចៗរហូតគ្រប់ ៨ កែវក្នុងមួយថ្ងៃ ដោយមិនចាំបាច់ផឹកបង្ខំឡើយ។ 

៣. ការហាត់ប្រាណ 

- សូមធ្វើលំហាត់ប្រាណឱ្យបាន ១៥ នាទី, ៣០ នាទី ឬ ១ ម៉ោងក្នុងមួយថ្ងៃ ដើម្បីបញ្ចេញជាតិពុលតាមរយៈញើស និងជួយធ្វើឱ្យរាងកាយ និងសាច់ដុំរឹងមាំ ព្រមទាំងធ្វើឱ្យរាងកាយមានភាពសកម្មរហ័សរហួនផងដែរ។ លោកអ្នកអាចជ្រើសរើសយកការធ្វើលំហាត់ប្រាណងាយៗដូចជា ដើរយឺតៗ ឬដើរលឿន (ការដើរលឿនដុតខ្លាញ់បានច្រើនជាការដើរយឺត) ឬអាចឆ្លៀតធ្វើការហាត់ប្រាណដោយខ្លួនឯង ឬអាចជ្រើសរើសការហែលទឹក ឬធ្វើលំហាត់ប្រាណនៅតាមក្លឹបហាត់ប្រាណជាដើម។    

៤- បន្ថយ និងកម្ចាត់ភាពតានតឹង (ស្រ្តេស) 

- ជារៀងរាល់ថ្ងៃយើងបានចំណាយថាមពលរាងកាយ និងថាមពលខួរក្បាលទៅលើការសិក្សា ឬការងារ ដែលជាហេតុធ្វើឱ្យយើងគ្រប់គ្នាមានភាពតានតឹងក្នុងអារម្មណ៍ (ស្រ្តេស) ដោយសារតែភាពនឿយហត់។ ភាពនឿយហត់ និងតានតឹងក្នុងអារម្មណ៍ បានជះឥទ្ធិពលអាក្រក់ទៅលើសុខភាពផ្លូវចិត្តរបស់យើង និងរឹតតែអាក្រក់ចំពោះដែលមានជម្ងឺ (ធ្វើឱ្យអ្នកជម្ងឺមានអារម្មណ៍កាន់តែធុញថប់ បណ្ដាលឱ្យជម្ងឺកាន់តែធ្ងន់ធ្ងរ)។ ដូច្នេះអ្នកគួរតែរកវិធី ឬមធ្យោបាយណាមួយបន្ថយ​និងកម្ចាត់ភាពតានតឹងចេញពីអារម្មណ៍ ដើម្បីធ្វើឱ្យខ្លួនឯងមានអារម្មណ៍ថាធូរស្រាល និងអារម្មណ៍ល្អឡើងវិញ។ អារម្មណ៍ល្អ គឺជាផ្នែកមួយដ៏សំខាន់នៃសុខភាពផ្លូវចិត្ត។

៥. ពិនិត្យសុខភាព

- ការតាមដាន និងពិនិត្យសុខភាពនៅតាមមណ្ឌលសុខភាពឱ្យបានទៀងទាត់ និងតាមពេលកំណត់ គឺអាចឱ្យយើងដឹងពីស្ថានភាពសុខភាពរបស់យើង និងអាចរកវិធីបង្ការខ្លួនឯងពីជំងឺ និងអាចព្យាបាលជម្ងឺបានទាន់ពេលវេលា។ សូមកុំស្ដាយថវិការដែលចំណាយទៅលើការពិនិត្យសុខភាព ព្រោះថាបើអ្នកឈឺវិញនោះអ្នកនឹងត្រូវចំណាយថវិការច្រើនជាងនេះទៅទៀតដើម្បីព្យាបាលជំងឺ៕ 

 

- កែសម្រួល និងស្រាវជ្រាវដោយ៖ សុខក្រម-Sokhakrom